ភ្នំពេញៈ ក្រុមមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិ មកពីបណ្តាប្រទេសអាស៊ានទាំង១០ និងអាស៊ានបូក បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការកងទ័ព នៃបណ្តាប្រទេសអាស៊ានដើម្បីទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន ព្រមទាំងជំរុញយន្តការ គាំទ្រដល់ស្ត្រីរក្សាសន្តិភាពអាស៊ាន។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM WG) និងកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន បូក (ADSOM-Plus WG) តាមប្រព័ន្ធវីដេអូនាថ្ងៃទី ២០-២១ ខែមេសា ដែលរៀបចំដោយអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស ក្រសួងការពារជាតិកម្ពុជា។
កិច្ចប្រជុំប្រជុំទាំងពីរនេះ ដឹកនាំដោយលោក ឡៃ ចិន្តា អគ្គនាយករង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងនាយកនាយកដ្ឋានកិច្ចការអាស៊ាន និងជាប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន-កម្ពុជា ដោយមានការចូលរួមពីសំណាក់ប្រធានក្រុមការងារ ឧត្តមមន្ត្រីការពារជាតិ នៃរដ្ឋជាសមាជិកអាស៊ាន និងបណ្តាប្រទេសអាស៊ានបូក និងអគ្គលេខាធិការដ្ឋានអាស៊ាន ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម»។
សេចក្តីប្រកាសព័ត៌មាន នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិកម្ពុជា បញ្ជាក់នាថ្ងៃទី២១ ខែមេសា ថា៖ «អង្គប្រជុំបានឯកភាព លើឯកសារទស្សនទានចំនួនបី ដែលផ្តួចផ្តើមដោយកម្ពុជា ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងវិស័យដូចជា ១-ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតជំងឺឆ្លងដែន ២-ការលើក កម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន និង៣-ការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន»។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ឯកសារពិភាក្សាចំនួនពីរ ដែលផ្តួចផ្តើមដោយកម្ពុជា ក៏ត្រូវបានឯកភាព ផងដែរ ទី១គឺការបង្កើតទំនាក់ទំនងរវាងគំនិតផ្តួចផ្តើមអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ (SEAMLI) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) នៅក្នុងតំបន់សន្តិសុខលម្ហសមុទ្រ និងទី២គឺការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធា ដើម្បីលើកកម្ពស់សន្តិភាពប្រកបដោយចីរភាព។
អង្គប្រជុំក៏បានឯកភាព លើសេចក្តីព្រាងសេចក្ដីប្រកាសរួមរដ្ឋមន្ត្រីការពារជាតិ។
ជាមួយគ្នានេះ អង្គប្រជុំបានឯកភាព លើការប្រុងប្រៀបរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង ប្រទេសបូក ឆ្នាំ២០២២ ដោយបានសម្រេចជ្រើសរើសយក ៤ ប្រទេស ក្នុងនោះមាន ២ ប្រទេស ស្របពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង២ប្រទេសទៀត ស្របពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី២១ ខែមេសា ថា កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងបណ្តាប្រទេសទាំងអស់ នៅក្នុងតំបន់គឺជារឿងសំខាន់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឆ្លងដែន។
លោកបន្តថា ការចែករំលែកបទពិសោធ និងព័ត៌មានទៅវិញទៅមក ពាក់ព័ន្ធបញ្ហាជំងឺរាតត្បាតឆ្លងដែនទាំងអស់នេះ ក៏ជារឿងចាំបាច់ផងដែរ ដោយលោកថ្លែងថា៖ «ក្រៅពីហ្នឹង ការជួយគ្នាទៅវិញទៅមក ការឧបត្ថម្ភនូវអ្វីដែលចាំបាច់ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទាំងអស់ហ្នឹង»។
ដោយឡែក កាលពីថ្ងៃទី២០ ខែមេសាលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងជាឧត្ដមមន្ត្រីអាស៊ានកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សារួមនៃឧត្ដមមន្ត្រីអាស៊ាន ដើម្បីពិភាក្សាអំពី ការធ្វើបច្ចុប្បន្នភាព លើអាទិភាពអាស៊ាន និងវឌ្ឍនភាព នៃឯកសារសមិទ្ធផលឆ្នាំ២០២២ ការតភ្ជាប់អាស៊ាន និងបញ្ហាការសម្របសម្រួលអន្តរវិស័យ និងអន្តរសរសរស្តម្ភ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់នាថ្ងៃទី២១ ខែមេសាថា កិច្ចប្រជុំនេះ ក៏មានការពិភាក្សាអំពីភាពជាដៃគូរបស់អាស៊ាន ជាមួយដៃគូសន្ទនា តាមវិស័យ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបែបបទការងារ ក្រោមគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្សាភ្ជាប់ការឆ្លើយតបរបស់អាស៊ាន ចំពោះគ្រោះមហន្តរាយ និងការសង្គ្រោះបន្ទាន់ (ASEAN SHIELD)។
នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងអប់រំ យុវជន និងកីទ្បា និងក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងពីវឌ្ឍនភាព នៃគំនិតផ្តួចផ្តើម របស់កម្ពុជា ក្រោមសរសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសរសរស្តម្ភសង្គមវប្បធម៌អាស៊ានផងដែរ។
នៅថ្ងៃដដែលនេះផងដែរលោកស្រីក៏បានដឹកនាំកិច្ចប្រជុំដោយឡែកមួយទៀត គឺកិច្ចប្រជុំលើកទី៨ នៃក្រុមការងាររបស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ (8th ACCWG-PHE)ដោយមានការពិភាក្សាអំពីការអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗ របស់អាស៊ាន ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩៕