កំពតៈ ប្រែក្លាយពីរបរកាប់ឫស្សី ប្រមូលអនុផលព្រៃឈើ ពលរដ្ឋជាង ៧០០ នាក់ រស់នៅក្នុងភូមិមួយចំនួន នៃឃុំតាកែន ស្រុកឈូក ខេត្តកំពត កំពុងទទួលបានផលពីកសិដ្ឋានដាំចេក របស់ក្រុមហ៊ុន Longmate តាមរយៈការធ្វើការងារជាកម្មករចម្ការចេក ចាប់តាំងពីឆ្នាំ ២០១៧ រហូតមក។
ក្រុមមន្ត្រីពាក់ព័ន្ធបានអះអាងថា ក្រុមហ៊ុនដែលដាំចេកសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេសនេះ បានបំពេញបានត្រឹមត្រូវ ទៅតាមច្បាប់ការងារ ក្នុងការប្រើកម្លាំងពលកម្ម រួមទាំងការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មបានត្រឹមត្រូវ ទៅតាមស្តង់ដាបច្ចេកទេសដែលក្រសួងកសិកម្មបានកំណត់ផងដែរ។
នាអំឡុងម៉ោងប្រមាណ ៩ ព្រឹក ដើរចូលទៅដល់ភូមិខ្ពប នៃឃុំតាកែនដែលមានពលរដ្ឋជាង ៧០០ នាក់ ប៉ុន្ដែក្នុងភូមិហាក់មានសភាពស្ងប់ស្ងាត់ ដោយសារពលរដ្ឋបានចេញទៅធ្វើការ នៅ
ក្រុមហ៊ុនចម្ការចេកតាំងពីម៉ោង ៦-៧ ព្រឹក ប៉ុន្ដែមានមនុស្សចាស់មួយចំនួនកំពុងរៀបចំចម្អិនអាហារនៅតាមផ្ទះ ដើម្បីទុកឱ្យសាច់ញាតិបរិភោគ ពេលសម្រាកពីការងារ អំឡុងពេលថ្ងៃត្រង់។
ពេលកំពុងសម្រាកពិសាបាយថ្ងៃត្រង់ លោក ជា ប៊ុនធៀន វ័យ ៤០ ឆ្នាំ រស់នៅភូមិមនោសុខ ឃុំតាកែន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកបានមកធ្វើការជាកម្មករថែទាំដើមចេកនៅកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Longmate ស្ថិតនៅភូមិខ្ពប ឃុំតាកែន នាអំឡុងឆ្នាំ ២០១៩។ លោក ប៊ុនធៀន មានកូន ៣ នាក់ ក្នុងនោះ ១ នាក់រៀនថ្នាក់ទី៨ នៅវិទ្យាល័យត្រពាំង ៣ និង ១នាក់ទៀត កំពុងរៀនថ្នាក់ទី៥ ចំណែកកូនពៅអាយុ ៤ ឆ្នាំមិនទាន់គ្រប់អាយុចូលរៀនទេ។ «ខ្ញុំកាន់តំបន់១មើលថែដើមចេកចំនួន ២ ៥០០ ដើម។ ការមើលថែដើមចេកនេះ ៣ ខែដំបូងខ្ញុំទទួលបានប្រាក់ខែ ១៨០ ដុល្លារ។ ប៉ុន្ដែក្រោយទិន្នផលដើមចេកឱ្យផលល្អចាប់ពីខែ ៤ ឡើងទៅ ខ្ញុំបានប្រាក់ខែ ២៨០ ដុល្លារដែរក្នុង ១ ខែៗ។ ឥឡូវនេះខ្ញុំបានប្រាក់ខែខ្ពស់ជាងប្រាក់ខែដែលយើងបានធ្វើពីមុនៗមកយូរឆ្នាំមកហើយនោះ»។
លោក ប៊ុនធៀន បន្តថា៖ «ឥឡូវស្ថានភាពជីវភាពគ្រួសារខ្ញុំបានប្រសើរជាងមុន។ ខ្ញុំអាចមានលុយទិញម៉ូតូថ្មីឱ្យកូនជិះទៅរៀននិងទិញរបស់របរដូចជាគោយន្តភ្ជួរស្រែ។ ខ្ញុំក៏មានលទ្ធភាព ឥឡូវនេះខ្ញុំក៏បានទិញម៉ូតូថ្មី ១ គ្រឿងទៀតម៉ាក Honda Dream សេរីឆ្នាំ ២០២២»។ បើតាមលោក ប៊ុនធៀន ការងារថែដើមចេក នៅកសិដ្ឋានដាំចេកនេះ គឺមានភារកិច្ចដាក់ជីថែទាំដើមចេកឱ្យបានល្អ និងបាញ់ថ្នាំជំនួយស្លឹកចេកជាដើម ប៉ុន្ដែមិនមែនធ្វើជាប្រចាំថ្ងៃនោះទេ។
កំពុងអង្គុយលេងជាមួយអ្នកភូមិនៅមុខផ្ទះធ្វើពីឈើខាងលើថ្មខាងក្រោម និងមានរថយន្តម៉ាក Lexus 300 ១ គ្រឿង និងម៉ូតូ២គ្រឿងនៅមុខផ្ទះ ស្ថិតនៅក្នុងភូមិខ្ពប ឃុំតាកែន អ្នកស្រី ឆាយ ពៅ វ័យប្រហែល ៥២ ឆ្នាំ ដែលមានកូនស្រី ២ នាក់ កំពុងធ្វើការនៅកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Longmate ក្នុងនោះ ម្នាក់ធ្វើផ្នែកពន្លះចេក និងម្នាក់ទៀត ធ្វើផ្នែករៀបចំកាតុង ឬឡាំងដាក់ចេក។ ពួកគេបានចូលធ្វើការនៅកសិដ្ឋាននេះតាំងពីឆ្នាំ ២០១៩។
អ្នកស្រីប្រាប់ថា រៀងរាល់ខែកូនអ្នកស្រីទាំង ២ នាក់ អាចទទួលបានប្រាក់ខែពី ៣០០-៤០០ ដុល្លារក្នុង ១ ខែៗពីការងារនៅចម្ការចេក។ ឥឡូវកូនអ្នកស្រីត្រូវបានក្រុមហ៊ុនឱ្យធ្វើជាអ្នកបណ្ដុះបណ្ដាល អ្នកចូលធ្វើការងារថ្មីនៅក្រុមហ៊ុនដែលអាចទទួលបានកម្រៃបន្ថែមប្រមាណ ២ ម៉ឺនរៀល ក្នុង ១ ថ្ងៃថែមទៀត។
អ្នកស្រីប្រាប់ថា៖ «កូនស្រីខ្ញុំម្នាក់ ក្រុមហ៊ុនទើបតែឱ្យទៅធ្វើការនៅកសិដ្ឋានមួយទៀតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ជាមួយអ្នកភូមិជិត ៣០ នាក់ផ្សេងទៀត។ កូនស្រីខ្ញុំ កូនអ្នកភូមិ និងអ្នកភូមិដែលមានបទពិសោធ ក្រុមហ៊ុនឱ្យទៅធ្វើការនៅកសិដ្ឋានថ្មីនៅខេត្ដឧត្ដរមានជ័យ គេឱ្យធ្វើជាអ្នកបណ្ដុះបណ្ដាលដល់ក្រុមកម្មករចូលថ្មី»។
ជាកម្មកររៀបចំផ្លែចេកដាក់ក្នុងកាតុង ឬឡាំងដាក់ចេក អ្នកស្រី ស៊ុំ ចិន្តា វ័យជាង ៤០ ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបានចូលធ្វើការនៅកសិដ្ឋានដាំចេកនេះ តាំងពីឆ្នាំ ២០១៧-២០១៨។ អ្នកស្រីប្រាប់ថា មុនពេលមានកសិដ្ឋានដាំចេកអ្នកភូមិខ្ពបភាគច្រើន ប្រកបរបរធ្វើស្រែ ចម្ការ កាប់ឫស្សី និងស្វែងរកអនុផលព្រៃឈើនៅក្នុងព្រៃសហគមន៍ក្បែរភូមិ ដើម្បីចិញ្ចឹមជីវិត។ ប៉ុន្ដែក្រោយពីមានកសិដ្ឋានដាំចេកពលរដ្ឋភាគច្រើនក្នុងភូមិ គឺបានចូលធ្វើការងារនៅក្នុងកសិដ្ឋាននេះដោយទទួលបានប្រាក់ខែជាប្រចាំសម្រាប់ផ្គត់ផ្គង់គ្រួសារ។
អ្នកស្រីប្រាប់ថា៖ «ការងារយើងបានប្រាក់ខែច្រើន ឬតិច គឺអាស្រ័យលើទិន្នផលចេក បើក្នុង ១ ខែៗ មានផ្លែចេកច្រើនយើងក៏មានការងារធ្វើច្រើន ហើយក៏ទទួលបានប្រាក់ខែច្រើនដែរ»។
អ្នកស្រីបន្តថា ប៉ុន្ដែការងារម៉ៅការហត់នឿយបន្តិច កម្មករមិនសូវបានឈប់សម្រាក ទាល់តែធ្វើការងាររួចទើបអាចឈប់សម្រាកបាន។ ដូច្នេះកម្មករសំណូមពរឱ្យក្រុមហ៊ុនគិតគូរឡើងវិញលើការផ្លាស់ប្ដូរលក្ខខណ្ឌការងារប្រចាំខែ និងការងារម៉ៅការដូចរាល់ថ្ងៃនេះ ដើម្បីជួយបន្ថយបន្ទុកដល់កម្មករ។
លោក សោម ដន មេភូមិខ្ពប កត់សម្គាល់ឃើញថា ពលរដ្ឋនៅក្នុងភូមិខ្ពប ក្រោយពីបានចូលធ្វើការងារនៅកសិដ្ឋានដាំចេក ជីវភាពមានការរីកចម្រើនជាងមុន ពីព្រោះពលរដ្ឋអាចបានប្រាក់ខែជាប្រចាំចាប់ពី ៣០០-៤០០ ដុល្លារ ក្នុង ១ ខែ ដើម្បីយកមកផ្គត់ផ្គង់គ្រួសារអភិវឌ្ឍតាមផ្ទះរៀងៗខ្លួន។
លោកបានថ្លែងថា៖ «យើងឃើញថា ភាពវិជ្ជមាននោះ វាគ្រាន់បើដែរ គួរឱ្យកត់សម្គាល់ ឃើញពលរដ្ឋធូរធារជាងមុន ពួកគាត់អាចអភិវឌ្ឍផ្ទះសំបែងរបស់ខ្លួនបានធំជាងមុន ផ្ទះខ្លះមានម៉ូតូជិះ ២-៣ គ្រឿងក៏មានដែរ ហើយកាលពីមិនទាន់មានក្រុមហ៊ុននេះ ពលរដ្ឋនាំគ្នាទៅកាប់ឫស្សីនៅក្នុងព្រៃសហគមន៍យកទៅលក់»។
បើតាមលោក ដន ក្រុមហ៊ុន Longmate បានណែនាំ និងចែកម៉ាស់ ស្រោមដៃ និងស្បែកជើងកវែងដល់កម្មករពាក់ពេលទៅបំពេញការងារ បើគ្មានម៉ាស់ពាក់ត្រឹមត្រូវក្រុមហ៊ុនមិនឱ្យចូលធ្វើការទេ។ ប៉ុន្ដែមានកម្មករមួយចំនួនមិនទម្លាប់ពាក់ម៉ាស់ក៏លួចដោះចេញពេលដែលគ្មានអ្នកមើលឃើញដែរ។ លោកបានឱ្យដឹងថា ពលរដ្ឋនៅក្នុងភូមិខ្ពបមានជាង ៥០០ គ្រួសារ ស្មើនឹងប្រមាណជាង ៧០០ នាក់។ ពលរដ្ឋទាំងនេះភាគច្រើន កំពុងធ្វើការងារនៅកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Longmate និងមានពលរដ្ឋប្រមាណ ២០ នាក់ បានធ្វើចំណាកស្រុកផ្លាស់ប្ដូរលំនៅចេញពីភូមិទៅរស់នៅតំបន់ផ្សេង។
តាមសំណើរបស់ប្រជាពលរដ្ឋ លោក ដន ក៏បានសំណូមពរដល់ក្រុមហ៊ុនឱ្យបន្តយកចិត្ដទុកដាក់ខ្ពស់លើសុខុមាលភាពពលរដ្ឋ ពិសេសក្រុមពលរដ្ឋ ដែលធ្វើការថែទាំដើមចេកដោយមានការប្រើប្រាស់ថ្នាំសម្រាប់ថែទាំ ដើម្បីចៀសផុតបញ្ហាលើសុខភាពជាយថាហេតុណាមួយ។ លោកក៏បានស្នើឱ្យមានការបន្ធូរបន្ថយការរឹតបន្ដឹងបទបញ្ជាផ្ទៃក្នុងសម្រាប់ការឈប់សម្រាករបស់បុគ្គលិកផងដែរ ដើម្បីឱ្យពលរដ្ឋក្នុងភូមិអាចបន្តធ្វើការងារបានយូរអង្វែង។
លោក ជា វាសនា អតីតនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) មានស្រុកកំណើតនៅស្រុកដងទង់ ខេត្ដកំពត បានចូលធ្វើការនៅក្រុមហ៊ុន Longmate ដំបូងក្នុងឆ្នាំ ២០១៨ ក្នុងតួនាទីជាជំនួយការប្រធានតំបន់ក្នុងចម្ការចេកហើយបច្ចុប្បន្នជាប្រធានតំបន់ទទួលបន្ទុកគ្រប់គ្រងទូទៅលើផលិតកម្មដាំដុះ (ចាប់ពីការដាំដុះកូនចេកដំបូង រហូតដល់ចេកបានទទួលផល)។ វាសនាបានឱ្យដឹងទាក់ទងនឹងការថែទាំ និងការដាំដុះដំណាំចេកនៅក្រុមហ៊ុន Longmate នេះថា គឺជាការធ្វើកសិកម្មបែបទំនើប សម្រាប់ការនាំចេញដែលត្រូវការការផលិតលក្ខណៈស្ដង់ដាមួយ សម្រាប់ការនាំចេញ។ ដូច្នេះរាល់ការគ្រប់គ្រងទាំងអស់លើការដាំដុះដំណាំចេកនេះ គឺប្រើប្រាស់ផលិតផលកសិកម្មសុវត្ថិភាព ដើម្បីរក្សាគុណភាពស្ដង់ដាមួយសម្រាប់ការនាំចេញ។
បើតាម វាសនា ក្រុមហ៊ុន Longmate បានប្រើប្រាស់បច្ចេកទេស គឺស្របទៅតាមស្ដង់ដារបស់ក្រសួងកសិកម្ម ដែលបានចេញសេចក្ដីណែនាំឱ្យប្រើប្រាស់ជី ប្រើប្រាស់ថ្នាំបច្ចេកទេសផ្សេងៗ។ ការប្រើប្រាស់ជី និងថ្នាំផ្សេងៗ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យ របស់ក្រសួងពាក់ព័ន្ធត្រឹមត្រូវ។
វាសនា បញ្ជាក់ថា៖ «ការថែទាំដើមចេក តាំងពីនៅតូច រហូតដល់ធំ គឺមានការប្រើប្រាស់ជីគីមីនៅក្នុងស្រុក ដូចជាជីសញ្ញាក្បាលក្របី ជីកាលី និងថ្នាំមួយចំនួនទៀត គឺឆ្លងកាត់ការត្រួតពិនិត្យរបស់គយ និងក្រសួងកសិកម្ម។ ដូច្នេះគ្រប់ប្រភេទថ្នាំដែលក្រុមហ៊ុនប្រើប្រាស់ទាំងអស់ គឺមានការអនុញ្ញាតដោយក្រសួង»។ យុវជនរូបនេះ បានឱ្យដឹងថា ក្នុងនាមជាក្រុមហ៊ុនផលិតផលិតផលស្ដង់ដាសម្រាប់ការនាំចេញ ការប្រើប្រាស់ថ្នាំ គឺប្រើតាមបែបលក្ខណៈសន្សំសំចៃ និងស្របទៅតាមស្ដង់ដាដែលក្រសួងបានណែនាំ។
ឧទាហរណ៍ដូចជា ការថែទាំគល់ចេក គឺមិនមែនប្រើប្រាស់ជីទាំងស្រុងទេ គឺត្រូវគួបផ្សំនឹងការប្រើប្រាស់ស្លឹកចេកដែលចាស់កាត់មកដាក់ក្បែរគល់ និងការប្រើប្រាស់ទឹកភ្លៀង និងទឹកដែលបានស្ដុកទុកជាដើម។
ចំណែកការប្រើប្រាស់ថ្នាំ ដើម្បីគ្រប់គ្រងសត្វល្អិត និងជំងឺលើផ្លែចេក គឺត្រូវតែមានពីព្រោះកសិដ្ឋានដាំចេកនេះ គឺមានចំនួនចេកច្រើន។
លោកបញ្ជាក់ថា៖ «ប្រសិនបើគ្មានការប្រើប្រាស់ថ្នាំដើម្បីទប់ស្កាត់សត្វល្អិត និងជំងឺទេ គឺយើងមិនអាចទទួលបានផលទៅតាមគោលដៅដែលយើងបានកំណត់បានទេ។ ប៉ុន្តែការប្រើប្រាស់ជី និងថ្នាំគ្រប់ប្រភេទ គឺស្របទៅតាមស្ដង់ដា និងបច្ចេកទេសដែលបានកំណត់រួច មិនមែនយើងគិតថា ចង់ប្រើថ្នាំអី ដាក់ថ្នាំនោះ គឺមិនមែនទេ»។
បើតាមលោក វាសនា ជាទូទៅក្រោយពេលចេកចាប់ផ្ដើមចេញត្រយូង ការប្រើប្រាស់ថ្នាំសម្រាប់ថែទាំផ្លែផ្កា គឺប្រើប្រាស់ ១ ដង។ ក្រោយកាច់ត្រយូង ប្រើប្រាស់ ១ ដងទៀត ហើយក្រោយពេលផ្លែចេកធំគឺត្រូវស្រោបដោយថង់ប្លាស្ទិកលែងមានការប្រើប្រាស់ថ្នាំថែទាំទៀតហើយ។ លោកបានបញ្ជាក់ថា៖ «ព្រោះអីក្រោយពេលយើងស្រោបផ្លែហើយ គឺយើងលែងធ្វើអ្វីទៀតនៅលើផ្លែចេកនោះហើយ គឺចាំតែពេលវាធំប្រមូលផល គឺយើងកាត់ផ្លែតែម្ដង។ ក្រោយការប្រមូលផល គឺលែងមានការប្រើប្រាស់ថ្នាំអ្វីទៀតហើយ គឺនៅតែការវេចខ្ចប់ដាក់ទៅទូកុងតឺន័របញ្ជូនទៅផែ ដើម្បីនាំចេញតែម្ដង»។
លោកបានឱ្យដឹងថា បច្ចេកទេសទាំងអស់នៃការដាំចេកនេះ គឺក្រុមហ៊ុនបានចងក្រងជាគោលការណ៍ស្ដង់ដាមួយសម្រាប់ក្រុមហ៊ុនក្នុងការប្រើប្រាស់ទូទៅក្នុងចម្ការទាំងអស់។ បច្ចេកទេសនេះគឺបានមកពីអ្នកបច្ចេកទេសមកពីប្រទេសចិន ដែលបានកំណត់ស្ដង់ដាមួយសម្រាប់ក្រុមហ៊ុន មិនឱ្យការដាំដុះចេកនេះលើសពីកម្រិតស្ដង់ដាទេ។ កាលណាលើសពីកម្រិតស្ដង់ដា នឹងមានការត្រួតពិនិត្យពីជំនាញផ្នែកភូតគាមចំណីអាហារសម្រាប់ការនាំចេញរបស់ប្រទេសចិន។
ទាក់ទងនឹងការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយ កាលពីខែមីនា កន្លងមកនេះដែលថា ក្រុមហ៊ុន Longmate កំពុងកេងប្រវ័ញ្ចកម្លាំងពលកម្ម រំលោភយកដីធ្លី និងប្រើប្រាស់សារធាតុគីមីធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពកម្មករ លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា ក្រសួងបានចុះត្រួតពិនិត្យរួចហើយ ឥឡូវក្រុមហ៊ុនកំពុងតែចងក្រង ឯកសារ ភ័ស្ដុតាង ដើម្បីឱ្យខាងសារព័ត៌មានបរទេស ដែលបានចេញផ្សាយនោះកែតម្រូវឡើងវិញ។
លោកបញ្ជាក់ថា អ្នកដែលផ្ដល់កិច្ចសម្ភាសន៍ទៅសារព័ត៌មានបរទេសនោះ គឺជាអ្នកតំណាងឱ្យសហជីពដែលជាង ១ ឆ្នាំមុន ក្រុមហ៊ុនបានបញ្ឈប់ ដោយសារបានធ្វើកំហុស ដោយបង្ហោះសារលើហ្វេសប៊ុកខុសពីការពិតប៉ះពាល់ដល់ក្រុមហ៊ុន។ រឿងនេះក្រុមហ៊ុន បានប្ដឹងទៅក្រសួងការងារ ដើម្បីឱ្យគាត់ចុះមកស្រាវជ្រាវលើបញ្ហានេះ ហើយក្រុមប្រឹក្សាអាជ្ញាកណ្ដាលរបស់ខេត្ដកំពត ក៏បានចុះមកធ្វើការងារនេះចប់សព្វគ្រប់រួចហើយ និងបានបញ្ចប់ការងាររបស់កម្មករជាតំណាងសហជីពនោះរួចហើយ។
លោកបញ្ជាក់ថា៖ «រហូតជាង ១ ឆ្នាំក្រោយមកនេះអតីតកម្មករ ដែលជាតំណាងសហជីពដែលត្រូវបានក្រុមហ៊ុនបញ្ឈប់នោះ បានទៅផ្ដល់កិច្ចសម្ភាសន៍ឱ្យសារព័ត៌មានទៀត។ អ្នកផ្ដល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាននោះ គឺគ្នីគ្នាប៉ុន្មាននាក់ដែលក្រុមហ៊ុនបញ្ឈប់នោះ»។
លោកបន្តថា៖ «ជាទូទៅការងាររបស់បុគ្គលិក កម្មករនៅកសិដ្ឋានដាំចេក កំពុងធ្វើ គឺមានសភាពធម្មតាទាំងអស់ អត់មានអ្វីទាំងអស់។ អ្វីដែលគាត់កំពុងនិយាយនោះ គឺវាមិនមែនជាការពិត។ យើងមិនដឹងថា គាត់យកអ្វីថតផ្ញើទៅគេបែរជាថា ក្រុមហ៊ុនប្រើថ្នាំមិនសមស្រប»។
លោកស្រី ឡេង សំភាស់ គ្រូពេទ្យបើកបន្ទប់សម្រាប់ថែទាំជំងឺទូទៅ ស្ថិតក្នុងឃុំតាកែន បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងភូមិភាគច្រើន បានមករកសេវាព្យាបាលលើបញ្ហាជំងឺផ្ដាសាយ រាក និងអស់កម្លាំងជាដើមដែលជំងឺនេះ គឺជាជំងឺធម្មតា ដែលតែងតែកើតមានឡើង ចំពោះប្រជាកសិករទៅតាមរដូវកាលនីមួយៗ និងតាមការហូបចុករបស់ពួកគាត់។ នៅរដូវវស្សាភាគច្រើនមានអ្នកជំងឺផ្ដាសាយច្រើន នៅពេលរដូវមានផ្លែស្វាយទុំក៏មានអ្នករាករូសច្រើនជាដើម។ ជាមធ្យម មានពលរដ្ឋមករកសេវាព្យាបាលជំងឺទូទៅប្រចាំថ្ងៃ នៅផ្ទះរបស់អ្នកគ្រូប្រមាណ ៧-៨ នាក់ ក្នុង ១ ថ្ងៃ។ លោកស្រីប្រាប់ថា៖ «ពលរដ្ឋមករកសេវានៅផ្ទះខ្ញុំអ្នកខ្លះត្អូញត្អែរថា ឈឺក្បាល អស់កម្លាំង។ ខ្ញុំតែងតែផ្សំថ្នាំឱ្យពួកគាត់ទៅតាមអាការរោគរបស់ពួកគាត់។ អាការអស់កម្លាំងរបស់ប្រជាពលរដ្ឋ គឺបណ្ដាលមកពីពួកគាត់ធ្វើស្រែធ្វើចម្ការអស់កម្លាំងជាធម្មតាប៉ុណ្ណោះ»។
លោក តុង សំណាង ប្រធានមណ្ឌលសុខភាពកោះស្លាដែលទទួលសេវាព្យាបាលប្រជាពលរដ្ឋទាំង ១២ ភូមិ នៅទូទាំងឃុំតាកែន បញ្ជាក់ថា ជាមធ្យមប្រជាពលរដ្ឋមកទទួលសេវាព្យាបាលនៅមណ្ឌលចាប់ពី ៥-១០ នាក់ក្នុង ១ ថ្ងៃ ក្នុងនោះភាគច្រើនពលរដ្ឋមកចាក់វ៉ាក់សាំងឱ្យកូនក្មេង និងស្ដ្រីមានផ្ទៃពោះ ក្រៅពីនេះមាន ២-៣ នាក់ មានជំងឺផ្ដាសាយ ចុកពោះ ឈឺក្រពះ និងរលាកបំពង់កជាដើម។
លោកបញ្ជាក់ថា៖ «អាការរោគដែលកើតមានចំពោះប្រជាពលរដ្ឋនេះ វាជាអាការធម្មតាដែលពលរដ្ឋឈឺប្រចាំថ្ងៃ ប្រចាំខែ ទៅតាមរដូវកាល។ ជាធម្មតាពលរដ្ឋឈឺតែអ៊ីចឹង ជាធម្មតារាល់ខែ រាល់ថ្ងៃ រាល់ឆ្នាំ គឺឈឺតែអ៊ីចឹង»។ លោក សំណាង បានអះអាងថា ជាច្រើនឆ្នាំកន្លងមកហើយ នៅមណ្ឌលសុខភាពកោះស្លា មិនដែលមានពលរដ្ឋមានអាការពុលអ្វីមួយមករកសេវាព្យាបាលនោះទេ។
លោក ហ៊ុន ឡាក់ បានឱ្យដឹងថា ក្រុមហ៊ុនធ្វើអ្វីទាំងអស់គឺស្របទៅតាមកិច្ចព្រមព្រៀងនៃពិធីសារដែលក្រសួងតម្រូវឱ្យប្រើប្រាស់តាមស្ដង់ដា ដើម្បីបានផលចេកស្ដង់ដានាំចូលទៅប្រទេសចិន។ ចំណែកគយចិន បានត្រួតពិនិត្យតាមដាន តឹងរ៉ឹងណាស់ ប្រសិនបើមានសារធាតុអ្វីដែលមានផ្ទុកនៅក្នុងផ្លែចេកដែលហាមឃាត់ គឺមិនអាចនាំចូលប្រទេសចិន បានទេ។ លោកបញ្ជាក់ថា៖ «គាត់និយាយនេះ គឺអត់ពិតទាំងស្រុងតែម្ដង គឺអត់មានមូលដ្ឋានពិតតែម្ដង។ គាត់ធ្វើតែគ្នាគាត់ ២-៣ នាក់ ហើយផ្ដល់ចេញទៅ»។
ចំពោះការប្រើប្រាស់កម្លាំងពលកម្មកម្មករនៅកសិដ្ឋានចេកវិញ លោកបានឱ្យដឹងថា ក្រុមហ៊ុនធ្វើទៅតាមក្រុមប្រឹក្សាការងាររបស់ខេត្ដ និងក្រសួងការងារក្នុងនោះ ក្រសួងបានកំណត់ថា ប្រាក់ខែការងារក្រុមហ៊ុនត្រូវដាក់ក្នុងបន្ទាត់ ១៨២ ដុល្លារឡើងទៅ។ ចំណែកប្រាក់ខែកម្មករ នៅក្រុមហ៊ុនឡើងដល់ជាង ២០០ ដុល្លារ។ ប្រាក់ខែឡើងដល់ ២០០ ដុល្លារជាងនេះ គឺឱ្យធ្វើទៅតាមម៉ែត្រវាស់ការងាររបស់ក្រសួង។
លោកបន្តថា កម្មករម្នាក់ៗ យើងលើកទឹកចិត្ដឱ្យគាត់បញ្ចេញសមត្ថភាព អ្នកណាដែលអាចកាត់ចេកបាន ២ ពាន់ស្ទង ក្នុង ១ ថ្ងៃ គឺគេចាប់ផ្ដើមកំណត់ឱ្យប្រាក់ខែចាប់ពី ១៨២ ដុល្លារ បូកនឹង ២០ ហើយបូកនឹង ២០ ថែមទៀត។បានន័យថា ក្នុងម្នាក់ធ្វើចំនួន ២ ពាន់ដើមក្នុង ១ ថ្ងៃ គឺទទួលបានប្រាក់ខែជាង ២០០ ដុល្លារ។ លោកបញ្ជាក់ថា៖ «ការវិនិយោគនៅក្នុងវិស័យដំណាំកសិពាណិជ្ជកម្មនាំចេញនេះ គឺមានសុខភាពល្អណាស់ មិនមានបញ្ហាអ្វីទេ។ ដំណើរការនៃការនាំចេញ កម្លាំងពលកម្ម និងជំនាញនីមួយៗគឺសុទ្ធតែត្រឹមត្រូវល្អទាំងអស់ហើយការប្រើប្រាស់ថ្នាំផ្សេងៗគឺមានបច្ចេកទេសត្រឹមត្រូវតាមស្ដង់ដាណែនាំរបស់ក្រសួង»។
លោក ខឹម ឡុក អតីតកម្មករ ក្រុមហ៊ុន Longmate ដែលត្រូវបានបញ្ឈប់ពីការងារបានប្រាប់ថា លោកបានចូលធ្វើការងារ នៅចម្ការចេករបស់ក្រុមហ៊ុននេះ តាំងពីការចាប់ផ្ដើមឈូសឆាយដីចម្ការដំបូងអំឡុងឆ្នាំ ២០១៧-២០១៨។ ដំណើរការងារនៅចម្ការចេកនេះពីដំបូងកម្មករម្នាក់មើលថែដើមចេក ២ ពាន់ដើម បានប្រាក់ខែ ១៨០ ដុល្លារ ហើយបើធ្វើការថែមម៉ោង អាចបានជាង ២០០ ដុល្លារ។ ប៉ុន្ដែចាប់ពីឆ្នាំ ២០២០ មក ក្រុមហ៊ុនបានប្ដូររបៀបធ្វើការងារ ថែមការងារឱ្យកម្មករ ទើបលោកខឹងបង្ហោះសារលើហ្វេសប៊ុក ឈានដល់មានរឿងជាមួយក្រុមហ៊ុន រហូតត្រូវបានក្រុមហ៊ុនបញ្ឈប់រូបលោកពីការងារ។
លោកបញ្ជាក់ថា៖ «គេបញ្ឈប់ខ្ញុំ ដោយសារខ្ញុំចូលក្នុងសហជីពផង ដោយសារកិច្ចការងារវាលំបាកពេក ខ្ញុំក៏នាំគ្នាចងក្រងជាសហជីពហើយគេដឹងក៏យកលេសនេះ លេសនោះបញ្ឈប់ខ្ញុំ»។
តាមសារបង្ហោះលើហ្វេសប៊ុករបស់លោក ខឹម ឡុក កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ បានសរសេរថា៖ «តើពួកខ្ញុំសង្ឃឹមអីទៀត ក្រុមហ៊ុនឡង់ម៉េត ធ្លាប់តែធ្វើ ២ ០០០ ដើម ប្រាក់ខែ២៣០ ដុល្លារ ឥឡូវ ២ ៥០០ ដើម បានតែ ១៨០ ដុល្លារ ក្នុង ១ ខែ។ អត់មានអាទិត្យ បូកថ្ងៃមុនទាំងអស់។ ២ ០០០ ដើម ធ្វើមិនហើយផង កាត់លុយ ទម្រាំតែ ២ ៥០០ ដើម ថែមទៀត មិនជួយអាណិតកម្មករផង»។
លោក បុន សាវ ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស ក្រុមហ៊ុន Longmate បានឱ្យដឹងថា ក្រុមហ៊ុនសម្រេចបញ្ឈប់លោក ខឹម ឡុក ពីការងារ កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២០ ដោយសារ លោក ខឹម ឡុក និយាយព័ត៌មានមិនពិត។ លោកបញ្ជាក់ថា៖ «លោក ខឹម ឡុក ធ្វើការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយនិយាយព័ត៌មានអត់ពិត ក្រុមហ៊ុនក៏បាន
រៀបចំឯកសារបញ្ចប់គាត់តាំងពីឆ្នាំ ២០២០»។
យោងតាមសេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់កិច្ចសន្យាការងារលោក ខឹម ឡុក របស់ក្រុមហ៊ុន Longmate កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២០ បានសរសេរថា ការបញ្ឈប់នេះ យោងទៅតាមកំហុសជាក់ស្ដែងដែលលោក ខឹម ឡុក បានប្រព្រឹត្តកាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ ដោយសារបង្ហោះសារក្នុងហ្វេសប៊ុកផ្ទុយពីការពិតធ្វើឱ្យប៉ះពាល់ដល់កិត្ដិយសរបស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។
លោក បុន សាវ បានឱ្យដឹងថា នៅក្នុងកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Longmate ធនធានមនុស្សបានបែងចែកជា ៣ ផ្នែកធំៗ ទី១ ផ្នែកថែទាំការដាំដុះ ផលិត ទី២ ផ្នែកវេចខ្ចប់ និងទី៣ ផ្នែកខាងប្រមូលផលដែលសរុបបុគ្គលិក និងកម្មករទាំងអស់មានប្រមាណ ៧០០ នាក់។
លោកពន្យល់ថា ទី១ ផ្នែកថែទាំការដាំដុះ ផលិតនេះ គឺក្នុងកម្មករម្នាក់ ក្រុមហ៊ុនតម្រូវឱ្យថែទាំដើមចេកចំនួន ២ ៥០០ ដើម ក្នុងដើមចេក ២ ៥០០ ដើមនេះ គឺជាការទទួលខុសត្រូវរបស់កម្មករម្នាក់ៗ ដោយកម្មករជាអ្នកចុះកិច្ចសន្យាម៉ៅការជាមួយក្រុមហ៊ុន។ ចំពោះការមើលថែដើមចេក ២ ៥០០ ដើមនេះ កម្មករអាចទទួលបានប្រាក់ខែចាប់ពីខែទី១ ដល់ខែ ទី៤ គឺទទួលបានចំនួន ១៨០ ដុល្លារ ហើយចាប់ពីខែទី៥ រហូតដល់ខែទី៨ គឺទទួលបាន ២៥០ ដុល្លារ។ បន្ទាប់ពីខែទី៨ ទៅ គឺចេកត្រូវបានប្រមូលផល។ នៅពេលដែលចេកប្រមូលផល ក្រុមហ៊ុនបានជូនទិន្នផលចេកចំនួន ២ ៥០០ ដើមនេះ ក្នុង ១ គីឡូ ក្រុមហ៊ុនផ្ដល់ជូនកម្មករ ២០០ រៀល។ បើក្នុង ២ ៥០០ ដើម គិតជាមធ្យមបានចំនួន ៥៥ ០០០ គីឡូ ដូច្នេះគុណនឹងចំនួន ២០០ រៀល បើគិតជាប្រាក់ដុល្លារ កម្មករអាចទទួលបានប្រាក់កម្រៃចាប់ពី ២ ពាន់ ទៅ ២ ៥០០ ដុល្លារ។ ចំនួននេះ យកទៅដកជាមួយប្រាក់ដែលកម្មករបានបើកតាមខែកន្លងមកសរុបជាង ១ ៤០០ ដុល្លារ ប្រាក់ដែលនៅសល់គឺកម្មករទទួលបាន។ គោលការណ៍នេះ ហាក់បីដូចជាប្រជាកសិករជាថៅកែខ្លួនឯង។ លោកបញ្ជាក់ថា៖ «គោលការណ៍នេះ គឺជាគោលការណ៍មួយដែលប្រជាកសិករយើងគាត់ពេញចិត្ដមែនទែន។
មិនមានប្រជាកសិករណាមួយ ដែលធ្វើការនៅក្នុងក្រុមហ៊ុនយើងបច្ចុប្បន្នមិនពេញចិត្ដគោលការណ៍នេះ ហើយសុំឱ្យប្ដូរទេក៏ ប៉ុន្ដែគ្រាន់តែពេលអនុវត្ដគោលការណ៍នេះដំបូងគាត់អត់ទាន់យល់»។
បើតាមលោក បុន សាវ ក្រុមហ៊ុនបានយកចិត្ដទុកដាក់ ដល់សុខុមាលភាពប្រជាកសិករដែលមកធ្វើការនៅក្រុមហ៊ុន គឺបានបានរៀបចំសម្ភារសម្រាប់ការពារផ្សេងៗគ្នាទៅតាមផ្នែកសម្រាប់ផ្ដល់ជូនដល់បុគ្គលិក។ ដូចជាសម្រាប់ផ្នែកផលិត គឺមានផ្ដល់ជាម៉ាស់ ជាស្រោមដៃ ស្បែកជើងកវែងជាដើម។ ក្រុមហ៊ុនក៏បានបង់ថ្លៃធានារ៉ាប់រងរបបសន្ដិសុខសង្គម ប.ស.ស ដល់កម្មករទាំងអស់ផងដែរ។
លោក អ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដកំពត បានឱ្យដឹងថា តាមរយៈការវិនិយោគចម្ការចេករបស់ក្រុមហ៊ុន Longmate នៅក្នុងស្រុកឈូកនេះ បានចូលរួមផ្ដល់ការងារជិត ១ ពាន់កន្លែងដល់ប្រជាពលរដ្ឋនៅតំបន់នោះឱ្យមានការងារធ្វើ និងអាចឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលប្រចាំខែសម្រាប់គ្រួសារ។ លោកថ្លែងថា៖ «ក្រុមហ៊ុនបានអនុវត្ដស្ដង់ដាការងារ ទៅតាមច្បាប់ការងារ។ ចំណែកករណីក្រុមហ៊ុនបញ្ឈប់កម្មករនាពេលកន្លងមកនោះ គឺយើងបានដោះស្រាយរួចអស់ហើយ បើមានបញ្ហាអ្វីទៀត សហជីពនឹងដាក់បណ្ដឹងមកមន្ទីរហើយ»។
លោកបានឱ្យដឹងថា មន្ទីរការងារតែងតែចុះទៅធ្វើអធិការកិច្ចនៅក្រុមហ៊ុន Longmate ដើម្បីពិនិត្យមើលការគ្រប់គ្រងកម្លាំងពលកម្មរបស់កម្មករ។ លោកថ្លែងថា៖ «យើងទើបតែទៅធ្វើអធិការកិច្ចក្នុងពេលថ្មីៗថែមដែរ យើងបានសាកសួរព័ត៌មានដល់បងប្អូនកម្មករយើងសង្កេតឃើញថា ក្រុមហ៊ុនបានអនុវត្ដប្រសើរជាងច្បាប់ការងារកំណត់ទៅទៀត។ បានន័យថា ទិដ្ឋភាពការងារ របស់កម្មកររៀបចំបានទីតាំងល្អ ហើយលទ្ធផលពីការសម្ភាសកម្មករគឺទទួលបានលទ្ធផលល្អ»។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពត បានឱ្យដឹងថា ក្រុមហ៊ុន Longmate គឺមានកិច្ចសហការផ្ទាល់ ជាមួយនឹងក្រុមហ៊ុននៅប្រទេសចិន បើសិនជាការផលិតផលិតផលចេកមានបញ្ហានោះកម្ពុជាមិនអាចនាំចេកចេញទៅប្រទេសចិន បានទេ។ លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ខ្លីថា ក្រុមហ៊ុននេះ គេសហការធ្វើផ្ទាល់ជាមួយនឹងក្រុមហ៊ុនចិនដែលគេជាអ្នកទទួលទិញផ្ទាល់ បើសិនណាគេប្រើថ្នាំខុសគេមិននាំទៅស្រុកគេបានទេ។ យើងគ្រាន់តែបញ្ជាក់ខ្លីបែបនេះទៅដឹងហើយ»។
លោកបន្តថា៖ «ក្រុមហ៊ុននេះ មានក្រុមការងារជំនាញមកពីប្រទេសចិន មកចុះធ្វើការងារផ្ទាល់ ហើយមានការត្រួតពិនិត្យគុណភាពមុននឹងការនាំចេញទាំងអស់ អ៊ីចឹងមិនអាចមានបញ្ហាអ្វីកើតឡើងទេ»។
បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មក្រុមហ៊ុន Longmate Agriculture Co., Ltd គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងកម្ពុជា-ចិន បានធ្វើការវិនិយោគដាំចេកអំបូងលឿង លើផ្ទៃដី
៤ ០០ ហិកតា ក្នុងស្រុកឈូក ខេត្តកំពត។ ក្រុមហ៊ុននេះ បានចាប់ដំណើរការផលិតកម្មចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ ហើយនៅខែមករា ឆ្នាំ ២០១៩ ក្រុមហ៊ុនបានធ្វើការនាំចេញជាលើកដំបូងទៅទីផ្សារ។ ក្នុងឆ្នាំ ២០១៩ កម្ពុជា បាននាំចេញចេកចំនួន ១ ៥៥៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៥៩ ៣៣៦ ៨៥៤ ដុល្លារ ទៅកាន់ទីផ្សារអាស៊ី និងអូសេអានី។ នេះបើតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម។ ក្រសួងបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ ២០២០ ការនាំចេញចេកមានចំនួន ១៤ ២០៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៦៨ ៥៦២ ៧៩៣ ដុល្លារ និងមានទិសដៅនាំចេញទៅកាន់អឺរ៉ុប អាស៊ី អូសេអានី និងទីផ្សារដ៏សំខាន់មួយទៀត គឺប្រទេសចិន។ នៅក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២២ នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៣ ៤៣៤ ០៧០,៦៣ តោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១ តោន ស្មើនឹង ១១,១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលទទួលបានត្រឹមតែ ៣ ០៨៩ ២០៩,៩២ តោន។ នេះបើតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋាភិបាលប្រទេសចិន បានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៩ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់អាចនាំចេញផ្លែចេកពីកម្ពុជាទៅកាន់ប្រទេសចិនបាន។
លោក ហ៊ុន ឡាក់ បានបញ្ជាក់ថា ទៅថ្ងៃអនាគតក្រុមហ៊ុន Longmate មានគម្រោងពង្រីកកសិដ្ឋានដាំចេកនេះបន្ថែមទៀត ប៉ុន្ដែមិនទាន់ដឹងថាត្រូវពង្រីកចំនួនប៉ុន្មាននោះទេ។ លោកថា នៅពេលដែលក្រុមហ៊ុនពង្រីកកសិដ្ឋាន ចំនួនកម្លាំងពលកម្មក៏មានតម្រូវការបន្ថែមទៀតផងដែរ៕