ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​លើកឡើងថា ក្នុង​រយៈពេល ​១ ​ឬ​ ២​ សប្តាហ៍ ក្រោយពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ កម្រិត​នៃ​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូវីដ​ ១៩ ឬ​ភាពស៊ាំ​នៃ​សហគមន៍​នឹង​អាច​ដឹង ហើយ​ពេលនោះ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បន្ត​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​ដែល​កើតឡើង​នៅពេលនោះ​។

លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ នា​ថ្ងៃទី​ ១៦ ខែមេសា ក្នុង​ពិធី​អភិសេក​រូបសំណាក «​ព្រះថោង​នាងនាគ​» នៅ​ខេត្ត​ព្រះសីហនុ​ដែលជា​ថ្ងៃទី​ ៣ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ជាមួយ គ្នា​នោះ​លោក​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មិនត្រូវ​អនុវត្ដ​នូវ​ច្បាប់​ទាក់ទង​នឹង​ការគ្រប់គ្រង​កូវីដ​ ១៩ និង​ជំងឺឆ្លង​ដទៃទៀត​ក្នុង​ដំណាក់កាល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​ទេ​លើកលែង​តែមាន​ស្ថានភាព​ឆ្លង​ធ្ងន់ធ្ងរ​ណាមួយ​កើតមានឡើង​។ លោក ហ៊ុន សែន ថា នៅតាម​ភូមិ ឃុំ តាម​តំបន់​ទេសចរណ៍​នានា នៅតែ​ដំណើរ​ការធម្មតា ពិតមែន​តែ​លោក​នៅមាន​កង្វល់​នៅឡើយ តែ​លោក​ក៏​នឹង​លើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​លេង​កម្សាន្ត​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

យ៉ាងណាក្តី លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​ការអនុវត្ត​នូវ​វិធានការ​ការពារ​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ ហើយ​ប្រសិនបើ​មាន​ការសង្ស័យ​ត្រូវធ្វើ​តេស្ត​ភ្លាម បើ​ឃើញថា វិជ្ជមាន​ត្រូវដាក់​ខ្លួន​ដាច់ដោយឡែក​និង​ព្យាបាល​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​។ បើទោះបីជា​រាជរដ្ឋាភិបាល​បាន​បើក​ឱ្យ​ខេត្ត​ចំនួន​ ៤ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ធ្វើការ​ជ្រើសរើស​ពាក់​ ឬ​មិន​ពាក់​ម៉ាស់​ក៏ដោយ ក៏ប៉ុន្តែ​ក្នុង​រយៈកាល​ ៣​ ថ្ងៃ​កន្លងទៅនេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន មិនបាន​ពាក់​ម៉ាស់​នោះទេ​។

ទាក់ទង​នឹង​ចំណុច​នេះ​លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ប្រជាពលរដ្ឋ​របស់​យើង​ត្រូវតែ​បន្ត​ការពារ​កុំឱ្យ​មានការ​ឆ្លង​រាលដាល ក្រោយពេល​រដូវចូលឆ្នាំ​។ សុំ​ទៅ​ទទួលយក​ដូស​ជំរុញ​ជា ដូស​ទី ​៣ ​ឬ​ដូស​ទី​ ៤ ឱ្យបាន​គ្រប់ៗ​គ្នា​។ មុនពេល​វិលត្រឡប់​ទៅផ្ទះ​វិញ​។ សុំ​ទទួល​យក​វ៉ាក់សាំង​នៅ​ទីកន្លែង​ដែល​បាន​រៀបចំ​ជូន​នៅតាម​បណ្តា​ខេត្ត វត្តអារាម និង​កន្លែង​ខ្លះទៀត ដែល​មាន​ការរៀបចំ​ដោយ​អាជ្ញាធរខេត្ត​ទាំងឡាយ​»​។

លោក​មាន​ប្រសាសន៍​បន្ត​ថា៖ «​យើង​នឹងធ្វើ​កិច្ចការងារ​នេះ ដើម្បី​ធានាថា កម្ពុជា​មាន​សុវត្ថិភាព​គ្រប់គ្រាន់ បើទោះបី​ជា​ចូលឆ្នាំ​មនុស្ស​រាប់លាន​នាក់ ហើយ​កន្លែង​ខ្លះ​មាន​ការពពាក់ពពូន​យ៉ាងខ្លាំង​ក៏ដោយ​ ក៏ប៉ុន្តែ​ស្ថានភាព​ឆ្លង​មិន​ត្រូវបាន​មើលឃើញ​។ ប៉ុន្តែ​យើង​ត្រូវ​រង់ចាំ​មើល​ក្រោយ​ចូលឆ្នាំ​ខ្មែរ​រយៈពេល​ ១ ​សប្តាហ៍​ទៅ​ ២ ​សប្តាហ៍ យើង​អាច​ដឹងបាន​ថា តើ​កម្រិត​នៃ​ការឆ្លង​មាន​រហូតដល់​ណា​? ពេលនោះ​យើង​នឹង​បន្ត​ចាត់វិធានការ​ចាំបាច់​នានា​ ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​ដែល​កើតឡើង​នៅពេលនោះ​»​។ លោក ហ៊ុន សែន មាន​ក្តី​សង្ឃឹមថា ប្រជាពលរដ្ឋ​នឹង​ទទួលយក​នូវ​សំណូមពរ​នេះ តាមរយៈ​នៃ​ការខិតខំ​ទទួលយក​នូវ​វ៉ាក់សាំង​ដូស​ជំរុញ​ដើម្បី​ធានាថា ប្រទេស​កម្ពុជា​មាន​សុវត្ថិភាព​គ្រប់គ្រាន់ និង​បន្ត​ការសប្បាយ​រីករាយ​ដោយ​បន្ត​ការយកចិត្ត​ទុកដាក់ ប្រុងប្រយ័ត្ន​នៃ​ការរីករាល​វីរុស​កូវីដ​ ១៩​។ លោក​ថា៖ «​ត្រូវ​បន្ត​តាមដាន​នូវ​កិច្ចការងារ​នេះ​បន្តទៀត​។ ផុតពី​អាទិត្យ​ក្រោយ​ទៅ យើង​នឹង​អាច​វាយតម្លៃ​បាន​តើ​ភាពស៊ាំ​សហគមន៍​របស់​យើង​ដល់​កម្រិតណា​?»​។

ទន្ទឹមនឹង​នេះដែរ​លោក​ក៏បាន​សង្កេតឃើញ​ផងដែរ​ថា ពិតជា​មាន​ការសប្បាយ​រីករាយ និង​មាន​សាមគ្គីភាព​ក្នុង​ចំណោម​ប្រជាជន​នៅតាម ភូមិ តាម​ឃុំ និង​ទីកន្លែង​កម្សាន្ត​នានា បើទោះបី​ប្រទេស​កម្ពុជា​មាន​ ១៧ គណបក្ស​ដែល​ត្រៀម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេល​ខាងមុខនេះ​ក៏ដោយចុះ ក៏ប៉ុន្ដែ​មិនបាន​ឃើញ​នូវ​សញ្ញា​នៃ​ការបែងចែក​រើសអើង​ណាមួយ នៅក្នុង​ចំណោម​ប្រជាជន​នៅពេលវេលា​ដែល​មកដល់​សម្រាប់​ការបោះឆ្នោត​នោះទេ​។

លោក​ ហ៊ុន សែន​បញ្ជាក់​ទៀតថា​៖ «​គេ ​[​ពលរដ្ឋ​] ​ចូល​រាំ​សប្បាយ​រីករាយ​ចូល​លេង​ជាមួយ​គ្នា ដោយ​មិន​គិតថា អ្នកណា​នៅ​ខាង​គណបក្ស​ណា​នោះទេ​។ ការទទួល​បាន​វ៉ាក់សាំង​ក៏​ដូចគ្នា​កម្ពុជា​គ្មាន​ការរើសអើង​ណាមួយ​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​របស់ខ្លួន​ទោះបី​ជឿ​លើ​បក្ស​ណា​ក៏ដោយ សុទ្ធតែ​ទទួលបាន​នូវ​វ៉ាក់សាំង​ទាំងអស់ នេះហើយ​ជា​មោទនភាព​របស់​កម្ពុជា​របស់​ខ្មែរ​យើង​»​។ លោក​បន្តថា ថ្ងៃទី​ ១៦ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ប៉ុន្ដែ​ប្រជាពលរដ្ឋ​ក៏​នឹង​លេង​បន្ត​ដោយសារ​ថ្ងៃទី ​១៦ នេះ​ទើបតែ​ថ្ងៃ​សៅរ៍ ពលរដ្ឋ​អាច​លេង​កម្សាន្ត​ដល់​ថ្ងៃអាទិត្យ ហើយ​ភូមិ ឃុំ និង​តំបន់​រមណីយដ្ឋាន​ខ្លះ អាច​បន្ត​លេង​កម្សាន្ត​ទៅមុខទៀត ពីព្រោះ​ទម្លាប់​ប្រជាពលរដ្ឋ គឺ​លេង​មុន​ ១​ សប្ដាហ៍​ និង​ក្រោយ​កន្លះ​ខែ​ថែមទៀត​។

គួរ​រំឭក​ផងដែរ​ថា កម្ពុជា​បាន​ខកខាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​អស់​រយៈពេល​ ២ ​ឆ្នាំ​មកហើយ​ ដោយសារ​ការ​រាតត្បាត​នៃ​មេរោគ​កូវីដ​ ១៩ គឺ​នៅ​ឆ្នាំ​ ២០២០ និង​ ២០២១៕

វីដេអូ៖