ភ្នំពេញៈ ប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ​ ២០២០ មានការ​កត់ត្រា​មូស​បាន​ចំនួន ២៩០ ប្រភេទ ស្មើនឹង ២០ ពួក ដែល​ក្នុងនោះ ៤៩ ប្រភេទ​ជា​កំណត់ត្រា​ថ្មី ហើយ​មូស ៤៣ ប្រភេទ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្ក​ជំងឺឆ្លង​។ នេះ​បើ​យោងតាម​ក្រសួងបរិស្ថាន​។

ក្រសួងបរិស្ថាន​បានឱ្យដឹង​កាលពី​ថ្ងៃទី ១៨ ​មេសា​នេះ​អំពី​កំណត់ត្រា​មូស​នៅ​កម្ពុជា​ថា មូស ជា​សត្វល្អិត​មាន​ស្លាប មាន​មាត់​ជា​ទ្រនិច​ស្រួច សម្រាប់​ខាំ​ជញ្ជក់​ឈាម​។ ជាទូទៅ មូសញី រស់នៅ​ដោយ​បឺតជញ្ជក់​ឈាម​មនុស្ស និង​សត្វ ដើម្បី​ចិញ្ចឹមជីវិត និង​បង្ក​កំណើត ចំណែក​មូស​ឈ្មោល​បឺត​ជញ្ជក់​ទឹកដម​ផ្កា​ជា​អាហារ​។

មូសត្រូវ​បាន​ចាត់​ចូលក្នុង​អម្បូរ​គូលី​ស៊ីដេ (Culicidae) ហើយ​បច្ចុប្បន្ន​ត្រូវបាន​កត់ត្រា​ថា មាន​សរុប​ប្រមាណ​ជាជាង ៣ ៦០០ ​ប្រភេទ នៅលើ​សកលលោក​។ នេះ​បើតាម​ក្រសួង​បរិស្ថាន​។

ក្រសួង​បញ្ជាក់ថា​៖ «​ប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ​ ២០២០ មានការ​កត់ត្រា​មូស​បាន​ចំនួន ២៩០ ប្រភេទ ស្មើនឹង ២០ ​ពួក ដោយ​ក្នុងនោះ ៤៩ ​ប្រភេទ​ជា​កំណត់​ត្រា​ថ្មី ហើយ​មូស ៤៣ ​ប្រភេទ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្ក​ជំងឺ (Maquart et al., 2020)»​។

តាម​ការវាយតម្លៃ ជំងឺ​បង្កឡើង​ដោយ​សត្វល្អិត​មាន​ច្រើនជាង ១៧ ​ភាគរយ​នៃ​ជំងឺឆ្លង​សរុប និង​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ជាង ១ ​លាន​នាក់​ក្នុង ១ ឆ្នាំៗ ហើយ​បាន​សាយភាយ​ទៅគ្រប់​ទីកន្លែង​ពាសពេញ​ពិភពលោក តាមរយៈ​ទង្វើ​របស់​មនុស្ស ដូចជា​ការដឹក​ជញ្ជូន សកម្មភាព​ទេសចរណ៍​ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងបរិស្ថាន​។

មូស​ ១ ​ប្រភេទ ក្នុងចំណោម​មូស ២៩០ ​ប្រភេទ​ដែល​បាន​កត់ត្រា​ត្រឹម​ឆ្នាំ ​២០២០ នៅក្នុង​ប្រទេស​កម្ពុជា​។ រូបថត ក្រសួងបរិស្ថាន

ក្រសួង​បានឱ្យ​ដឹងថា ក្នុងចំណោម​ប្រភេទ​សត្វល្អិត​បង្ក​ជំងឺ​សត្វ​មូស​ចំនួន ៣ ​ពួក ត្រូវបាន​កំណត់​ជា​ភ្នាក់ងារ​ចម្លងជំងឺ​សកម្ម​ជាងគេ​ដូចជា មូស​ក្នុង​ពួក​អេដេស (Aedes) ជា​ភ្នាក់ងារ​បង្ក​ជំងឺគ្រុនឈាម (Dengue) គ្រុន​ឈីក (Chikungunya) ហ្ស៊ីកា (Zika) ពួក​អាណូផេលេស (Anopheles) ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុន​ចាញ់ (Malaria) និង​ពួក​គូលិច Culex ជា​ភ្នាក់ងារ​បង្ក​​ជំងឺ​គ្រុន​លឿង (Yellow fever) និង​ជំងឺ​រលាក​ខួរក្បាល​ជប៉ុន (Japanese Encephalitis) ហើយ​មូស​ទាំង ៣ ​ពួកនេះ សុទ្ធតែជា​ភ្នាក់ងារ​បង្ក​ជំងឺ​ជើងដំរី (Elephantiasis)​។

បើតាម​ក្រសួងបរិស្ថាន​នៅ​ប្រទេស​កម្ពុជា ជំងឺ​គ្រុនឈាម​ដែលមាន​មូសខ្លា (Aedes aegypti) ជា​ភ្នាក់ងារ​ចម្លង​ត្រូវបាន​ចាត់ទុកថា​ជា​ជំងឺ​គួរឱ្យកត់សម្គាល់​បំផុត​បន្ទាប់ពី​មានការ​ផ្ទុះឡើង​នៅ​ឆ្នាំ​ ១៩៩៥ ដោយ​ធ្វើឱ្យមាន​អ្នកជំងឺ​ស្លាប់​ជាង ៤០០​ នាក់​។

ក្រសួង​បញ្ជាក់ថា ចំណែក​ជំងឺគ្រុនចាញ់​ដែលមាន​ភ្នាក់ងារ​ចម្លង​ជា​មូស​ដែកគោល (​ចំនួន ៤​ ប្រភេទ គឺ Anopheles minimus, A. dirus, A. maculatus, A. aconitus) មាន​អត្រា​ចម្លង​ថយចុះ​ក្នុងអំឡុង ២ ​ទសវត្សរ៍​ចុងក្រោយ ប៉ុន្តែ​វា​បាន​កើនឡើង​វិញ​ម្ដងទៀត​នៅ​ឆ្នាំ ​២០១៧​។

បើតាម​ក្រសួង​បរិស្ថាន​នៅ​ទីក្រុង​ភ្នំពេញ ការសិក្សា​អំពី​សត្វ​មូស​រយៈពេល​ពេញ ១ ​ឆ្នាំ ក្នុង​ឆ្នាំ​ ២០២០ ដោយ​និស្សិត​ផ្នែក​អភិរក្ស​ជីវចម្រុះ​នៃ​សាកលវិទ្យាល័យ​ភូមិន្ធភ្នំពេញ សហការ​ជាមួយ​វិទ្យាសា្ថន​ប៉ាស្ទ័រ បាន​រកឃើញ​មូស​ចំនួន ១០ ប្រភេទ ក្នុងនោះ​មូស​ក្នុង​ពួក​​អេដេស ចាប់បាន​សំណាក​ច្រើនជាងគេ ពោល​គឺ​ប្រមាណ ៨៧ ភាគរយ​នៃ​ចំនួន​សំណាក​មូស​សរុប​ហើយ​ប្រភេទ​មូស​ចាប់បាន​សំណាក​តិច​បំផុត​គឺ Toxorhynchites splendens (Khin in prep)​។ ប្រភេទ​មូស Toxorhynchites splendens ត្រូវបាន​ចាត់ទុកថា​ជា​ប្រភេទ​សូចនាករ​ក្នុងការ​គ្រប់គ្រង​ប្រភេទ​មូស​ផ្សេងៗ ព្រោះថា​ដង្កូវទឹក​របស់​មូស​ប្រភេទ​នេះ ស៊ី​ដង្កូវទឹក​របស់​ប្រភេទ​មូស​ផ្សេងៗ​ទៀត ហើយ​មូស​ប្រភេទ​នេះ​ក៏​មិនមាន​បង្ក​ជំងឺ​ដែរ (Nya-mah, 2011)៕

វីដេអូ៖