បាត់ដំបងៈ ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានអនុវត្តការងារចុះបង្ក្រាបបទល្មើសជលផលបានចំនួន ៣៨ ករណី ដោយបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសចំនួន ៥ នាក់បញ្ជូនទៅតុលាការ និងបានរឹបអូសរបាំងសាច់អួន និងរបាំងសាច់ស្បៃមុងសរុបប្រវែង ១៨ ៥៦០ ម៉ែត្រ ព្រមទាំងឧបករណ៍នេសាទខុសច្បាប់ជាច្រើនទៀត។ នេះបើតាមទិន្នន័យ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ១៣ ខែមេសា។
នៅក្នុងរបាយការណ៍ដែលផ្ដល់ឱ្យដោយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានបង្ហាញពីស្ថិតិបទល្មើសជលផល ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២ សរុប ៣៨ ករណី ក្នុងនោះ ករណីបំផ្លាញវត្ថុតាងចោលអនុវត្តបានចំនួន ៣៣ ករណី កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥ ករណី និងបានរឹបអូសវត្ថុតាងនៃបទល្មើសរួមមាន របាំងសាច់អួនប្រវែង ១៨ ២៦០ ម៉ែត្រ,សាច់ស្បៃមុងប្រវែង ៣០០ ម៉ែត្រ, លូស្បៃមុងចំនួន ២៤ មាត់, លបឡុកចំនួន ១១៣ គ្រឿង, បង្គោលឈើ និងឫស្សីចំនួន ៧ ៨០០ ដើម, អាំងវែរទ័រ ២ គ្រឿង, អាគុយ ១ គ្រឿង និងដងឆក់ ២ គូ ព្រមទាំងបានលែងកូនត្រីចម្រុះប្រភេទ និងត្រីរ៉ស់ចូលបឹងធម្មជាតិ សរុបចំនួន ១ ១៩០ គីឡូក្រាម។
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រៅពីការងារបង្ក្រាបបទល្មើសជលផល ក្រុមការងាររបស់លោកបានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន និងអង្គការជាដៃគូចុះផ្សព្វផ្សាយអំពីវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវធនធានមច្ឆជាតិនៅកម្ពុជា ដល់ប្រជាសហគមន៍នេសាទ ជាពិសេសអ្នកដែលរស់នៅលើផ្ទះបណ្ដែតទឹកក្នុងតំបន់ព្រៃលិចទឹកនៃលំហបឹងទន្លេសាប ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចូលរួមទប់ស្កាត់បទល្មើសជលផល និងបទល្មើសកាប់រាន ឈូសឆាយ និងដុតបំផ្លាញដីព្រៃលិចទឹក។
លោកបានថ្លែងថា៖ «ការបង្ក្រាបបទល្មើសជលផល និងបទល្មើសកាប់រានដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់អាជ្ញាធរ និងប្រជាសហគមន៍ក្នុងមូលដ្ឋានផ្ទាល់តែម្ដង បើពុំនោះទេ កិច្ចការនេះនឹងមិនអាចទទួលបានជោគជ័យឡើយ »។
បើតាមលោក សុភា ផ្ទៃដីព្រៃលិចទឹកដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងមានចំនួន ២០៦ ៩៥៣ ហិកតា។ ចំពោះការងារអភិរក្ស និងអភិវឌ្ឍវិស័យជលផលនៅក្នុងខេត្តនេះ គឺក្រុមការងារនៃខណ្ឌរដ្ឋបាលជលផលខេត្ត បានបង្កើតកសិដ្ឋានភ្ញាស់កូនត្រីពូជ ចំនួន ១៣ កន្លែង, បង្កើតសហគមន៍នេសាទចំនួន ៤៦ សហគមន៍,ជួយជីកស្ដារស្រះជម្រកត្រីសហគមន៍បានចំនួន ៤៥ កន្លែង, រៀបចំកន្លែងអភិរក្សត្រីមេពូជជូនសហគមន៍ បានចំនួន ៤៩ កន្លែង បង្កើតតំបន់អភិរក្សចំនួន ៧ កន្លែង មានផ្ទៃដីសរុប ៥៣ ៧៥០ ហិកតា។
បន្ទាប់ពីមានបទបញ្ជាដ៏តឹងរ៉ឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាបបានសហការចុះល្បាតស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលគ្រប់រូបភាពទាំងអស់ក្នុងគោលបំណងបង្កើនធនធានមច្ឆជាតិនៅក្នុងតំបន់បឹងទន្លេសាបឱ្យសម្បូរឡើងវិញ។
លោក អ៊ឹង ទ្រី អ្នកនាំពាក្យរដ្ឋបាលជលផលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សកម្មភាពនៃការចុះល្បាតស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទបានធ្វើឡើងជាប្រចាំ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ កម្លាំងគណៈកម្មការចម្រុះថ្នាក់ជាតិ រួមទាំងថ្នាក់ខេត្តជុំវិញបឹងទន្លេសាប បានបន្តយុទ្ធនាការចុះល្បាតគ្រប់ច្រកល្ហកទាំងក្នុងតំបន់ព្រៃលិចទឹក និងនៅក្នុងតំបន់លម្ហនៃបឹងទន្លេសាប។
លោកបានបញ្ជាក់ថា៖ « តាំងពីខ្ញុំចូលបម្រើការងារនៅក្នុងវិស័យជលផលនេះមក ខ្ញុំមិនដែលឃើញឆ្នាំណា ក្រុមជនប្រព្រឹត្តបទល្មើស មិនលួចធ្វើសកម្មភាពក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីដូចឆ្នាំនេះឡើយ។ ពួកគេហាក់ដូចជាបាក់ស្បាតចាប់តាំងពីមានបទបញ្ជារបស់សម្ដេចតេជោ និង វិធានការថ្មីៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យបង្ក្រាបជនប្រព្រឹត្តបទល្មើសនេសាទទាំងអស់តាមគ្រប់រូបភាពដោយគ្មានការលើកលែង»។
លោកបានបន្ថែមថា ប្រជានេសាទដែលរស់នៅលើផ្ទះបណ្ដែតទឹក និងនៅលើគោក បាននាំគ្នាលេងរាំរែក ជះទឹក ប៉ាតម្សៅនៅក្នុងពិធីបុណ្យចូលឆ្នាំតាមទីអារាម និងរមណីយដ្ឋាននានាអស់ធ្វើឱ្យស្ថានភាពបទល្មើសនេសាទស្ងប់ស្ងាត់ គ្មានបទល្មើសកើតឡើង។ ថ្វីបើយ៉ាងដូច្នេះក្ដី ក្រុមការងារចម្រុះថ្នាក់ជាតិ និងថ្នាក់ខេត្តជុំវិញបឹងទន្លេសាប មិនធ្វេសប្រហែសឡើយ គឺបណ្ដាក់គ្នាប្រចាំការនៅតាមបញ្ជាការដ្ឋានស្រាល និងល្បាតឃ្លាំមើលបទល្មើសជាប្រចាំ៕