បាត់ដំបងៈ ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានអនុវត្តការងារចុះបង្ក្រាបបទល្មើសជលផលបានចំនួន៣៨ករណី ដោយបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសចំនួន៥នាក់ បញ្ជូនទៅតុលាការ និងបានរឹបអូសរបាំងសាច់អួន និង របាំងសាច់ស្បៃមុង សរុប ១៨៥៦០ម៉ែត្រ ព្រមទាំងឧបករណ៍នេសាទខុសច្បាប់ជាច្រើនទៀត។ នេះបើយោងតាមទិន្នន័យ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី១៣ ខែមេសា។
ក្នុងរបាយការណ៍ ដែលផ្ដល់ឱ្យដោយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានបង្ហាញពីស្ថិតិបទល្មើសជលផល ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ សរុប ៣៨ករណី ក្នុងនោះ ករណីបំផ្លាញវត្ថុតាងចោលអនុវត្តបានចំនួន ៣៣ ករណី កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន០៥ករណី និងបានរឹបអូសវត្ថុតាងនៃបទល្មើសរួមមាន របាំងសាច់អួនប្រវែង១៨២៦០ម៉ែត្រ, សាច់ស្បៃមុងប្រវែង៣០០ម៉ែត, លូស្បៃមុងចំនួន២៤មាត់, លបឡុកចំនួន១១៣គ្រឿង, បង្គោលឈើនិងឫស្សីចំនួន៧ ៨០០ដើម, អាំងវ៉ិចទ័រ២គ្រឿង, អាគុយ១គ្រឿង និងដងឆក់ ២គូ ព្រមទាំងបានលែងកូនត្រីចម្រុះប្រភេទ និងត្រីរ៉ស់ ចូលបឹងធម្មជាតិ សរុបចំនួន ១ ១៩០ គីឡូក្រាម។
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រៅពីការងារបង្ក្រាបបទល្មើសជលផល ក្រុមការងាររបស់លោក បានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន និង អង្គការជាដៃគូ បានចុះផ្សព្វផ្សាយអំពីវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវធនធានមច្ឆជាតិនៅកម្ពុជា ជាពិសេស ក្នុងតំបន់ជុំវិញបឹងទន្លេសាប ដល់ប្រជាសហគមន៍នេសាទ ជាពិសេសអ្នកដែលរស់នៅលើផ្ទះបណ្ដែតទឹក ក្នុងតំបន់ព្រៃលិចទឹក នៃលម្ហបឹងទន្លេសាប ដើម្បីឱ្យពួកគាត់មានការយល់ដឹង និងចូលរួមទប់ស្កាត់បទល្មើសជលផល និងបទល្មើសកាប់រាន ឈូសឆាយ និងដុតបំផ្លាញដីព្រៃលិចទឹក។
លោកបានថ្លែងថា៖«ការបង្ក្រាបបទល្មើសជលផល និងបទល្មើសកាប់រានដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់អាជ្ញាធរនិងប្រជាសហគមន៍ក្នុងមូលដ្ឋានផ្ទាល់តែម្ដង។ បើពុំនោះទេ កិច្ចការនេះ នឹងមិនអាចទទួលបានជោគជ័យឡើយ »។
បើតាមលោក សុភា ផ្ទៃដីព្រៃលិចទឹក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង មានចំនួន ២០៦៩៥៣ហិកតា។
នៅក្នុងការងារអភិរក្សនិងអភិវឌ្ឍន៍វិស័យជលផលនៅក្នុងខេត្តនេះ គឺ ក្រុមការងារ នៃខណ្ឌរដ្ឋបាលជលផលខេត្ត បានបង្កើតកសិដ្ឋានភ្ញាស់កូនត្រីពូជ ចំនួន១៣កន្លែង, បង្កើតសហគមន៍នេសាទចំនួន៤៦សហគមន៍, ជួយជីកស្ដារស្រះជម្រកត្រីសហគមន៍បានចំនួន៤៥កន្លែង, រៀបចំកន្លែងអភិរក្សត្រីមេពូជជូនសហគមន៍ បានចំនួន៤៩កន្លែង បង្កើតតំបន់អភិរក្សចំនួន៧កន្លែង មានផ្ទៃដីសរុប៥៣ ៧៥០ហិកតា៕