ភ្នំពេញៈ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រួមនឹងក្រុមគ្រូពេទ្យនៃរដ្ឋបាលខេត្តមួយចំនួនទៀតចាប់ផ្តើមចុះចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញទៅដល់ប្រជាពលរដ្ឋនៅតាមគោលដៅសំខាន់ៗបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) លោកស្រី ឱ វណ្ណឌីន បានធ្វើការជូនដំណឹងនៅថ្ងៃទី ១៨ ខែមេសាដោយបានធ្វើការក្រើនរំឭកពីការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញទាំងដូសទី ៣ និងដូសទី ៤ ដែលបច្ចុប្បន្ននេះ គ.វ.ក-១៩ កំពុងបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ ១៩ នេះ ជារៀងរាល់ថ្ងៃ។ លោកស្រីលើកឡើងថា៖ «នៅក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តនានា និងក្រុមគ្រូពេទ្យនៃរដ្ឋបាលខេត្តមួយចំនួនទៀតនឹងចុះចាក់វ៉ាក់សាំងកូវីដ ១៩ នៅតាមក្រុមគោលដៅសំខាន់ៗដែលបានកំណត់ផងដែរ»។
បើតាមសេចក្តីជូនព័ត៌មានរបស់ គ.វ.ក-១៩ បញ្ជាក់ថា ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិនឹងចុះជួយចាក់វ៉ាក់សាំងកូវីដ ១៩ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង និងបន្ទាយមានជ័យ។ ចំណែកក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តនានា នឹងចុះជួយចាក់វ៉ាក់សាំងកូវីដ ១៩ នៅខេត្តកំពង់ចាម កំពត ព្រៃវែង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ ពោធិ៍សាត់ ស្វាយរៀង ស្ទឹងត្រែង និងខេត្តក្រចេះ ខណៈក្រុមគ្រូពេទ្យនៃរដ្ឋបាលខេត្តចំនួន ១០ ទៀតនឹងចុះចាក់វ៉ាក់សាំងកូវីដ ១៩ នៅតាមក្រុមគោលដៅសំខាន់ៗមានដូចជាតាមរោងចក្រ ទីផ្សារ និងសាលារៀនជាដើម។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បញ្ជាក់ផងដែរថា ក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការចាត់ចែងរបស់រដ្ឋបាលរាជធានី-ខេត្ត នឹងមានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ ១៩ ចុះចាក់វ៉ាក់សាំងដល់កម្មករ កម្មការិនី ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី ៣ និងដូសទី ៤ នៅតាមរោងចក្រ សហគ្រាសផ្ទាល់តែម្តង។
លោកស្រីបន្តថា ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងក៏នឹងចុះចាក់ជូនដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៣ និងដូសទី ៤ នៅតាមទីផ្សារ និងទីប្រជុំជនសំខាន់ៗផងដែរដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងការចាត់ចែងរបស់រដ្ឋបាលរាជធានី-ខេត្តនោះផ្ទាល់។
ដោយឡែកទីតាំងចាក់វ៉ាក់សាំងកូវីដនៅតាមបណ្តាមូលដ្ឋានសុខាភិបាលសាធារណៈនៃរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ នៅតែបន្តបើកដំណើរការចាក់ជាធម្មតារៀងរាល់ថ្ងៃ រួមទាំងថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
លោកស្រី ឱ វណ្ណឌីន លើកឡើងថា៖ «បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី កុមារ និងយុវវ័យ អញ្ជើញរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញ នៅពេលដល់វេនអ្នក ដើម្បីបង្កើនភាពស៊ាំបុគ្គល ក៏ដូចជាភាពស៊ាំក្នុងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្កដោយជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀតផងដែរ»។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ក៏បានជម្រាបទៅដល់ សាកលវិទ្យាធិការ និងនាយកគ្រឹះស្ថានឧត្តមសិក្សា នាយកគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ លោកលើកឡើងថា ការទៅទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញនេះ គឺដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា និងអូមីក្រុង ដែលកំពុងចរាចរយ៉ាងសកម្មនៅលើសកលលោក។
លោករដ្ឋមន្ត្រីអប់រំបញ្ជាក់ថា៖ «ក្រសួងសូមស្នើឱ្យផ្តល់កិច្ចសហការជាមួយគណៈកម្មការទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ ១៩ នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតទីតាំងរបស់ខ្លួន ដើម្បីរៀបចំផែនការចាក់វ៉ាក់សាំង ដល់បុគ្គលិកអប់រំ សិស្ស និស្សិតទាំងអស់នៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន ឬនៅគ្រឹះស្ថានសិក្សាណាមួយ ដែលមានលក្ខណៈប្រមូលផ្តុំ និងងាយស្រួលក្នុងការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នាចាប់ពីខែមេសានេះតទៅ»។
បើតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ១៨ ខែមេសា អត្រាចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ចាក់បាន ៩២,៨៦% ខណៈអ្នកចាក់ដូសទី ៣ បានជាង ៨,១ លាននាក់ និងដូសទី ៤ បានជាង ១,២ លាននាក់៕