ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី ១៧ មេសា បានចាប់ផ្តើមដំណើរការចែកបណ្ណព័ត៌មានដល់អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅទូទាំងប្រទេសសរុបចំនួន ៩ ២០៥ ៦៨១ នាក់ ស្មើនឹង ៨៧,៩៤% ក្នុងនោះស្រីចំនួន ៤ ៩០៤ ៨៣២ នាក់ ដើម្បីឱ្យពួកគាត់បានដឹងពីឈ្មោះ លេខរៀង និងកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់ភ្នំពេញប៉ុស្តិ៍ថា គ.ជ.ប. នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ គឺជាថ្ងៃដំបូងនៃការចាប់ផ្តើមដំណើរការចែកបណ្ណអ្នកបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅទូទាំងប្រទេស។ កម្មវិធីចែកបណ្ណនេះនឹងបញ្ចប់នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២។ គោលបំណងសំខាន់នៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ដើម្បីឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានដឹងអំពីឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតលេខរៀងក្នុងបញ្ជីបោះឆ្នោត កាលបរិច្ឆេទនៃការបោះឆ្នោតរួមនឹងការិយាល័យបោះឆ្នោត ដែលអ្នកមានឈ្មោះបោះឆ្នោតទាំងនោះត្រូវទៅចូលរួមបោះឆ្នោត។ បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមានភាពងាយស្រួលក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត។
បើតាមលោកសោម សូរីដា ការទទួលបានបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមានសារៈសំខាន់ណាស់ ព្រោះវាបានកត់សម្គាល់នូវឯកសារដែលប្រជាពលរដ្ឋ ត្រូវប្រើសម្រាប់បោះឆ្នោតនោះ គឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព។ ចំពោះប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់គាត់ខូច ឬបាត់ បុគ្គលនោះ ត្រូវទៅជួបគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ដើម្បីបំពេញបែបបទសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដែលមានរយៈពេល ៣០ ថ្ងៃ ក្នុងការផ្តល់ជូនប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «អ៊ីចឹងទេ កាលបរិច្ឆេទចុងក្រោយនៃការឈប់ផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនេះត្រឹមថ្ងៃសុក្រ ទី ៣ មិថុនា ឆ្នាំ ២០២២។ សូមបងប្អូនប្រជាពលរដ្ឋរួសរាន់ទៅសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោតក្នុងករណីដែលអត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់បម្រើឱ្យការបោះឆ្នោត»។
លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ មេសា ថា សម្រាប់ខេត្តបាត់ដំបងកំពុងតែដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតដោយរលូន នៅថ្ងៃទី ១ នេះមិនមានអ្វីជាបញ្ហានោះទេ។ លោកបន្តថា លោកកត់សម្គាល់ឃើញ ប្រជាពលរដ្ឋនៅតាមផ្ទះបានស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលយកបណ្ណនេះដោយរីករាយ និងត្រៀមទៅចូលរួមបោះឆ្នោតនៅពេលខាងមុខ។
លោកបានថ្លែងថា៖ «យើងចុះដល់ខ្នងផ្ទះ យើងអត់ប្រមូលផ្តុំទេ ដោយក្នុងនោះ តាមការណែនាំរបស់ គ.ជ.ប. យើងបានបង្កើតជាក្រុម មាន PEC ជាប្រធាន ក្រុមប្រឹក្សាឃុំសង្កាត់ និងមេភូមិជាសមាជិក។ មានឃុំ សង្កាត់ខ្លះចែកជា ២ ក្រុម និងឃុំ សង្កាត់ខ្លះទៀត ចែកជា ៣ ក្រុម ទៅតាមស្ថានភាពភូមិតូច ឬធំ ដើម្បីចែកបណ្ណព័ត៌មាន អ្នកបោះឆ្នោត»។
ទោះជាយ៉ាងណា លោកថា ក៏មានការលំបាកក្នុងការចែកបណ្ណព័ត៌មានជូនដល់ប្រជាពលរដ្ឋមួយចំនួន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដោយផ្ទាល់ដៃដែរ ដោយសារតែប្រជាពលរដ្ឋទាំងនោះបានធ្វើចំណាកស្រុក ធ្វើដំណើរទៅធ្វើការនៅប្រទេសថៃ។ ប៉ុន្តែក្រុមការងារក៏បានផ្តល់ទៅឱ្យក្រុមគ្រួសារ ឬសាច់ញាតិរបស់ពួកគេ ដែលរស់នៅក្បែរគ្នា ដើម្បីរក្សាទុកឱ្យពួកគេ នៅពេលដែលត្រឡប់មកវិញ។
លោកស្រី អ៊ាង សារិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែមេសាថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅថ្ងៃដំបូងនៅក្នុងមូលដ្ឋានខេត្តក្រចេះ កំពុងតែដំណើរការទៅជាធម្មតា និងទៅតាមផែនការរបស់ខ្លួន ដោយមិនទាន់មានអ្វីដែលជាបញ្ហារាំងស្ទះ គួរឱ្យកត់សម្គាល់នោះទេ។
លោកស្រីថ្លែងថា៖ «សម្រាប់ខេត្តក្រចេះ អត់មានអ្វីជាបញ្ហាទេ គឺយើងកំពុងដំណើរការ។ នៅគ្រប់គណៈកម្មការឃុំ-សង្កាត់ បានរាយការណ៍មានទាំងរូបភាពពួកគាត់បានចែកទៅតាមផែនការរបស់គាត់ មានទាំងប្រមូលផ្តុំគ្នាជាក្រុម និងចុះចែកនៅតាមខ្នងផ្ទះ។ យ៉ាងណាមិញ ក៏យើងមិនអាចចែកឱ្យអស់ថ្ងៃហ្នឹងបានទេ ព្រោះយើងមានរយៈពេលរហូតទៅដល់ ១ ខែ។ យើងធ្វើទៅតាមផែនការ និងប្រតិទិន ដើម្បីចែកឱ្យទៅដល់ដៃប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត»៕