ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំជាមួយគណបក្សនយោបាយទាំង ១៧ នៅថ្ងៃទី ១១ ខែមេសា នេះដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ មេសាថា គណបក្សនយោបាយទាំង ១៧ ដែលបានចុះបញ្ជីបេក្ខជនគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលចូលរួមប្រជុំនៅពេលនេះ នឹងផ្តោតសំខាន់ទៅលើកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន តាមកម្មវិធីស្មើភាពរបស់ គ.ជ.ប ។ លោកថ្លែងថា៖ «យើងមានព្រឹត្តិបត្តិ គោលនយោបាយរបស់គណបក្សយើងមានកម្មវិធីផ្សាយគោលនយោបាយនៅក្នុងវិទ្យុ និងទូរទស្សន៍រដ្ឋ ដែលមានការបែងចែកម៉ោងពេលគ្នាទៅតាមការចាប់ឆ្នោតរបស់គណបក្សនយោបាយ»។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ មេសា ថា គណបក្ស ក៏បានចាត់មន្ត្រី ១ រូប ដើម្បីចូលរួមកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនេះដែរ។ លោកថ្លែងថា៖ «កិច្ចប្រជុំនេះគឺមានអត្ថប្រយោជន៍សម្រាប់គណបក្សនយោបាយឱ្យយល់ច្បាស់នៃក្រឹត្យក្រម ទាំងអង្គអ្នកបោះឆ្នោត និង គោលនយោបាយរបស់គណបក្ស ដែលនឹងត្រូវផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គម ឬ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
ចំណែកលោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិថ្លែងថា កិច្ចការនេះ គ.ជ.ប បន្តនីតិវិធីរបស់ខ្លួន សម្រាប់ការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនីមួយៗ ដើម្បីឱ្យអ្នកបោះឆ្នោត ពិចារណា និងមានសិទ្ធិសម្រេចក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួននៅតាមឃុំ សង្កាត់ដែលខ្លួនរស់នៅ ដែលកិច្ចការនេះ គឺជាកិច្ចការដ៏ល្អមួយរបស់ គ.ជ.ប។
លោកបន្តថា តំណាងគណបក្សរបស់លោកក៏ចូលរួមកិច្ចប្រជុំនេះដែរ ដើម្បីទទួលការណែនាំផ្សេងៗ ពី គ.ជ.ប សម្រាប់ត្រៀមផលិតគោលនយោបាយឱ្យទៅ គ.ជ.ប ដើម្បីធ្វើការផ្សព្វផ្សាយដល់អ្នកបោះឆ្នោតនៅទូទាំងប្រទេសសម្រាប់ធ្វើការពិចារណា និងជ្រើសរើសតំណាងរបស់ខ្លួន នៅពេលបោះឆ្នោតខាងមុខ។ លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងគោលនយោបាយ យើងមើលជាបទពិសោធកន្លងមក គ.ជ.ប បានបែងចែងកម្មវិធីផ្សាយនៃគោលនយោបាយរបស់គណបក្សនីមួយៗឱ្យមានពេលវេលាស្មើៗគ្នា ពាក់ព័ន្ធទៅនឹងការផ្សាយរបស់ គ.ជ.ប ប៉ុន្តែលើកនេះ ខ្ញុំអត់ទាន់ដឹងច្បាស់ទេ»។
បើតាមលោក សោម សូរីដា ជាមួយគ្នានេះ ថ្នាក់ដឹកនាំរបស់ គ.ជ.ប ក៏នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយនឹងថា្នក់ដឹកនាំរបស់គណបក្សភ្លើងទៀនផងដែរ។ ទោះបីជាយ៉ាងណា លោកមិនទាន់ដឹងថា ជំនួបនេះផ្តោតទៅលើអ្វីជាសំខាន់នោះទេ ប៉ុន្តែអាចនឹងពិភាក្សាគ្នាជុំវិញដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២៕