ភ្នំពេញៈ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន ៥៨ ដែលបានបោះឆ្នោតអនុបវាទលើសេចក្តីសម្រេចព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី ៧ ខែមេសា ខណៈដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញប្រកាសគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិបើកឱ្យមានការស៊ើបអង្កេតឯករាជ្យលើរាល់ការចោទប្រកាន់ថា មានអំពើឃោរឃៅប្រព្រឹត្តទៅលើជនស៊ីវិលស្លូតត្រង់ ដើម្បីចៀសវាងមានហេតុការណ៍នេះកើតឡើងជាថ្មីទៀត និងដើម្បីផ្តល់នូវយុត្តិធម៌។
នៅក្នុងបណ្តាប្រទេសអាស៊ានមានកម្ពុជា ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី និងថៃ បានបោះឆ្នោតអនុបវាទ ខណៈប្រទេសឡាវ និងវៀតណាមបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនេះ។ នៅក្នុងបណ្តាប្រទេសអាស៊ាននេះមានតែប្រទេសហ្វីលីពីន និងរដ្ឋាភិបាលមីយ៉ាន់ម៉ានិរទេស គឺ «រដ្ឋាភិបាលរួបរួមជាតិនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា» ប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រការព្យួរសមាជិកភាពរុស្ស៊ីនេះ។
អង្គការសហប្រជាជាតិថ្លែងថា ការបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ីនេះធ្វើឡើងបន្ទាប់ពីមានរូបភាពបានលេចចេញពីទីក្រុង Bucha នៃរដ្ឋធានីកៀវ (Kyiv) របស់អ៊ុយក្រែន កាលពីចុងសប្តាហ៍មុន ដោយបានបង្ហាញនូវសាកសពជនស៊ីវិលរាប់រយនាក់ដែលត្រូវបានគេរកឃើញនៅតាមដងផ្លូវ និងក្នុងផ្នូរដ៏ធំ បន្ទាប់ពីការដកទ័ពរបស់រុស្ស៊ីចេញពីតំបន់នោះ។
ថ្លែងនៅឯទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក កែ សុវណ្ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានពន្យល់ប្រាប់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៧ ខែមេសាថា ការព្យួរសមាជិកភាពរបស់រុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងមិនជួយដោះស្រាយជម្លោះនោះទេ ប៉ុន្តែនឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។
លោកថ្លែងថា៖ «បន្ទាប់ពីពេលវេលាដ៏ផុយស្រួយ សម្រាប់សន្តិភាព សន្តិសុខ និងស្ថិរភាពពិភពលោក ការចូលរួមរបស់រដ្ឋជាសមាជិកនៃស្ថាប័នពាក់ព័ន្ធទាំងអស់របស់អង្គការសហប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺមានសារៈសំខាន់ខ្លាំងណាស់»។
លោក កែ សុវណ្ណ បន្តថា៖ «ដំណោះស្រាយជម្លោះនៅអ៊ុយក្រែនត្រូវតែផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការចូលរួមការទូត និងការចរចាដោយភាគីពាក់ព័ន្ធគឺជាផ្លូវត្រឹមត្រូវដើម្បីផ្តោតលើការបញ្ចប់ការឈឺចាប់ដ៏ធំធេងរបស់មនុស្សជាតិ និងការសម្រេចបាននូវដំណោះស្រាយដែលមាននិរន្តរភាព និងដោយសន្តិវិធីនៅក្នុងប្រទេសអ៊ុយក្រែន»។ លោកថ្លែងថា នៅពេលនេះប្រទេសទាំងអស់គួរតែធ្វើការសាមគ្គីគ្នាជាជាងបង្កើតឱ្យមានការមិនទុកចិត្តគ្នា និងការបែកបាក់គ្នាក្នុងចំណោមសមាជិករបស់អង្គការសហប្រជាជាតិ។
លោកបន្តថា៖ «តាមរយៈការពន្យល់នេះ កម្ពុជាសូមធ្វើការបោះឆ្នោតអនុបវាទលើសេចក្តីសម្រេចនេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីពេលថ្មីៗនេះថា កម្ពុជាគឺប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយកម្ពុជានឹងប្រឆាំងជានិច្ចចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមប្រើកម្លាំងរបស់ប្រទេសធំមកលើប្រទេសតូច។
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមានសមាជិកចំនួន ៤៧ និងមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ អង្គការសហប្រជាជាតិបានថ្លែងថា ប្រទេសរុស្ស៊ីបានចូលជាសមាជិកក្នុងស្ថាប័នក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីខែមករា ឆ្នាំ ២០២១។
កាលពីថ្ងៃទី ៨ ខែមេសា រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញប្រកាសគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បើកឱ្យមានការស៊ើបអង្កេតឯករាជ្យលើរាល់ការចោទប្រកាន់ថា មានអំពើឃោរឃៅប្រព្រឹត្តទៅលើជនស៊ីវិលស្លូតត្រង់ រួមទាំងនៅទីក្រុងប៊ូចា (Bucha) ដើម្បីចៀសវាងមានហេតុការណ៍នេះកើតឡើងជាថ្មីទៀត និងដើម្បីផ្តល់នូវយុត្តិធម៌។
រដ្ឋមន្ត្រីទាំងអស់អំពាវនាវឱ្យមានការខិតខំប្រឹងប្រែងពេញទំហឹងពីគ្រប់ភាគី និងសហគមន៍អន្តរជាតិ ដើម្បីបញ្ចប់ និងបញ្ឈប់មិនឱ្យមានការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរឡើង ហើយរដ្ឋមន្ត្រីទាំងអស់បានប្តេជ្ញាចិត្តនឹងខិតខំជាអតិបរមា ដើម្បីកុំឱ្យជម្លោះរីករាលដាលដែលគ្មានបានផលអ្វីក្រៅតែពីការបន្តបង្ហូរឈាមគ្នា។
រដ្ឋមន្ត្រីទាំងអស់បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជាថា៖ «យើងសូមរំឭកឡើងវិញពីការអំពាវនាវរបស់យើង ឱ្យមានបទឈប់បាញ់ ឬការផ្អាកបាញ់គ្នាជាបន្ទាន់ និងការបន្តកិច្ចសន្ទនានយោបាយឱ្យបានទូលំទូលាយដែលនឹងនាំទៅរកសន្តិភាពជានិរន្តនៅអ៊ុយក្រែន»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១០ ខែមេសាថា ការដែលកម្ពុជាបោះឆ្នោតអនុបវាទនេះគឺជាជំហរឆ្លុះបញ្ចាំងទៅលើសច្ចភាពនៃហេតុការណ៍ ពីព្រោះការស៊ើបអង្កេតដែលមានលក្ខណៈឯករាជ្យ និងអព្យាក្រឹតមិនទាន់ត្រូវបានធ្វើឡើង។ ការរក្សាជំហរនេះ គឺជារឿងត្រឹមត្រូវ ប៉ុន្តែមិនចំណេញខាងនយោបាយជាមួយទាំងប្រទេសលោកខាងលិច និងរុស្ស៊ីនោះទេ។ វាគ្រាន់តែឈរនៅជ្រុងការពិតមួយ។ លោកថ្លែងថា៖ «វាត្រឹមត្រូវហើយសម្រាប់ការបញ្ជាក់ជំហរហ្នឹង វាខុសពីការបោះឆ្នោតកាលលើកមុន។ ការឆ្នោតលើកមុននោះគឺជាការបោះឆ្នោតប្រឆាំងជាមួយនឹងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ប្រទេស ១ ទៅលើប្រទេស ១ ទៀត»។
លោកបន្ថែមថា៖ «ដោយឡែក សារនេះ ការបោះឆ្នោតអនុបវាទនេះ ប្រសិនបើយើងមើលស្ថានភាពនៃអំពើហិង្សាដែលត្រូវបានលើកឡើងក្នុងយុត្តកម្មសម្រាប់ការព្យួរសមាជិកភាពរបស់រុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសន្តិសុខហ្នឹង គឺវាហាក់ដូចជាករណីមានលក្ខណៈនយោបាយបន្តិច ដោយសារការស៊ើបអង្កេតឯករាជ្យ មិនទាន់ត្រូវបានធ្វើឡើងដើម្បីឱ្យច្បាស់ថាតើ អំពើហិង្សានោះ វាពិតជាប្រព្រឹត្តឡើងដោយកងទ័ពរុស្ស៊ីឬបែបណា? ឬក៏អាចជាយុទ្ធសាស្ត្រស្វាស៊ីបាយលាបមាត់ពពែ គេចង់ទម្លាក់កំហុស គេចង់ធ្វើឱ្យរុស្ស៊ីកាន់តែឯកោ?»៕
វីដេអូ៖