ភ្នំពេញៈ ក្រសួងធម្មការ និងសាសនាបានចេញសារអបអរសាទរក្នុងឱកាសទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា ឆ្នាំ ២០២២ ដោយអះអាងថា ទិវានេះគឺជាការរំឭកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសារអបអរសាទរ ក្រសួងធម្មការ និងសាសនា ដែលភ្នំពេញប៉ុស្តិ៍ទទួលនៅថ្ងៃទី ៩ ខែមេសា បានឱ្យដឹងថា មានអ្នកគោរពព្រះពុទ្ធសាសនាទាំង ៤១ ប្រទេស តំណាងពុទ្ធសាសនិក ៥១០ លាននាក់ទូទាំងពិភពលោកបានធ្វើកិច្ចប្រជុំកំពូល ព្រះពុទ្ធសាសនាពិភពលោកលើកទី ៦ ក្រោមប្រធានបទ «សាមគ្គីភាព ព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក» កាលពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៤ នៅទីក្រុងកូបេ ប្រទេសជប៉ុន។
កិច្ចប្រជុំនេះបានកំណត់យកថ្ងៃទី ៨ ខែមេសា ជាទិវាពុទ្ធសាសនាអន្តរជាតិ និងថ្វាយព្រះរាជគោរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា «ព្រះស្រីលោកធម្មិករាជ»។ ចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបន្តថា ការប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសានេះ គឺរំឭកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានបំពេញចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធសាសនា ហើយទ្រង់បានរួមចំណែកជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធបច្ចេកទេស ទេពកោសល្យ វប្បធម៌ ចរិយាធម៌ បំផុសស្មារតី និងមនសិការដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវបព្វជិត យុវពុទ្ធសាសនិក ដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមការពារ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស។
ក្រសួងបានលើកឡើងថា៖ «ក្រសួងធម្មការ និងសាសនាសូមសម្តែងនូវការគោរពប្រណិប័តន៍ព្រះធម៌ជាពុទ្ធោវាទដ៏ពិសិដ្ឋ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ពុទ្ធបរិស័ទទូទៅ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងសកលលោក សន្តិភាពមនុស្សជាតិគ្រប់កាលៈទេសៈឱ្យមានព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខា និងសង្គហធម៌ ចំពោះមនុស្សគ្រប់រូប ដើម្បីទទួលបានពិភពលោកមួយប្រកបដោយភាពសុខដុមរមនា»។
ក្រសួងលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះពុទ្ធសាសនា ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ហើយព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា គ្មានសេចក្តីសុខណាប្រសើរជាងសេចក្តីស្ងប់ឡើយ។ លោកនាយករដ្ឋមន្ត្រីបានឱ្យតម្លៃដល់សន្តិភាពថា សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាព គឺជាអ្វីៗដែលស្រស់ស្រាយបំផុត សន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សជាតិគ្រប់រូប។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងធម្មការ និងសាសនា។
ក្រសួងបញ្ជាក់ទៀតថា៖ «តាងនាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា ទូលព្រះបង្គំសូមសម្តែងនូវស្វាមីភក្តិអបអរសាទរ និងរំឭកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមថ្លៃថ្លាថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ទទួលបាននូវព្រះគោរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ»។ ទន្ទឹមនឹងនេះ ក្រសួងធម្មការ និងសាសនាបានស្នើសុំព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធសាសនិកគ្រប់រូប ព្រះមេត្តា មេត្តា ផ្សព្វផ្សាយទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសានេះ ឱ្យបានទូលំទូលាយ និងសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ រៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក នៅតាមទីសក្ការៈ វត្តអារាម។
លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ថ្លែងនៅថ្ងៃទី ១០ ខែមេសាថា ក្នុងទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសានេះលោកបានចាត់ចែងឱ្យមានការផ្សព្វផ្សាយដោយមានការលើកជាបដាពាក្យស្លោកផ្សេងៗ ដើម្បីក្រើនរំឭកឱ្យប្រជាពលរដ្ឋ បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះករុណាព្រះបាទ នរោត្តមសីហមុនីក្នុងការចូលរួមលើកកម្ពស់ព្រះពុទ្ធសាសនាពីកម្ពុជាទៅក្នុងឆាកអន្តរជាតិ។ លោកថ្លែងថា៖ «យើងបានធ្វើទៅតាមការដែលក្រសួងណែនាំ ហើយខាងខេត្តតាកែវ គឺយើងបានធ្វើការផ្សព្វផ្សាយដោយលើកបដាផ្សេងៗដាក់តាំងទៅតាមភាពជាក់ស្តែងនៅតាមបណ្តាវត្ត»។ «ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះរាជនាម និងព្រះរាជកិត្តិយសដ៏មហស្ចារ្យបំផុត»៕