ភ្នំពេញៈ ធនបត្រប្រភេទ ១៥ ០០០រៀល ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសថា ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ ២០១៩ ក្នុងសន្និសីទការបោះពុម្ពធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ីលើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។ នេះបើយោងតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែមេសា។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានដកស្រង់សំដីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការសម្រេចផ្តល់ពាននេះគឺដោយសារបច្ចេកទេសនៃការផលិតក្នុងស្រុករបស់ធនាគារជាតិនៃកម្ពុជាមានលក្ខណៈទំនើបកម្រិតខ្ពស់ និងសុវត្ថិភាព។
ប្រភពដដែលបន្តថា បច្ចេកទេសនេះមានការរួមបញ្ចូលនូវសិល្បៈនៃការរចនា និងបច្ចេកវិទ្យា ដែលបានឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ក្នុងប្រទេស តាមរយៈការរចនារំលេចនូវនិមិត្តសញ្ញាលើធនបត្រចំពោះជាតិ ពិសេស មានបច្ចេកវិទ្យាខ្ពស់ក្នុងការការពារការក្លែងបន្លំ។
ប្រភពដដែលឱ្យដឹងទៀតថា៖ «ពានរង្វាន់ប្រភេទនេះ មិនត្រូវបានធ្វើជារៀងរាល់ឆ្នាំទេ គឺធ្វើឡើងនៅពេលដែលមានវត្តមានធនបត្រដែលមានលក្ខណសម្បត្តិស័ក្តិសម ប្រកបដោយគុណភាព និងបច្ចេកទេសតែប៉ុណ្ណោះ»។
លោក ជា ចាន់តូ ត្រូវបានស្រង់សំដីថា បន្ទាប់ពីមានការបើកប្រទេស និងការសម្រួលលក្ខខណ្ឌការធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២២ លោក Antonio Cesario Ricdo អនុប្រធានក្រុមហ៊ុន Landqart AG នៃប្រទេសស៊្វីស បានមកទស្សនកិច្ចនៅកម្ពុជា និងបានប្រគល់ពានរង្វាន់នេះមកធនាគារជាតិនៃកម្ពុជា ក្នុងនាមស្ថាប័នអន្តរជាតិ Reconnaisance៕