សៀមរាបៈ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកខ្សែភ្លើងក្នុងរោងចក្រអគ្គិសនីជប៉ុន នៅខេត្តសៀមរាប ដោយបំផ្លាញខ្សែភ្លើងអស់ជាច្រើនដុំ នារសៀលថ្ងៃទី១៥ ខែមេសា ស្ថិតនៅក្រុមទី៧ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលករណីនេះត្រូវបានសង្ស័យបណ្តាលមកពីការដុតសំរាម។
យោងតាមរបាយការណ៍មន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានបង្ហោះក្នុងទំព័រហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី១៥ ខែមេសា បានឱ្យដឹងថា៖ «ខ្សែភ្លើងធំៗជាច្រើនដុំ ត្រូវបានអគ្គិភ័យឆាបឆេះ នៅចំណុចឃ្លាំងស្តុកខ្សែភ្លើងអគ្គិសនី ក្នុងរោងចក្រអគ្គិសនីជប៉ុន»។
មន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានដកស្រង់របាយការណ៍របស់អាវុធហត្ថក្រុងសៀមរាប បញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍បន្ទាន់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង។
របាយការណ៍ដដែលបន្តថា អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុង បន្ទាប់ពីអន្តរាគមន៍អស់រយ:ពេលជិត ២ ម៉ោង ដោយពុំបណ្តាលឱ្យមនុស្សស្លាប់ និងរបួស ហើយក៏មិនបង្កការឆាបឆេះទៅដល់លំនៅឋានប្រជាពលរដ្ឋក្បែរៗនោះដែរ ដោយសារក្នុងបរិវេណមានរបងព័ទ្ធជុំវិញ។
របាយការណ៍ដដែលបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា មូលហេតុនៃអគ្គិភ័យនេះអាចបណ្តាលមកពីមានប្រជាពលរដ្ឋដុតសំរាមនៅក្រៅរបង ហើយធ្លាក់ផ្កាភ្លើងមកចំដុំរមូរខ្សែភ្លើង។ ចំពោះទំហំខូចខាតគេនៅមិនទាន់ប៉ាន់ស្មានបាននៅឡើយទេ៕