ភ្នំពេញៈ ស៊ុយអែតសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានកុងស៊ុលកិត្តិយសរបស់ខ្លួននៅទីក្រុងភ្នំពេញ នាថ្ងៃទី ២២ ខែមេសា។
លោកស្រី Kim Tol Tan កុងស៊ុលកិត្តិយសនៃប្រទេសស៊ុយអែតប្រចាំកម្ពុជា ថ្លែងក្នុងពិធីសម្ពោធនេះថា លោកស្រីមានកិត្តិយសណាស់ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ក្នុងឋានៈជាកុងស៊ុលកិត្តិយសរបស់ប្រទេសស៊ុយអែត ដែលទទួលខុសត្រូវលើគ្រប់កិច្ចការទាក់ទងនឹងកុងស៊ុល ដែលជួយមន្ត្រីកុងស៊ុល និងសហការីរបស់លោកស្រីនៅប្រទេសថៃ។
លោកស្រី Kim បានសម្ដែងការដឹងគុណ សម្រាប់ឱកាសនេះក្នុងការផ្តល់ទំនុកចិត្តលើលោកស្រី ដែលតំណាងឱ្យកុងស៊ុលស៊ុយអែតក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់នៅប្រទេសកម្ពុជា។
លោក Jon Åström Gröndahl ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសថៃថ្លែងក្នុងពិធីនោះថា ក្រសួងការបរទេសស៊ុយអែតបានរៀបចំយុទ្ធសាស្ត្រថ្មីមួយកាលពីប៉ុន្មានឆ្នាំមុន ដែលចង់ធ្វើទំនើបកម្មកិច្ចសហប្រតិបត្តិការកុងស៊ុលដោយចង់មានសមភាពយេនឌ័រកុងស៊ុលបន្ថែមទៀត៕