ភ្នំពេញៈអាស៊ាន និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រជុំកំពូលពិសេសនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក នៅថ្ងៃទី ១២-១៣ ខែឧសភា ខណៈកម្ពុជាគឺជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ នេះ។
សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ប្រធានអាស៊ានដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជាកាលពីយប់ថ្ងៃទី១៦ ខែមេសាបញ្ជាក់ថា៖ «អាស៊ាន និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមរិក ដែលមានវ័យ៤៥ឆ្នាំមកហើយ។នេះគឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១សម្រាប់ថ្នាក់ដឹកនាំយើង គិតចាប់តាំងពីឆ្នាំ២០១៧ មក»។
ថ្នាក់ដឹកនាំអាស៊ាន និងប្រធាននាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន(Joe Biden) នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលម្ហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។
ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកក៏នឹងធ្វើការផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។
សេចក្តីថ្លែងការណ៍ព័ត៌មានបញ្ជាក់ថា៖ «នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកនឹងដាក់ចេញនូវទិសដៅអនាគតនៃទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាមេរិកហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមកនៃប្រជាជនអាស៊ាននិងប្រជាជនសហរដ្ឋអាមេរិក»។
ប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ក៏នឹងបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាព និងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ានក៏ដូចជា ដើម្បីបង្កើនជំនឿនិងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់៕