ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មាធិការ ដើម្បីមនុស្សចាស់រាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថាក្នុងរយៈពេល ៤៣ ឆ្នាំកន្លងទៅនេះមនុស្សចាស់ពិតជាមានគុណសម្បត្តិច្រើនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនរហូតមកទល់សព្វថ្ងៃ ដែលនេះគឺជាគុណសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបាន។
លោកបានថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយជូនមនុស្សចាស់ចំនួន ៥២៥ នាក់កាលពីថ្ងៃទី ១០ ខែមេសា នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេងបានមានប្រសាសន៍ថា៖ «ការស្រឡាញ់មនុស្សចាស់ជរាគឺជាប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជាយើងតាំងពីយូរលង់ណាស់មកហើយ។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់មនុស្សចាស់ជរាដោយលោកតែងតែជួយឧបត្ថម្ភជូនមនុស្សចាស់ជាដរាបរៀងមក»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងនាពេលកន្លងមកថា ក្មេងជាអ្នកមានកម្លាំង ចំណែកមនុស្សចាស់ជាអ្នកស្គាល់ផ្លូវ ការរួមគ្នាប្រាប់ផ្លូវដើម្បីឱ្យក្មេងៗជំនាន់ក្រោយដើរលើផ្លូវដែលបានរៀបចំដោយមនុស្សចាស់ នោះប្រទេសជាតិនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។
ក្នុងន័យនេះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងដោយឱ្យបងប្អូនទាំងអស់រួមគ្នារក្សាសន្តិភាពឱ្យបានគង់វង្ស ដើម្បីឱ្យកម្ពុជាបន្តមានឱកាសអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកបានបញ្ជាក់ថា៖ «សង្គ្រាមវានឹងបង្កភាពហិនហោចឱ្យប្រទេសជាតិ ដូច្នេះយើងត្រូវតែរួមគ្នារក្សាសន្តិភាពដែលបានមកដោយកម្រនេះឱ្យបានគង់វង្សរហូតតទៅ»។
ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី បានលើកឡើងនាឱកាសនោះដែរថា សមាជិកសមាគមមនុស្សចាស់ក្នុងខណ្ឌទាំង ១៤ មានចំនួន ២១ ២១៣ នាក់។
លោកស្រីបានថ្លែងថា អភិបាល រាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សវ័យចាស់ទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ដោយធ្វើយ៉ាងណាឱ្យមនុស្សវ័យចាស់ទទួលបាននូវភាពសុខដុមរមនា និងមិនបោះបង់ចោលឡើយ។
ចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជាមានចំនួនជាង ១,៣ លាននាក់ ឬស្មើនឹងប្រមាណជា ៨,៩ ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ នេះបើយោងតាមជំរឿនកាលពីឆ្នាំ ២០១៩៕