ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាជួយឱ្យដំណើរការយុទ្ធនាការ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ ដំណើរការទៅប្រកបដោយភាពស្ងប់ស្ងាត់ មានរបៀបរៀបរយ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាណាមួយកើតឡើង។
ក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានី-ភ្នំពេញជំហានទី៤ នៅថ្ងៃទី ២០ មេសា លោកហ៊ុន សែន ថ្លែងថា លោកនឹងមិនចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ នោះទេ ព្រោះលោកមានភារកិច្ចទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ក្នុងនាមជាប្រធានអាស៊ាន។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកទុកឱ្យបេក្ខជន ឬថ្នាក់ដឹកនាំរបស់គណបក្ស ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅពេលខាងមុខនេះ។ ប៉ុន្តែលោកបានអំពាវនាវឱ្យគ្រប់ទីកន្លែងទាំងអស់ ត្រូវខិតខំដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត និងជ្រើសរើស ដោយសេរី ដោយស្រឡាញ់គណបក្សមួយណា ស្រឡាញ់បេក្ខជនមួយណា បោះឆ្នោតឱ្យបេក្ខជនមួយនោះចុះ ព្រោះមានគណបក្សនយោបាយចំនួន ១៧ បានចូលរួមការបោះឆ្នោតនេះ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំមិនធ្វើការឃោសនាទេ គ្រាន់តែចង់បញ្ជាក់ សុំកុំឱ្យមានហិង្សាឱ្យសោះ នៅក្នុងដំណើរការនៃការបោះឆ្នោតនៅកម្ពុជា។ មិនថា ហិង្សានោះជាហិង្សា ដោយការវាយតប់គ្នា ឬហិង្សា ជាពាក្យសម្តីជេរប្រមាថគ្នានោះទេ។ បរិយាកាសនយោបាយអព្យាក្រឹត្យពិតជាចាំបាច់ នៅក្នុងដំណាក់កាលនៃការធ្វើសកម្មភាពឃោសនាបោះឆ្នោត ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែបង្កលក្ខណសម្បត្តិឱ្យបណ្តាគណបក្សនយោបាយទាំងអស់មានសិទ្ធិដូចៗគ្នា»។
នៅត្រង់ចំណុចនេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ទាំងគណបក្សកាន់អំណាច និងគណបក្សមិនកាន់អំណាចមានសិទ្ធិដូចគ្នា។ អព្យាក្រឹតភាពរដ្ឋបាលស៊ីវិល ក្នុងដំណាក់កាលនៃការបោះឆ្នោត ធ្វើយ៉ាងម៉េចឱ្យមានបរិយាកាសស្ងប់ស្ងាត់ និងមិនមានហិង្សា ដែលជាការប្រកួតប្រជែងមួយសម្រាប់គ្រប់គ្រងបន្តនៅឯមូលដ្ឋាន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ មេសា ថា នៅពេលអវត្តមានថ្នាក់ដឹកនាំម្នាក់ ឬ ២ នាក់ ក៏ដំណើរការឃោសនា និងបោះឆ្នោតនៅតែដំណើរការទៅមុខដែរ ដោយមិនមានអ្វីរាំងស្ទះនោះទេ ព្រោះថ្នាក់ដឹកនាំគណៈកម្មការអចិន្រៃ្តយ៍របស់គណបក្សមានរហូតដល់ជាង ៣០ នាក់។
លោកបញ្ជាក់ថា ពាក់ព័ន្ធនឹងការមិនឱ្យមានអំពើហិង្សា ទាំងពាក្យសម្តី និងការវាយតប់ គណបក្សតែងតែអនុវត្តទៅតាមគោលការណ៍ច្បាប់ នីតិវិធី និងបទបញ្ជានានា ដែលត្រូវបានកំណត់ដោយ គជប ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយសុវត្ថិភាព និងយុត្តិធម៌ ស្របទៅតាមបំណងប្រាថា្នរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកថ្លែងថា៖ «បរិយាកាសនយោបាយទាំងបច្ចុប្បន្ន និងពីមុន ខ្ញុំយល់ថា វាអត់មានប្លែកទេ ដែលការលេចឮមានការរំលោភបំពាន ឬគំរាមកំហែង វាគ្រាន់តែជាវោហារសាស្ត្ររបស់អ្នកនយោបាយប៉ុណ្ណោះ។ អ្នកណាធ្វើខុស អ្នកនោះត្រូវទទួលខុសត្រូវមុខច្បាប់ វាអត់មានអីត្រូវប្រកែកទេ»។
ដោយឡែក លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានសម្តែងការស្វាគមន៍ ចំពោះការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះដែលធានាបាននូវតម្លាភាព ភាពត្រឹមត្រូវ យុត្តិធម៌ និងបញ្ចៀសបាននូវអំពើហិង្សាក្នុងដំណើរការបោះឆ្នោត។ អំពើហិង្សាជាពាក្យសម្តីក្តី ដោយកាយវិការក្តី ជាចំណុចនៃការចាប់ផ្តើមបែកបាក់ ប៉ុន្តែបើអាចបញ្ចៀសបាន និងធ្វើការរួមគ្នា វាជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ។
លោកបានថ្លែងថា៖ «សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានគោលការណ៍ច្បាស់លាស់។ ក្នុងចំណោមគោលការណ៍ផ្សេងទៀត គឺគោលការណ៍អហិង្សា ហើយគណបក្ស ប្រឆាំងដាច់ខាតទៅនឹងការប្រើប្រាស់ហិង្សាគ្រប់ទម្រង់ ទាំងវាចា និងទាំងកាយវិការ ដើម្បីដណ្តើមយកប្រជាប្រិយភាព និងឡើងទៅកាន់អំណាច ដោយមិនប្រើហិង្សាទៀត»។
លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថ្លែងថា ការអំពាវនាវរបស់លោក ហ៊ុន សែន ពិតជាមានសារៈសំខាន់សម្រាប់ គ.ជ.ប. ក្នុងកិច្ចការរៀបចំការបោះឆ្នោតរបស់ខ្លួន។ ពីព្រោះអាជ្ញាធរ គឺជាតួអង្គដ៏សំខាន់មួយ ដែលធានាឱ្យមានប្រក្រតីភាពក្នុងដំណើរការរៀបចំការបោះឆ្នោតនៅពេលខាងមុខ។
លោកថ្លែងថា៖ «ការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងគ្មានអំពើហិង្សាទាំងមុន អំឡុងពេល និងក្រោយការបោះឆ្នោត គឺជាលក្ខខណ្ឌដែលមិនអាចខ្វះបាន ដែលការបោះឆ្នោតមួយ ដើម្បីធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព»៕
វីដេអូ៖