ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឱ្យប្រជាពលរដ្ឋ ក្នុងខេត្តចំនួន៤ ធ្វើការសម្រេចចិត្តដោយខ្លួនឯង ថាតើគួរពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ដែលខេត្តទាំងនោះរួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ។
លោក ហ៊ុន សែន បានប្រកាសដូចនេះ តាមរយៈសារជាសំឡេងពិសេស នាល្ងាចថ្ងៃទី១០ ខែមេសានេះ ដោយលោកបានពន្យល់ថា ប្រជាពលរដ្ឋក្នុងខេត្តទាំង៤នេះ មិនតម្រូវឱ្យត្រូវតែពាក់ម៉ាស់នោះទេ ប៉ុន្តែទុកលទ្ធភាព ឱ្យប្រជាជនសម្រេចចិត្តដោយខ្លួនឯង ថាតើគួរពាក់ម៉ាស់ ឬមិនគួរពាក់នៅក្នុងខេត្តទាំង៤នេះ។
លោកបានថ្លែងថា៖«ធ្វើដូចនេះ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើង ធ្វើការទទួលខុសត្រូវដោយខ្លួនឯង ដោយមិនបង្ខំឱ្យពាក់ម៉ាស់ ឬក៏មិនពាក់ម៉ាស់នោះទេ គឺទុកឱ្យពលរដ្ឋជ្រើសរើសខ្លួនឯង»។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកដែលចេញពីខេត្តទាំង៤នេះ ចូលទៅកាន់ខេត្តផ្សេង គឺត្រូវតែពាក់ម៉ាស់ ហើយអ្នកដែលមកពីខេត្តផ្សេង ចូលក្នុងខេត្តទាំង៤នេះ ក៏អាចសម្រេចចិត្តបានដោយខ្លួនឯងផងដែរ ថាតើពាក់ឬមិនពាក់ម៉ាស់ ដោយលោកទុកសិទ្ធិឱ្យបុគ្គលនោះជាអ្នសម្រេច។
លោកមានប្រសាសន៍ទៀតថា៖«ខ្ញុំសុំបញ្ជាក់ថា ក្រោយការចាកចេញពីខេត្តទាំង៤នេះ គឺត្រូវតែពាក់ម៉ាស់ជាកាតព្វកិច្ចដែលស្ថិតនៅក្នុងវិធានការសុខាភិបាល៣ការពារ និង៣កុំ»៕
វីដេអូ៖