ភ្នំពេញ៖ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្លែងថា កម្លាំងប្រជាការពារបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត មិនគិតថា ពេលយប់ ឬពេលថ្ងៃឡើយ គឺមានគោលដៅតែមួយគត់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ានី ថ្លែងដូច្នេះ នៅពេលលោកធ្វើជាតំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំងសន្តិសុខរបស់រាជធានីភ្នំពេញជាង ៧០០ នាក់ នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី ១២ ខែមេសា។
លោកថ្លែងថា៖ 《ប្រជាការពារនៅរាជធានីភ្នំពេញបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត មិនថាយប់ ថ្ងៃ ក្តៅរងា ឬមានភ្លៀងធ្លាក់នោះទេ ពួកគាត់តែងបំពេញការងារមិនខ្លាចនឿយហត់ឡើយក្នុងគោលបំណងតែមួយគត់ គឺរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅក្នុងរាជធានីភ្នំពេញ ពិសេស គឺរក្សាឱ្យបាន ភូមិ ឃុំ មានសុវត្ថិភាព》។
លោកបន្តថា ប្រជាការពារ សម្រាប់ថ្នាក់ដឹកនាំពិតជាបានដឹង និងនៅជាមួយបងប្អូនប្រជាការពារជានិច្ច ដើម្បីរួមគ្នាជាធ្លុងមួយក្នុងទិសដៅតែមួយគត់ គឺរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។
ជាមួយគ្នានេះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឱ្យដឹងផងដែរថា សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពារ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធជានិច្ច។ នេះជាការបង្ហាញឱ្យឃើញអំពីមនោសញ្ចេតនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃ និងការគិតគូរជាប្រចាំសម្រាប់មន្ត្រីក្រោមឱវាទ ពិសេសគឺបងប្អូនប្រជាការពារនៅរាជធានីភ្នំពេញ។
លោកបន្តថា ចលនាប្រជាការពារគឺជាកម្លាំងស្ម័គ្រចិត្ត ដើម្បីរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានសង្កាត់ ខណ្ឌនៃរាជធានីភ្នំពេញ។
លោកថ្លែងថា៖ 《កម្លាំងប្រជាការពារជាជំនួយការយ៉ាងសំខាន់របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទៅលើការងារមួយចំនួនដូចជាការងារសម្រួលចរាចរណ៍ ការសម្អាតអនាម័យបរិស្ថានជាមួយនឹងការងារសង្គ្រោះបឋមផងដែរ》។
បើតាមលោក ឃួង ស្រេង ជាងនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាផងដែរទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩៕