ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសបិទបញ្ចប់នូវវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំនេះ មុន ១ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
គ.ជ.ប បានប្រកាសឱ្យដឹងថា វគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ សម្រាប់គ្រូបង្ហាត់ និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ត្រូវបានបិទបញ្ចប់នារសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ នៅទីស្តីការ គ.ជ.ប ។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ, គ.ជ.ប បានកសាងប្រតិទិន និងផែនការមេ និងបានអនុវត្តសម្រេចការងារតាមដំណាក់កាល។
លោកបានបន្តថា ជាពិសេសការអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ (ប.ន.ឃ.ស) ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រាប់ការអនុវត្តជាក់ស្តែង។
លោក ទេព នីថា បានបញ្ជាក់ថា៖ «ដើម្បីជំរុញឱ្យការបោះឆ្នោតអាចប្រព្រឹត្តទៅដោយជោគជ័យបាន ក្រៅពីការកសាងលិខិតបទដ្ឋានគតិយុត្តដែលមានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយហើយនោះ ការបណ្តុះបណ្តាលបំពាក់បំប៉ន ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតឱ្យមានការយល់ដឹងច្បាស់លាស់អំពីច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត»។
លោកបានបន្ថែមថា៖ «នេះគឺជាកត្តាសំខាន់ដែល គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យហ្មត់ចត់ ហើយនេះគឺជាហេតុផលសំខាន់នាំឱ្យមានការជួបជុំគ្នាដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះ។ ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះឃើញថា សិក្ខាកាមទាំងអស់ មានការយល់ដឹងអំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតបានល្អប្រសើរ»។
លោក ទេព នីថា បានណែនាំដល់គ្រូបង្ហាត់ទាំងអស់ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តនៅថ្នាក់ គ.ជ.ប ជូនគណៈកម្មាធិការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយ តំណាងអង្គការសង្កេតការណ៍ និងភាគីពាក់ព័ន្ធផ្សេងទៀតតាមផែនការ និងប្រតិទិនដែលបានកំណត់។
គួរបញ្ជាក់ថា គ.ជ.ប តែងតែរៀបចំវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីបម្រើការងារបោះឆ្នោត និងភាគីពាក់ព័ន្ធនានាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបូករួមនឹងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីត្រៀមមុនដំណាក់កាលនីមួយៗនៃការបោះឆ្នោតចូលមកដល់។ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំនេះ គ.ជ.ប បានអនុវត្តការងារ និងសម្រេចបាននូវលទ្ធផលសម្រាប់ដំណាក់កាលទី ១ និងទី ២ រួចមកហើយនោះ គឺការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ និងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។
រីឯដំណាក់កាលទី ៣ គឺការឃោសនាបោះឆ្នោត និងដំណាក់កាលទី ៤ គឺការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដោយ គ.ជ.ប បានគិតគូរ និងត្រៀមទុកជាមុនដូចដែលមានវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃនេះជាឧទាហរណ៍ស្រាប់៕