
គ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពីថ្ងៃទី ១៧ មេសា។ រូបថត ប៉ូលិស
ភ្នំពេញៈ មន្ត្រីអង្គការមូលនិធិបង្ការរបួសអាស៊ីបង្ហាញក្តីបារម្ភចំពោះតួលេខគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ដែលអត្រាស្លាប់ និងរងរបួស នៅតែមានចំនួនច្រើននៅឡើយ បើទោះបីជាចំនួននេះទាបជាងចំនួនដែលបានកើតឡើងក្នុងពិធីចូលឆ្នាំកាលពីឆ្នាំ ២០១៩ កន្លងមកក៏ដោយ។
របាយការណ៍របស់នាយកដ្ឋាន-នគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាន-នគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី ១៤-១៧ មេសា មនុស្សចំនួន ៣០ នាក់ស្លាប់ និងជាង ១០០ នាក់រងរបួសធ្ងន់-ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា។
លោក គឹម បញ្ញា នាយកប្រតិបត្តិនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃ ១៧ មេសា ថា ចំនួននេះនៅតែជាចំនួនដែលគួរឱ្យបារម្ភ និងទាមទារនូវការអនុវត្តវិធានការបន្ថែមទៀតទាក់ទងនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា ចំនួននេះជាចំនួនមួយច្រើន ដែលគួរឱ្យព្រួយបារម្ភខ្លាំងដែលទាមទារឱ្យយើងចាំបាច់ត្រូវមានវិធានការឱ្យបានកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសពាក់ព័ន្ធជាមួយនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែទូលំទូលាយ កាន់តែជាប់លាប់ កាន់តែម៉ឺងម៉ាត់ និងមានតម្លាភាព និងស្មើភាព»។
អំឡុងឆ្នាំ ២០២០ និង ២០២១ ប្រទេសកម្ពុជាមិនត្រូវបានរៀបចំឱ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឡើយដោយសារកម្ពុជាមមាញឹកនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ ១៩។ លោក គឹម បញ្ញា បន្ថែម ថា ទោះជាយ៉ាងណា ចំនួននេះបើធ្វើការប្រៀបធៀបជាមួយនឹងចំនួនអ្នកស្លាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ ២០១៩ គឺចំនួនគ្រោះថ្នាក់ក្នុងឆ្នាំនេះមានភាពប្រសើរជាង។
លោកថា៖«អ៊ីចឹង យើងឃើញថាចំនួននេះនៅ [ទាប] ជាងតួលេខ ក្នុងឆ្នាំ ២០១៩ ច្រើនដែលនេះវាក៏បង្ហាញពីសញ្ញាវិជ្ជមានផងដែរ បើទោះបីជាចំនួននេះនៅមានច្រើនគួរឱ្យបារម្ភក៏ដោយ»។
លោកបញ្ជាក់ថា៖ «សញ្ញាវិជ្ជមាននេះគឺមានន័យថាចំនួនអ្នកស្លាប់តិចជាងកាលពីឆ្នាំ ២០១៩ ខណៈដែលយានយន្តចុះបញ្ជីនៅកម្ពុជា ចន្លោះពី ២០១៩ មកដល់ ២០២២ មានជាង ១ លានគ្រឿង ដែលចំនួនមធ្យោបាយធ្វើដំណើរមានការកើនឡើង។ ប៉ុន្តែដោយសារតែយើងមានការខិតខំប្រឹងប្រែង យើងឃើញថាចំនួនអ្នកស្លាប់ នេះអាចបន្ទាបបានក្នុងចំនួនមួយគួរឱ្យកត់សម្គាល់ផងដែរ»។
ទាក់ទងនឹងចំណុចវិជ្ជមាននេះបើតាមលោក គឹម បញ្ញា លោកមើលឃើញថា ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ប្រជាពលរដ្ឋ រួមទាំងស្ថាប័ន-សារព័ត៌មាន បានខិតខំក្នុងការ-ជួយផ្សាយ ក្រើនរំឭកពីវិធានការការពារពីគ្រោះថ្នាក់ចរាចរណ៍ដោយមានយុទ្ធនាការច្រើន ដោយមានទាំងសេចក្តីអំពាវនាវជាដើម។
លោកប្រាប់ថា៖ «ជារួម ខ្ញុំមើលឃើញពីការខិតខំ ហើយជាលទ្ធផល យើងឃើញថា បើទោះបីជាមានកំណើនយានយន្ត និងមានលំហូរចរាចរណ៍ទៅកាន់បណ្តាខេត្តនានាមានការមមាញឹកក្តី តែវាអាចទប់សភាពការណ៍មិនឱ្យមានការកើនឡើងខ្ពស់ខ្លាំងដូចកាលពីឆ្នាំ ២០១៩ ដែលក្នុងរយៈពេល ៥ ថ្ងៃមានអ្នកស្លាប់រហូតដល់ប្រមាណជា ៦០ នាក់ និងអ្នករបួសជាង ២០០ នាក់»។
ទោះជាយ៉ាងណា បើតាមនាយកប្រតិបត្តិអង្គការនេះលោកក៏កត់សម្គាល់ឃើញផងដែរទាក់ទងនឹងចំណុចអវិជ្ជមានមួយចំនួន ដែលនៅតែកើតមានឡើង ខណៈការចូលរួមគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋភាគច្រើនបានត្រឹមត្រូវ គឺនៅមានប្រជាពលរដ្ឋមួយចំនួននៅមានឥរិយាបថធ្វេសប្រហែស។ ឥរិយាបថនេះហើយដែលធ្វើឱ្យពួកគាត់ងាយប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ដូចជាការបើកបរមិនពាក់មួកសុវត្ថិភាព បើកបរក្នុងល្បឿនលឿន ការមិនគោរពភ្លើងសញ្ញាជាដើម។
លោក គឹម បញ្ញា ថ្លែងថា៖ «ចំណុចទាំងអស់នេះហើយដែលទាមទារចាំបាច់ជាថ្មីម្តងទៀត គឺការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ទូលំទូលាយ និងជាប់លាប់ ដោយធ្វើទាំងថ្ងៃទាំងយប់ ហើយមានតម្លាភាព និងស្មើភាព»។
លោកធ្លាប់បានស្នើឱ្យខាងរាជរដ្ឋាភិបាល ជាពិសេសស្ថាប័នដែលទទួលការអនុវត្តច្បាប់ត្រូវដាក់ការអនុវត្តច្បាប់ឱ្យបានខ្លាំងផងដែរ អំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាពិធីបុណ្យផ្សេងៗ ដើម្បីមានវិធានការបង្ការទុកជាមុន ចៀសវាងកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ដែលការធ្វើនេះ គឺដើម្បីការពារអាយុជីវិតរបស់ពួកគាត់។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គសចគ) ធ្លាប់បានលើកឡើងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករលាក់មុខនៅលើដងផ្លូវ ហើយក៏ជាបញ្ហា ប្រឈមដ៏ធំ ដែលប្រទេសកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
លោកស្រីបញ្ជាក់ថា៖ «មូលហេតុចម្បងធំៗ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក រួមមាន ការបើកបរលើសល្បឿនកំណត់ដោយច្បាប់ ការមិនគោរពសិទ្ធិអាទិភាព ការបត់មិនប្រុងប្រយ័ត្ន និងការមិនប្រកាន់ស្តាំជាដើម»៕