ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំត្រៀមមន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្ការ សង្គ្រោះបន្ទាន់ និងគ្រប់គ្រងស្ថានភាពហានិភ័យ នៅក្នុងករណីដែលមានគ្រោះមហន្តរាយកើតឡើងលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។
លោក ឈួន វិន ប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ១៩ ខែមេសានេះ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំរបាយការណ៍ឆមាសទី ១ ឆ្នាំ ២០២២ ទាក់ទងនឹងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចែករំលែកព័ត៌មានអំពីលទ្ធផលការងារ និងលើកទិសដៅការងារទៅថ្ងៃខាងមុខ។
លោកថា អង្គប្រជុំបានពិភាក្សា និងបានរាយការណ៍អំពីលទ្ធផលការងាររបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយពីគ្រប់បណ្ដាអគ្គនាយកដ្ឋានពាក់ព័ន្ធ និងបានរំឭកពីក្របខ័ណ្ឌការងារគ្រប់គ្រងគ្រោះមហន្តរាយទាក់ទងនឹងសកម្មភាពត្រៀម បង្ការ និងកាត់បន្ថយគ្រោះថ្នាក់ សកម្មភាពត្រៀមរៀបចំ សកម្មភាពឆ្លើយតប និងសង្គ្រោះបន្ទាន់ និងសកម្មភាពស្តារឡើងវិញ។
លោក ឈួន វិន ថ្លែងថា៖ «គ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់លើគ្រប់ដំណាក់កាលនៃការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីទប់ស្កាត់ បង្ការ ស្ដារឡើងវិញ និងរាយការណ៍ឱ្យបានទាន់ពេលវេលា។ អគ្គនាយកដ្ឋានពាក់ព័ន្ធបន្តផ្សព្វផ្សាយ បណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពលើការងារគ្រប់គ្រង កសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន»។
ក្នុងកិច្ចប្រជុំនោះដែរ ក៏បានបានលើកឡើងពីផែនការសកម្មភាពគាំទ្រនៅក្នុងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ ផងដែរ។
ផែនការសកម្មភាពទាំងនោះរួមមាន ១ បន្តការផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូនប្រកបដោយចីរភាព និងនវានុវត្តន៍។ ទី ២ បន្តរៀបចំបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ និងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងប្រែប្រួលអាកាសធាតុ។
និងទី ៣ បន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើបទដ្ឋានបច្ចេកទេស និងការសិក្សាគម្រោងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
លោក វ៉ា ស៊ឹមសូរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាទូទៅក្រសួងតែងតែបើកកិច្ចប្រជុំរៀងរាល់ឆមាសទី ១ សម្រាប់ត្រៀមរៀបចំរបាយការណ៍ពីឥឡូវទៅ ដើម្បីដាក់អនុវត្តទៅថ្ងៃខាងមុខ ហើយអាចឆ្លើយតបទាន់ពេលវេលានៃគ្រោះមហន្តរាយ។
លោក វ៉ា ស៊ឹមសូរិយា ថ្លែងបន្តថា៖ «ជាទូទៅយើងមានត្រៀមថវិកាខ្លះសម្រាប់ គ្រោះមហន្តរាយពាក់ព័ន្ធធំគឺផ្លូវ-ថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ អ៊ីចឹងក្រសួងហិរញ្ញវត្ថុគាត់មានកញ្ចប់មួយ ប្រគល់ឱ្យក្រសួងសាធារណការ ដើម្បីទុកត្រៀមសម្រាប់ស្ពានបាក់ភ្លាមៗ ឬផ្លូវថ្នល់ដាច់ភ្លាម ឬត្រូវរៀបចំទីតាំងសុវត្ថិភាព»។
យ៉ាងណាក៏ដោយ លោក វ៉ា ស៊ឹមសូរិយា ថា គ្រោះមហន្តរាយនៃវិស័យសាធារណការនាពេលបច្ចុប្បន្នជួបនូវបញ្ហាប្រឈមមួយចំនួន គឺបញ្ហាធនធានមនុស្សផ្នែកផ្លូវគោក ទឹក ស្ពាន កំពង់ផែ និងផ្លូវដែកជាដើម។
លោក វ៉ា ស៊ឹមសូរិយា បានថ្លែងថា៖ «ហើយបញ្ហាប្រឈមមួយទៀតគឺអាកាសធាតុយើងប្រែប្រួល អ៊ីចឹងហេដ្ឋារចនាសម្ព័ន្ធដែលធ្វើកន្លងមក យើងធ្វើក្នុងក្របខ័ណ្ឌត្រឹម ២០ ទៅ ៣០ ឆ្នាំ ប៉ុន្តែអាកាសធាតុឥឡូវប្រែប្រួលជួនកាលផ្លូវខ្លះគ្រាន់តែធ្វើហើយភ្លៀងមកខូច ឬដាច់តែម្តង ជួនកាលអត់មានឡានបើកទេ ប៉ុន្តែអាកាសធាតុជួយទៅបំផ្លាញ»។
លោក វ៉ា ស៊ឹមសូរិយា បានថ្លែងដោយជំរុញឱ្យក្រសួងត្រូវត្រៀមរៀបចំផែនការ និងធ្វើរបាយការណ៍ច្បាស់លាស់ទាំងត្រៀមថវិកាក្នុងដៃ ទាំងមនុស្ស និងគ្រឿងចក្រ ដើម្បីដោះស្រាយគ្រោះមហន្តរាយនៃវិស័យសាធារណការ និងដឹកជញ្ជូនទាន់ពេលវេលា៕