ភ្នំពេញៈ ក្រុមការងារក្រសួងយុត្ដិធម៌ដែលរៀបចំ «យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្មសហគមន៍» កំពុងបន្តធ្វើការផ្សព្វផ្សាយឯកសារទស្សនទាននៃយន្តការនេះទៅដល់ភាគីពាក់ព័ន្ធ ខណៈក្រុមការងារគ្រោងបញ្ចប់គោលនយោបាយថ្នាក់ជាតិនេះ ហើយអនុម័ត និងប្រកាសឱ្យប្រើប្រាស់ក្នុងឆ្នាំនេះតែម្ដង។ នេះបើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដែលរៀបចំគោលនយោបាយនេះ។
លោក ជិន ម៉ាលីន ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីថ្ងៃទី ១៨ មេសាថា ក្រោយចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយឯកសារទស្សនទានដែលជាផែនទីបង្ហាញផ្លូវពាក់ព័ន្ធនឹងការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្ម។ ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយ រួមសហការផ្សព្វផ្សាយ បោះពុម្ពផ្សាយរវាងក្រសួងយុត្ដិធម៌ និងសហភាពអឺរ៉ុប (EU) ជាភាសាខ្មែរ និងភាសាអង់គ្លេស។
លោកថ្លែងថា៖ «ផែនការបន្ទាប់គឺយើងនឹងរៀបចំជាគោលនយោបាយថ្នាក់ជាតិស្ដីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម ហើយចេញពីគោលនយោបាយថ្នាក់ជាតិនេះ យើងនឹងដាក់ឱ្យអនុវត្ដនូវសកម្មភាព និងយន្តការមួយចំនួន ដែលបានចង្អុលបង្ហាញណែនាំនៅក្នុងគោលនយោបាយថ្នាក់ជាតិនេះ ក្នុងការដាក់ឱ្យដំណើការនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្មនៅកម្ពុជា»។ ក្រោយពីការរៀបចំគោលនយោបាយថ្នាក់ជាតិនេះរួចនឹងត្រូវប្រកាសដាក់ឱ្យអនុវត្ដ ហើយពេលអនុវត្ដ ក្រុមការងារនឹងរៀបចំបន្តទៀតនូវយន្តការប្រត្ដិបត្ដិមួយចំនួន ដែលចង្អុលបង្ហាញនៅក្នុងគោលនយោបាយថ្នាក់ជាតិនេះ។
លោកបន្តថា យន្តការប្រតិបត្ដិទាំងនោះរួមមាន យន្តការស្ថាប័ន ការរៀបចំស្ថាប័ន ការរៀបចំធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ធនធានសម្ភារ រួមទាំងយន្តការនៃការបណ្ដុះបណ្ដាល ការជ្រើសរើស ការទទួលស្គាល់ ការវាយតម្លៃ ការតាមដាន ត្រួតពិនិត្យ រួមទាំងវិធានគតិយុត្ដមួយចំនួនទៀតដែលយើងត្រូវរៀបចំឡើង។
លោក ម៉ាលីន បញ្ជាក់ថា៖ «ចំណុចទាំងនេះ សុទ្ធតែចង្អុលបង្ហាញនៅក្នុងគោលនយោបាយថ្នាក់ជាតិស្ដីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្មនេះ។ អ៊ីចឹងក្រោយពេលគោលនយោបាយថ្នាក់ជាតិរៀបចំ អនុម័ត និងប្រកាសឱ្យប្រើគឺក្រុមការងារ នឹងរៀបចំគោលការណ៍ប្រតិបត្ដិ»។
លោកបន្ថែម៖ «យើងគ្រោងបញ្ចប់ការងារគោលនយោបាយថ្នាក់ជាតិនេះ ហើយអនុម័ត និងប្រកាសឱ្យប្រើក្នុងឆ្នាំនេះតែម្ដង។ ចំណែកយន្តការអនុវត្ដដែលចង្អុលបង្ហាញនៅក្នុងគោលនយោបាយនេះអាចចាប់ផ្ដើមដំណើរការនាចុងឆ្នាំនេះ ឬ ដើមឆ្នាំក្រោយជាបន្តបន្ទាប់ទៅនេះជាផែនការរបស់ក្រុមការងារដែលបានគ្រោងទុក»។
បើតាមសេចក្ដីព្រាងឯកសារទស្សនទាននៃយន្តការនេះបានឱ្យដឹងថា ក្រសួងយុត្តិធម៌ត្រូវបានរាជរដ្ឋាភិបាលចាត់តាំងឱ្យផ្ដួចផ្ដើមគំនិតក្នុងការសិក្សាចងក្រង និងរៀបចំឱ្យមានឯកសារទស្សនទានស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីក្លាយជាប្រទីបនាំផ្លូវទៅរកការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងក្របខ័ណ្ឌច្បាប់ស្តីពី «យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្មសហគមន៍» សម្រាប់អ្នកសម្រុះសម្រួលមន្ត្រីប្រតិបត្តិមានអាជ្ញាធរមូលដ្ឋាន និងតួអង្គពាក់ព័ន្ធគ្រប់កម្រិតដោយត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព និងស្ដង់ដាជាតិតែមួយ។
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាចង្កោមនៃដំណើរការរួមមានសន្ធានកម្ម (ការសម្រុះសម្រួល) ការផ្សះផ្សាអាជ្ញាកណ្តាល (មជ្ឈត្តកម្ម) ក៏ដូចជាយន្តការក្រៅប្រព័ន្ធតុលាការ ក្រៅផ្លូវការផ្សេងទៀត ដែលមានលក្ខណៈបែបប្រពៃណីទំនៀមទម្លាប់ ឬសាសនា។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាធ្លាប់មានបទពិសោធ និងទម្រង់ល្អមួយចំនួនផងដែរ រួមមានការដោះស្រាយវិវាទដីធ្លី ដោយគណៈកម្មការសុរិយោដីតាមរយៈការផ្សះផ្សា និងសម្រុះសម្រួលការដោះស្រាយវិវាទការងារ និងពាណិជ្ជកម្មដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលការងារ និងពាណិជ្ជកម្មតាមរយៈមជ្ឈត្តកម្ម និងការដោះស្រាយវិវាទនៅមូលដ្ឋានដោយអតីតមណ្ឌលសេវាយុត្តិធម៌ដែលបច្ចុប្បន្នប្រែជាការិយាល័យនីតិកម្ម និងការសម្រុះសម្រួលវិវាទមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានតាមរយៈការសម្រុះសម្រួល។
បច្ចុប្បន្នការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្ម និងចំនួនអ្នកសម្រុះសម្រួលនៅកម្ពុជានៅមានចំនួនកំណត់ដោយក្រសួងយុត្តិធម៌ បានធ្វើការបណ្តុះបណ្តាល មន្ត្រីរាជការក្នុងក្របខ័ណ្ឌការិយាល័យនីតិកម្ម និងការសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង-ស្រុក-ខណ្ឌបានមួយចំនួនប៉ុណ្ណោះ សម្រាប់ដោះស្រាយវិវាទជូនពលរដ្ឋនៅតាមមូលដ្ឋាន។
បើតាមលោក ម៉ាលីន ក្រសួងយុត្ដិធម៌ចាត់ទុកការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះជាកម្មវិធីអាទិភាព ពីព្រោះទី ១ ក្នុងការចូលរួមធ្វើឱ្យមានសុខដុមនីយកម្មនៅមូលដ្ឋាន។ មានន័យថា ពេលដែលពលរដ្ឋមានវិវាទកើតឡើង គឺអាចស្វែងរកយន្តការនេះហើយស្រុះស្រួលគ្នាបាន។ តាមរយៈយន្តការនេះពលរដ្ឋអាចដោះស្រាយវិវាទនៅទល់មុខគ្នា និងអាចរាប់អានគ្នាបានខុសពីយន្តការតាមផ្លូវតុលាការ៕