ភ្នំពេញៈ ក្រុម​សហមេធាវី​លោក កឹម សុខា គ្រោង​ដាក់ពាក្យ​ស្នើ​ទៅ​បណ្តា​ប្រទេស​ដែល​ត្រូវបាន​ចោទប្រកាន់ថា មាន​ការជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​សំណុំរឿង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ដើម្បីឱ្យ​តំណាង​ប្រទេស​ទាំងនោះ ចូលខ្លួន​មក​ធ្វើជា​សាក្សី​បំភ្លឺ​នៅក្នុង​តុលាការ ខណៈ​ក្រុម​សហមេធាវី​លោក​ កឹម សុខា មើលឃើញថា នីតិវិធី​និង​សវនាការ​មិន​ដំណើរការ​ទៅមុខ​លឿន​។

លោក​ អាង ឧត្តម សហមេធាវី​លោក កឹម សុខា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​សវនាការ​ថា សវនាការ​នៅ​ថ្ងៃទី​ ២០ មេសា តំណាង​អយ្យការ​បាន​ចោទសួរ​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ឆ្នាំ ២០១៣ ដដែល​ជា​ដដែល និង វិល​ចុះ​វិល​ឡើង ដូច​សវនាការ​លើក​មុនៗ​ដែរ មិនមាន​អ្វី​ជាការ​ដាក់បន្ទុក​នោះទេ​។ ទាល់តែ​ចៅក្រម​ឡើងមក​បញ្ជាក់​ទើប​គាត់​បញ្ឈប់​។

លោក​បន្តថា ក្រៅពី​ចោទសួរ តំណាង​អយ្យការ​បាន​ធ្វើការ​អត្ថាធិប្បាយ​ និង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ច្រើនជាង​សំណួរ ដែល​ធ្វើឱ្យ​មានការ​ខាត​ពេល​សវនាការ និង​ធ្វើឱ្យ​នីតិវិធី​កាន់តែ​អូសបន្លាយ​កាន់តែ​យូរ​ថែមទៀត​។ ម្យ៉ាង វា​ក៏​ខុស​ទៅនឹង​នីតិវិធី​ដែរ​។ ប៉ុន្តែ​ចៅក្រម​វិញ​ក៏មាន​ការ​ចោទសួរ និង​ឆ្លើយ​ធ្វើឱ្យ​នីតិវិធី​ទៅមុខ​រហូត បើ​ទោះបី​មាន​ការដោះ​បន្ទុក​ខ្លះ ឬ​មិន​ដោះ​បន្ទុក​ខ្លះ​ក៏ដោយ​។

បើតាម​លោក អាង ឧត្តម ដោយ​មើលឃើញ​ពី​បញ្ហា​នេះ ក្រុម​សហមេធាវី​របស់លោក​នឹងដាក់​ពាក្យ​ស្នើ​ទៅ​បណ្តា​ប្រទេស​ជាច្រើន មាន​សហគមន៍​អឺរ៉ុប​ជាដើម ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​សន្ទិដ្ឋភាព​របស់លោក កឹម សុខា នៅ​ចុងខែ​នេះ ឬ​ដើមខែ​ក្រោយ​ឱ្យមក​ចូលរួម​ឆ្លើយ​នៅក្នុង​សវនាការ ដើម្បី​ជួយ​ឱ្យ​តុលាការ​ស្វែងរក​ការពិត​។

លោក​បញ្ជាក់ថា​៖ «​ទោះ​ដឹងថា តុលាការ​មាន​ចេតនា​មិន​កោះហៅ​ក៏ដោយ​។ សំណួរ​ដែល​សួរ​នេះ គឺ​មិនមាន​ដាក់បន្ទុក​យើង​ផង យើង​នឹង​ហៅ​ឱ្យគេ​មក​ឆ្លើយ សាក្សី ជួយ​តុលាការ​ស្វែងរក​ការពិត​ឱ្យ​អ្នក​ទាំងអស់​ហ្នឹង​មក​និយាយ​ការពិត​ថា​មាន​ត្រូវរ៉ូវ មានការ​ឃុបឃិត​មាន​សន្ទិដ្ឋភាព​ជាមួយ​ពួក​ហ្នឹង​អត់​?»​។

លោក​បញ្ជាក់ទៀតថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុម​សហមេធាវី​របស់លោក​ស្នើឱ្យ​តុលាការ​កោះហៅ​សាក្សី ឱ្យចូល​បំភ្លឺ និង​មាន​អាជ្ញាធរ​បង្គាប់បញ្ជា​យក​សាក្សី​មក​សួរ និង​ស្តាប់​ចម្លើយ ប៉ុន្តែ​តុលាការ​មិនធ្វើ​នោះទេ ដោយ​អះអាងថា ខុស​អនុសញ្ញា​ទីក្រុង​វីយែន ហើយក៏​បាន​រុញ​មកឱ្យ​ក្រុម​សហមេធាវី​របស់លោក​ជា​អ្នកធ្វើ​។ ទោះយ៉ាងណា ក្រុម​សហ​មេធាវី​របស់លោក​នឹងធ្វើ​កិច្ចការ​នេះ​បើទោះបី​តុលាការ​ទទួល ឬ​មិន​ទទួល​ក៏ដោយ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភ្នំពេញ​ ​ប៉ុស្តិ៍ ​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​ ប្លង់ សុផល អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទេ​នៅ​ថ្ងៃទី ២០ ខែមេសា​ដោយ​លោក​ប្រាប់ថា កំពុង​រវល់​បំពេញការងារ​នៅ​ខាងក្រៅ មិនអាច​ឆ្លើយ​បានទេ ប៉ុន្តែ​នៅពេល​ចប់​ការងារ លោក​នឹង​ឆ្លើយ​តាម​ប្រព័ន្ធ​តេឡេក្រាម​វិញ​។ ទោះយ៉ាងណា​រហូតមកដល់​ម៉ោង​បោះពុម្ពផ្សាយ​កាសែត​នៅ​យប់​ថ្ងៃទី​ ២០ ​មេសា​លោក​ ប្លង់ សុផល ​មិនទាន់បាន​ឆ្លើយតប​មកកាន់​ភ្នំពេញ​ប៉ុស្តិ៍​នៅឡើយ​ទេ​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និង​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែ មេសា ថា ភាគី លោក កឹម សុខា ត្រូវ​ទាមទារ​ឱ្យ​តុលាការ​បង្ហាញ​ប្រទេស ឬ​ស្ថាប័ន​ណាខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ​យកមក​សួរនាំ​តាំងពី​នៅមុន​ថ្ងៃ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មក​ម្ល៉េះ ប៉ុន្តែ​ការស្នើ​សុំឱ្យ​ប្រទេស​ទាំងនោះ​ចូលមក​បំភ្លឺ វា​ហាក់ដូចជា​យឺត​បន្តិច​។

ទោះយ៉ាងណា លោក​ថា ការហៅ​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​ឱ្យ​ចូលមក​ធ្វើជា​សាក្សី​នេះ ក៏​ជា​ចំណុច​មួយ​ដែល​បញ្ជាក់​ពី​ភាពស្អាតស្អំ និង​ត្រឹមត្រូវ​របស់លោក​ កឹម សុខា ​ដែរ​។ ដូច្នេះ តុលាការ មិនអាច​គេចចេញ​ពី​ការទាមទារ​ស្វែងរក​ភាពច្បាស់លាស់​នេះ​បានទេ​។ លោក​ថ្លែងថា​៖ «​នេះ គឺជា​កិច្ច​ការល្អ ដែល​ភាគី​លោក​ កឹម សុខា ទាមទារ​ឱ្យមាន​ការបង្ហាញ​ការពិត​។ ទោះយ៉ាងណា សំណុំរឿង​របស់លោក​ កឹម សុខា មិន​ងាយ​នឹង​ឆាប់​ចប់​ទេ លុះត្រា​តែមាន​ឥទ្ធិពល​ពី​ខាង​ណាមួយ ជំរុញឱ្យមាន​ការដោះស្រាយ ទើប​ឆាប់​ចប់​បាន​»៕

វីដេអូ៖