ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកអាចនឹងធ្វើការពិចារណា លើកលែងការពាក់ម៉ាស់សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗមួយចំនួនទៀត ក្រៅពីខេត្តចំនួន ៤ ដែលលោកបានប្រកាសមិនចាំបាច់ឱ្យមានការពាក់ម៉ាស់ក្នុងខេត្តទាំងនោះ។
លោកមានប្រសាសន៍ដូចនេះ នាព្រឹកថ្ងៃទី ២០ ខែមេសា ក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី ៤។
លោកលើកឡើងថា ៖ «២ ឆ្នាំជាប់គ្នា បងប្អូនយើង មិនបានលេងចូលឆ្នាំទេ ប៉ុន្តែបងប្អូនពេលនេះ ទើបអាចយល់បានថា ហេតុអីបាន ហ៊ុន សែន រារាំងមិនឱ្យមានការជួបជុំ ក្នុងអំឡុងពេលចូលឆ្នាំ ក្នុងឆ្នាំ ២០២០ និង ២០២១ គឺគ្មានអ្វីក្រៅពីការការពារជីវិតរបស់បងប្អូនតែប៉ុណ្ណោះ ហើយជីវិតគង់វង្សនេះហើយ ដែលឆ្នាំ ២០២២ នេះ គឺបងប្អូនបានលេងចូលឆ្នាំនេះ»។
លោកបញ្ជាក់ថា នៅមុនពេលចូលឆ្នាំមកដល់លោកបានប្រកាសដាក់ខេត្តចំនួន ៤ គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារមិនដាក់កាតព្វកិច្ចពាក់ម៉ាស់ទេគឺទុកឱ្យបងប្អូនធ្វើការជ្រើសរើស ប៉ុន្តែក្នុងអំឡុងពេលចូលឆ្នាំនេះខេត្តផ្សេងទៀត ក៏មិនមានអ្នកពាក់ម៉ាសដែរ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំមានផែនការ ក្នុងការកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋតាមរយៈការពាក់ម៉ាស់នៅតំបន់ផ្សេងទៀតក្រៅពីខេត្តទាំង ៤ នឹងអាចពង្រីកទៅខេត្តដទៃ ហើយខេត្តខ្លះត្រូវកាត់យកស្រុកចេញ ដោយទុកឱ្យពលរដ្ឋពាក់ម៉ាស់តែនៅទីប្រជុំជន ហើយពេលខ្លះ អាចផ្អាកពាក់ម៉ាស់នៅក្រៅអគារ ប៉ុន្តែត្រូវពាក់ម៉ាស់នៅពេលចូលក្នុងអគារ។ យើងនឹងធ្វើការពិនិត្យតាមជំហាននីមួយៗ»។
ទាក់ទងនឹងការវាយតម្លៃថាតើអាចនឹងមានការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរនេះឬយ៉ាងណា លោក ហ៊ុន សែន បានបញ្ជាក់ថា ការតាមដានសភាពការណ៍គឺស្ថិតក្នុងរង្វង់ប្រមាណជា ១០ ថ្ងៃទៀត សម្រាប់ការវាយតម្លៃពីការឆ្លងនេះបាន។
លោកថា៖ «សម្រាប់ខ្ញុំ មិនអត្តនោម័តទេ ពេលនេះខ្ញុំអាចវាយតម្លៃបានថា ភាពស៊ាំសហគមន៍យើងខ្ពស់ណាស់បើមិនអ៊ីចឹងទេមនុស្ស ១ ០០០ នាក់ដែលមកចូលរួមក្នុងពិធីថ្ងៃនេះ មិនមែនរកឃើញឆ្លងតែម្នាក់ទេ ហើយដែលភាគច្រើននៃអ្នកទាំងអស់នេះគឺដើរលេងចូលឆ្នាំ»។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅពេលដែលភាពស៊ាំសហគមន៍ កាន់តែរឹងមាំ នោះកាតព្វកិច្ចពាក់ម៉ាស់គឺមិនចាំបាច់ទៀតឡើយ។ នាឱកាសនោះដែរ លោក ហ៊ុន សែន ក៏បានលើកឡើងនូវកត្តា ៦ ចំណុច ដែលនាំឱ្យពលរដ្ឋសប្បាយរីករាយបានក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ដែលក្នុងនោះរួមមានកត្តាសុខសន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធ កត្តាមធ្យោបាយធ្វើដំណើរកាន់តែច្រើន កត្តាប្រាក់ចំណូល កត្តាកើតឡើងនូវតំបន់ទេសចរណ៍ថ្មីដែលហៅថា ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងកត្តាភាពស៊ាំសហគមន៍ ដែលកើតចេញមកពីការខិតខំរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាជនក្នុងការចាក់វ៉ាក់សាំង។
ការចូលឆ្នាំកន្លងទៅនេះ គឺអាចចាត់ទុកថា ជាការចូលឆ្នាំដែលខុសប្លែកពីធម្មតា ដោយលោកគិតថា ហាក់ដូចជាបានប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ ៧ មករាឆ្នាំ ១៩៧៩ ដែលប្រជាជនចេញពីរបប ប៉ុល ពត បន្ទាប់ទៅក៏ប្រៀបធៀបបានទៅនឹងការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព និងការឯកភាពជាតិ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលប្រជាជនសាទរក្នុងការដែលប្រទេសមួយអត់សង្គ្រាម។
លោកថា៖ «ថ្ងៃចូលឆ្នាំនេះ ហាក់ដូចជាប្រជាជនយើង បានចេញពីការគាបសង្កត់រយៈពេលជាង ២ ឆ្នាំ ដោយកូវីដ ១៩ អត់បានចូលឆ្នាំ។ ខ្ញុំបានប្រកាសតាំងពីខែ ២ ពីការប្តូរផ្តាច់ឱ្យប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឱ្យខាងតែបាន»។
ដោយឡែកលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកថ្លែងកាលពីថ្ងៃទី ១៩ មេសា ក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ក្នុងស្រុកបូរីជលសារខេត្តតាកែវថា៖ «ប្រជាជនទូទាំងប្រទេសបានកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវបានប្រារព្ធទ្បើងយ៉ាងអធិកអធមដោយទំនុកចិត្តខ្ពស់ និងមិនមានការភ័យខ្លាច គឺខុសពីកាលពីខែមេសា ឆ្នាំ ២០២១ កន្លងទៅដោយក្នុងកាលៈទេសៈនោះ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកកំពុងជាប់មមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលគួរឱ្យព្រួយបារម្ភនៃជំងឺកូវីដ ១៩»។
លោក ហ៊ុន ម៉ាណែត ថា ការគ្រប់គ្រងស្ថានការណ៍ប្រកបដោយជោគជ័យនេះ មិនបានកើតទ្បើងដោយចៃដន្យនោះទេ តែជាកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់លោកនាយករដ្ឋមន្ត្រី មន្ត្រីរាជការ កងទ័ពអាវស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនឹងប្រជាពលរដ្ឋក្នុងការប្រយុទ្ធក្នុងសង្គ្រាមមេរោគរាតត្បាតដ៏តឹងតែងមួយនេះរហូតនាំកម្ពុជាឱ្យឈរចំណាត់ថ្នាក់ខ្ពស់ ក្នុងពិភពលោកក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្តារខ្លួនងើបចេញពីជំងឺកូវីដ ១៩៕