​ភ្នំពេញៈ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ ចក្រភព​អង់គ្លេស លោក កាន់ ផា​រិ​ទ្ធ បាន​បំពាក់ មេដាយ​កិត្តិយស​សហ​មេត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​លោក Lou McGrath សម្រាប់​ការងារ​មនុស្សធម៌​នៅ​កម្ពុជា ដែល​បាន​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​សង្គ្រាម តាមរយៈ​មូលនិធិ Sir Bobby Charlton Foundation នៅ​កម្ពុជា​។​

​លោក លី ធុជ ទេសរដ្ឋមន្ត្រី និង ជា​អនុប្រធាន ទី​១ អាជ្ញាធរ​មីន បាន​ថ្លែងថា អាជ្ញាធរ​មីន បាន​សម្របសម្រួល និង​ធ្វើការ​ជាមួយ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​រួចហើយ​ក្នុង ការបំពាក់​មេដាយ ជូន​ដល់ លោក Lou McGrath កាល​ថ្ងៃទី​១៤ ខែមេសា​។ នេះ​បើ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​អាជ្ញាធរ​មីន ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នា​ថ្ងៃទី​១៥ ខែ មេសា​។​

​លោក ថ្លែងថា ចាប់តាំងពី​ការបង្កើតឡើង កាលពី​១១​ឆ្នាំមុន មូលនិធិ Sir Bobby Charlton ក្រោម​ការដឹកនាំ​របស់​លោក Lou McGrath បាន​គាំទ្រ​ការ​បោសសម្អាត​មីន និង​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ដ៏​សំខាន់​នៅក្នុង​តំបន់ ក៏ដូចជា​ការបង្កើត​ក​ម្ម​វិធី​អប់រំ​ពី​ហានិភ័យ​ដោយសារ​មីន និង​កម្មវិធី​បណ្តុះបណ្តាល អវៈយវៈ​សិប្ប​និមិត្ត និង​ផ្តល់​មូលនិធិ​ដល់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ជន​មាន​ពិការភាព​ក្នុង​ខេត្តពោធិ៍សាត់​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល មូលនិធិ Sir Bobby Charlton តាមរយៈ​អាជ្ញាធរ​មីន បាន​ចូលរួម​ជួយ​សម្រាល​បន្ទុក​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​គ្រួសារ​រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់ថា​៖ «​ដោយសារ​ជំងឺ​កូ​វីដ​១៩ ពិធី​បំពាក់ មេដាយ បានធ្វើ​ឡើង​នៅ​ចក្រភព​អង់គ្លេស សាល Booths, Knutsford និង​មានការ​ចូលរួម​ដោយ​អភិបាលក្រុង Knutsford លោក Cllr Stewart Gardner​។​

​លោក Lou McGrath បាន​ប្រាប់ លោក លី ធុជ តាមរយៈ​បណ្តាញ​ទំនាក់ទំនង WhatApp ថា វា​ជា​កិត្តិយស​សម្រាប់​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ Sir Bobby Charlton ដែល​បានទទួល​នូវ​មេដាយ​កិត្តិយស​នេះ ហើយ​លោក បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន​។​

​លោក​ថ្លែងថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​លោក​បាន​ចូលរួម​ជាមួយ​សកម្មភាព​មីន​នៅ​កម្ពុជា ហើយ​បាន​បង្កើត​មិត្ត​យ៉ាងច្រើន​នៅ​កម្ពុជា​។

​លោក «​សូម​» ចែករំលែក​កិត្តិយស​នេះ​ជូន​ដល់​មិត្តភក្ដិ​កម្ពុជា ដែល​បាន​ចូលរួម​ជាមួយ​លោក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​លោក Lou McGrath បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មីន​ចំពោះ​ការប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​សម្រេចបាន​នូវ​គោលបំណង និង​គោលដៅ​នៃ​សន្ធិសញ្ញា​ហាមប្រាម​គ្រាប់មីន ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​»៕​

វីដេអូ៖