
សៀមរាបៈ ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិរដ្ឋបាលខេត្តសៀមរាបបានរៀបចំធ្វើ «សៀមរាបសង្ក្រាន្ត» ដើម្បីភ្ញៀវទេសចរជាតិអន្តរជាតិបានកម្សាន្តសប្បាយ។ក្នុងនោះអាជ្ញាធរបានជូនដំណឹងពីការធ្វើការបញ្ជៀសចរាចរណ៍នៅលើកំណាត់មួយចំនួន ដើម្បីកុំឱ្យមានការកកស្ទះ។
តាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១១ ខែមេសា បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗមួយចំនួន នៅក្នុងក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរដូចជា កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរ្តិ៍ ដល់ចំណុចមុខសណ្ឋាគារ J7 កំណាត់ផ្លូវមុខមហាសណ្ឋាគារអង្គរ (Raffles Grand Hotel d''Angkor) កំណាត់រុក្ខវិថីព្រះសីហនុ (ផ្លូវហ្សាលដឺហ្គោល) ចាប់ពីចំណុចស្តុបសារមន្ទីរជាតិអង្គរ រហូតដល់ ចំណុចគល់ស្ពានវត្តរាជបូព៌ នៃផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង និងកំណាត់ផ្លូវនានាដែលជាច្រកចូលមកកាន់ផ្លូវពោធិ៍កំបោរ(ផ្លូវខាងលិចមាត់ស្ទឹង)។
ក្រៅពីនោះមានកំណាត់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើតមាត់ស្ទឹង) ចាប់ពីចំណុចគល់ស្ពានវត្តពោធិលង្កា រហូតដល់ចំណុចគល់ស្ពានវត្តរាជបូព៌ និងចាប់ពីចំណុចគល់ស្ពានវត្តរាជបូព៌ រហូតដល់គល់ស្ពាន វត្តព្រះរាជដំណាក់ និងកំណាត់ផ្លូវនានាដែលជាច្រកចូលមកកាន់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើត មាត់ស្ទឹង) និង កំណាត់ផ្លូវវង់តូច នៃតំបន់រមណីយដ្ឋានអង្គរ ចាប់ពីចំណុចក្លោងទ្វារជ័យ រហូតដល់ចំណុចស្ពានប្រាសាទតាកែវ។
រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបនិងក្រុមការងាររដ្ឋបាលខេត្តសៀមរាប គិតមកត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ ទីតាំងប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទបានរៀបចំរួចរាល់ជាស្ថាបពរដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២២។ រដ្ឋបាលខេត្តនេះបញ្ជាក់ថា៖«តំបន់ប្រាសាទមានពិធីដូចជាបួងសួងសុំសេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ភូមិខ្ញុំ លេងល្បែងប្រជាប្រិយ ល្ខោនបាសាក់ និងស្រង់ព្រះ»៕