ភ្នំពេញៈ គណបក្សនយោបាយមួយចំនួនដែលបានចុះបញ្ជីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ បានត្រៀមផែនការ ដើម្បីបណ្តុះបណ្តាលបន្ថែមជូនដល់បេក្ខជនជាប់ឆ្នោតជាមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សានូវគោលនយោបាយរបស់គណបក្ស តួនាទីភារកិច្ច និងច្បាប់ ខណៈគណបក្សកាន់អំណាចបានថ្លែងថា បេក្ខជនរបស់ខ្លួនមានបទពិសោធគ្រប់គ្រាន់ ក្នុងការអនុវត្តតាមតួនាទី និងភារកិច្ចទៅតាមច្បាប់។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ មេសាថា តាមគម្រោងគណបក្សក៏មានផែនការនៅក្នុងការបណ្តុះបណ្តាលច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និង គោលនយោបាយរបស់គណបក្ស ដែលបានដាក់ចេញជូនដល់បេក្ខជនដែលទទួលបានការគាំទ្រ និងជាប់ឆ្នោតជាមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សានេះដែរ ដូចដែលធ្លាប់ធ្វើកាលពីកន្លងមក បន្ទាប់ពីទទួលបានតំណែងជាមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សា។
លោកថ្លែងថា៖ «ថ្នាក់ដឹកនាំរបស់គណបក្សនៅតាមបណ្តាខេត្តបានពង្រឹងបេក្ខជនរបស់យើងផ្តោតសំខាន់លើគោលនយោបាយឃុំ-សង្កាត់របស់យើង នៅពេលបោះឆ្នោត យើងនឹងបញ្ជូនសារនយោបាយទៅតាមបណ្តាឃុំ-សង្កាត់ហើយយើងនឹងចាប់ផ្តើមធ្វើជាបន្តបន្ទាប់នៅទូទាំងប្រទេស»។
លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ ខែមេសាថា ក្រោយពីបេក្ខជនរបស់គណបក្សដែលទទួលបានការគាំទ្រ និងជាប់ឆ្នោតជាចៅសង្កាត់ មេឃុំ និងក្រុមប្រឹក្សាគណបក្សក៏នឹងមានផែនការបណ្តុះបណ្តាលជូនដល់ពួកគាត់បន្ថែមនូវភារកិច្ច និងកាតព្វកិច្ច ដែលត្រូវបម្រើប្រជាពលរដ្ឋ និងការពារផលប្រយោជន៍ស្របតាមគោលការណ៍ច្បាប់។
លោកបន្តថា៖ «ការបណ្តុះបណ្តាលនេះដើម្បីបំពេញបន្ថែមនូវអ្វីដែលពួកគាត់មានពីមុន និងបំពេញបន្ថែមនូវអ្វីដែលពួកគាត់ត្រូវធ្វើនៅក្នុងសាលាឃុំ និងសង្កាត់ឱ្យស្របទៅតាមគោលនយោបាយរបស់គណបក្ស និង គោលការណ៍ច្បាប់ដែលរាជរដ្ឋាភិបាលបានកំណត់»។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានថ្លែងដែរថា សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានតែងតែរៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំ ជូនដល់បេក្ខជនឈរឈ្មោះជាចៅសង្កាត់ និងជាមេឃុំ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សបានបណ្តុះបណ្តាលដល់បេក្ខជន ដែលមានការចាប់អារម្មណ៍ឈរឈ្មោះជាបេក្ខជនមុននឹងការបោះឆ្នោត ឬក្រោយបោះឆ្នោត មកដល់ដោយបណ្តុះបណ្តាលពាក់ព័ន្ធនឹងរបៀបធ្វើនយោបាយថ្មី និងពីសុចរិតភាពនៃអ្នកនយោបាយ។
លោកបញ្ជាក់ថា៖ «នៅក្រោយឈរឈ្មោះរួចហើយ យើងក៏បណ្តុះបណ្តាលបន្តទៀត ដោយបណ្តុះបណ្តាលអំពី កិច្ចការចូលរួមឃោសនា និងកន្លងមកនេះ ក៏យើងធ្វើដែរ ដោយបណ្តុះបណ្តាលបេក្ខជនដែលបានជាប់ ហើយបាននិងកំពុងបម្រើការងារជូនប្រជាពលរដ្ឋពីជំនាញតួនាទីដែលមេឃុំចាត់តាំងឱ្យគាត់ធ្វើ»។
បើតាម លោក ឡឹក សុធារ ការបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ ដើម្បីធានាថា បេក្ខជនរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលបានជាប់ឆ្នោត គឺត្រូវបម្រើប្រជាពលរដ្ឋ ឱ្យមានគុណភាព សុចរិតភាព និងមានសីលធម៌ ជាពិសេសដើម្បីធ្វើយ៉ាងណាឱ្យមានតម្លាភាពក្នុងការធ្វើកិច្ចការនៅក្នុងឃុំ-សង្កាត់ស្របតាមគោលនយោបាយរបស់គណបក្ស។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានថ្លែងដែរថា គណបក្សហ៊្វុនស៊ិនប៉ិចក៏បានត្រៀមខ្លួន ដើម្បីចូលរួមបណ្តុះបណ្តាលដល់បេក្ខជន ដែលជាប់ឆ្នោតជាមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ- សង្កាត់ពាក់ព័ន្ធនឹងការងារចំពោះមុខជាពិសេសបណ្តុះបណ្តាលអំពីគោលនយោបាយគណបក្ស និងច្បាប់ស្តីពីការគ្រប់គ្រងឃុំ សង្កាត់។ លោកថ្លែងថា៖ «ជាមួយគ្នានេះ បេក្ខជនរបស់យើងធ្លាប់មានបទពិសោធ និងធ្លាប់បម្រើការងារកន្លងមក ជាពិសេសទទួលបានការអប់រំខ្ពង់ខ្ពស់ ដែលអាចទទួលយកបាន និងនៅខែកក្កដា គណបក្សហ៊្វុនស៊ិនប៉ិចនឹងរៀបចំធ្វើការបណ្តុះបណ្តាលខ្នាតជាតិ នៅទីស្នាក់ការបក្ស ដែលនេះ គឺជាកិច្ចការមួយដ៏សំខាន់ សម្រាប់បេក្ខជន និងយុវជនទាំងមូល ដើម្បីត្រៀមខ្លួនបម្រើកិច្ចការសង្គមជាតិ»។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា បេក្ខជនរបស់គណបក្សប្រជាជនមានបទពិសោធគ្រប់គ្រាន់ក្នុងការអនុវត្តតាមតួនាទី និងភារកិច្ចទៅតាមច្បាប់។ ទោះយ៉ាងណាលោកឱ្យដឹងថា នៅក្រោយការបោះឆ្នោត ក្រសួងមហាផ្ទៃនឹងរៀបចំការបណ្តុះបណ្តាលទៅដល់បេក្ខជនជាប់ឆ្នោតទាំងអស់ មិនថា អ្នកចាស់ ឬអ្នកថ្មីនោះទេ។ លោកបញ្ជាក់ថា៖ «ដូច្នេះ ក្រសួងមហាផ្ទៃ មានភារកិច្ចអនុវត្តផ្សព្វផ្សាយ បណ្តុះបណ្តាលមន្ត្រីនៅថ្នាក់ក្រោមជាតិ ស្របទៅតាមការរៀបចំ និងការប្រព្រឹត្តទៅនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យយល់ដឹងអំពីភារកិច្ច ក្នុងការបំពេញជូនប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយ»។
លោក សំ សុគន្ធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនីកហ្វិកបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឱ្យមានការបណ្តុះបណ្តាលរបស់គណបក្សនយោបាយនានាជូនដល់បេក្ខជនជាប់ឆ្នោតរបស់ខ្លួននៅតាមបណ្តាឃុំ សង្កាត់ ព្រោះនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យពួកគាត់មានសមត្ថភាព និងធ្វើការមានតម្លាភាព និងប្រសិទ្ធភាព ដែលទាំងអស់នេះនឹងផ្តល់ផលប្រយោជន៍ដល់សហគមន៍ និងមានការអភិវឌ្ឍនៅក្នុងឃុំ សង្កាត់របស់ខ្លួន។
លោកបញ្ជាក់ថា៖ «បេក្ខជនជាប់ឆ្នោតថ្មីថ្មោងរបស់គណបក្សមួយចំនួនទាមទារឱ្យមានការបណ្តុះបណ្តាលជាចាំបាច់ពីតួនាទី និងភារកិច្ច និងច្បាប់ស្តីពីការគ្រប់គ្រងឃុំ សង្កាត់ ដើម្បីឱ្យពួកគាត់មានសមត្ថភាពអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួន»៕