ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចាប់ឆ្នោតកំណត់លំដាប់លេខរៀង ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សទាំង ១៧ ដើម្បីផ្សព្វផ្សាយជូនសាធារណជន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ពីថ្ងៃទី ២១ ឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ គជប ក៏បានទទួលជួបពិភាក្សាដាច់ដោយឡែកលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ជាមួយគណបក្សភ្លើងទៀនផងដែរ។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គជប ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ នៅក្រោយកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយនៅថ្ងៃទី ១១ ខែមេសាថា ការចាប់ឆ្នោតនៅពេលនេះ គឺ គជប បានអញ្ជើញគ្រប់គណបក្សទាំង ១៧ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដើម្បីចូលរួមចាប់ឆ្នោតសម្រាប់កម្មវិធីផ្សព្វផ្សាយស្មើភាពរបស់ គជប នៅស្ថានីយវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា និងផ្សព្វផ្សាយតាមព្រឹត្តិបត្រ និងគេហទំព័ររបស់ គជប។
លោកបន្តថា កម្មវិធីស្មើភាពរបស់ គជប ឬកម្មវិធីតុមូល គឺគណបក្សទាំងអស់បានចាប់ឆ្នោត នឹងបានទៅថតនៅស្ទូឌីយោរបស់ទូរទស្សន៍ជាតិកម្ពុជា ដើម្បីយកខ្លឹមសារទាំងអស់នោះ យកមកធ្វើការផ្សព្វផ្សាយនៅក្នុងកម្មវិធីស្មើភាព។ មួយទៀតសម្រាប់កម្មវិធីស្ប៉ត ឬក៏វីដេអូ ឬក៏ស្ប៉តជាសំឡេង ដែលគណបក្សនយោបាយទាំងអស់បានផលិតក៏យកមកចាក់នៅក្នុងកម្មវិធីស្មើភាពនេះដែរ។
លោកបន្ថែមថា សម្រាប់កម្មវិធីមួយទៀតដែលត្រូវបានចាប់ឆ្នោតដែរនោះគឺការបង្កើតគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីចុះផ្សាយនៅក្នុងព្រឹត្តិបត្ររបស់ គជប ដែលព្រឹត្តិបត្រនេះក៏នឹងត្រូវចុះផ្សាយស្មើៗគ្នាទាំងអស់នូវគ្រប់អត្ថបទរបស់គណបក្សនយោបាយ ដែលបានបង្កើតឡើង គឺមានទំហំស្មើគ្នា ទៅតាមលេខរៀងរបស់គណបក្សនយោបាយដែលបង្កើតមក និងលេខរៀងដែលបានចាប់ឆ្នោតនៅពេលនេះ។
លោកថ្លែងថា៖ «តាមរយៈកិច្ចប្រជុំ និងការចាប់ឆ្នោតនៅព្រឹកមិញនេះ (១១ មេសា) យើងឃើញថា គណបក្សនយោបាយទាំងអស់មាន ១៧ ប៉ុន្តែមានគណបក្ស ១ ឬ ២ ទេ ដែលបានលើកឡើងពីបញ្ហាផ្សេងៗ ដែលមិនមែនជាការប្រឆាំងទៅនឹងការសម្រេចរបស់ គជប គ្រាន់តែជាគោលគំនិតដែលគណបក្សនោះបានលើកឡើងប៉ុណ្ណោះ ដែលនេះយើងចាត់ទុកជាសំណូមពរពីគណបក្ស ១ ឬ ២ ប៉ុណ្ណោះ ចំណែកគណបក្ស ១៥ ទៀត ក៏មិនមានយោបល់ ឬធ្វើការស្នើសុំអ្វីដែរ»។
កម្មវិធីគោលនយោបាយរបស់គណបក្សនយោបាយទាំង ១៧ ដែលបានផ្តល់មកឱ្យ គជប គឺនឹងត្រូវផ្សព្វផ្សាយក្នុងកម្មវិធីស្មើភាពរបស់ គជប ដោយមិនគិតថា គណបក្សនោះតូច ឬធំ ឬក៏គណបក្សដែលទើបង្កើត ឬបង្កើតយូរនោះទេឱ្យតែគណបក្សនយោបាយនោះ បានចុះបញ្ជី និងទទួលស្គាល់ដោយ គជប។
បើតាម លោក ម៉ុក ដារ៉ា កម្មវិធីស្មើភាពរបស់ គជប នឹងត្រូវផ្សព្វផ្សាយតាមទូរទស្សន៍ជាតិ និងវិទ្យុជាតិកម្ពុជា ចំណែកវិទ្យុ និងទូរទស្សន៍ឯកជន អាស្រ័យលើគណបក្សនយោបាយស្នើសុំ ឬជួលម៉ោងគេផ្សព្វផ្សាយ។
ដោយឡែកនៅ គជប ក៏មានគេហទំព័រ និងការបោះពុម្ពដើម្បីយកទៅដាក់នៅស្ថាប័នជាតិសំខាន់ៗផងដែរ ជាមួយគ្នានេះ ក៏នឹងយកទៅដាក់នៅតូបលក់កាសែតសម្រាប់សាធារណជនទៅទិញ ឬ ទៅអាន បន្ថែម។
ក្រៅពីនេះ ថ្នាក់ដឹកនាំរបស់ គជប ក៏មានជំនួបពិភាក្សាការងារដាច់ដោយឡែកមួយទៀតជាមួយថ្នាក់ដឹកនាំ គណបក្សភ្លើងទៀនពាក់ព័ន្ធនឹងបញ្ហាចំនួន ៣ ទាក់ទងទៅនឹងដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។
លោក សោម សូរីដា អ្នកនាំពាក្យ គជប ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះប្រាប់ភ្នំពេញ-ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែមេសាថា ប្រតិភូគណបក្សភ្លើងទៀនដែលដឹកនាំដោយលោក សុន ឆ័យ អនុប្រធានគណបក្សបានលើកឡើងក្នុងជំនួបពិភាក្សានោះនូវបញ្ហា ៣ ចំណុច។ ក្នុងនោះ ទី ១ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដែលត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃ គជប លុបនៅឃុំសង្កាត់ចំនួន ៥ និងបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ៦ ឃុំ សង្កាត់។ ទី ២ សុំឱ្យ គជប ជួយសម្របសម្រួលដល់ស្ថានភាពទូទៅកុំឱ្យមានការគំរាមកំហែងបេក្ខជន ឬបំភិតបំភ័យបេក្ខជន គណបក្សនយោបាយ និងទី ៣- សុំឱ្យមានយន្តការទំនាក់ទំនងការងារ ដើម្បីដោះស្រាយបញ្ហាបន្ទាន់។
លោកបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានគូសបញ្ជាក់ថា ការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការសុំចុះបញ្ជីបេក្ខជនគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយ ពុំមានអ្វីកែប្រែទៀតឡើយ ពីព្រោះការដោះស្រាយទាំងអស់ គជប បានផ្អែកលើច្បាប់។ បើតាមលោក សោម សូរីដា ចំពោះបញ្ហាទី ២ លោក ទេព នីថា ពន្យល់ថា គជប ក៏បានទទួលព័ត៌មានមួយចំនួនដែរទាក់ទងទៅនឹងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដែលករណីខ្លះ ជារឿងហួសដែនសមត្ថកិច្ចរបស់គជប។ ទោះបីយ៉ាងណា គជប ក៏បានសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីឱ្យអាជ្ញាធរជួយសម្របសម្រួលការងារនៃសកម្មភាពរបស់គណបក្សនយោបាយ ហើយថ្មីៗនេះ ក្រសួងមហាផ្ទៃនិង គជប ក៏បានចេញសេចក្តីណែនាំរួមមួយដល់អាជ្ញាធរដែនដីរួចហើយដែរ។
លោកថ្លែងថា៖ «អំពីយន្តការទំនាក់ទំនងការងារ អគ្គលេខាធិការ គជប បានជម្រាបជូនថា គួរពង្រឹងយន្តការច្បាប់ដែលមានស្រាប់ នោះគឺយន្តការ គជប យន្តការនៅថ្នាក់គណៈកម្មការរាជធានីខេត្តរៀបចំ ការបោះឆ្នោត (គធ.ខប) និងយន្តការនៅថ្នាក់គណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)»។
នៅក្រោយជំនួប លោក សុន ឆ័យ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំនួបរវាងថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំ គជប ទទួលបាននូវសញ្ញាវិជ្ជមាន ដោយក្នុងនោះ ភាគីទាំង ២បានយល់យោគគ្នាទៅវិញទៅមក និងស្វែងរកដំណោះស្រាយនៅពេលក្រោយទៀត ។ លោកបន្តថា ថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ក៏នឹងបន្តជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំរបស់ គជប នៅពេលក្រោយទៀត ដើម្បីរួមគ្នាក្នុងការដោះស្រាយលើបញ្ហាដែលបានជួបប្រទះ ដើម្បីឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ៕