ភ្នំពេញៈ នៅចំពោះមុខមេដឹកនាំក្នុងតំបន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីគ្រប់គ្រងធនធានទឹកឱ្យមានចីរភាព ខណៈលោកមើលឃើញថា ធនធានទឹកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកម្រទៅៗ។
លោកថ្លែងថា៖ «ជាការពិត ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព ប៉ុន្តែធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក»។
លោក ហ៊ុន សែន អំពាវនាវដូច្នេះនាថ្ងៃទី២៣ ខែមេសា ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដែលធ្វើឡើង ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៣-២៤ ខែមេសា នៅទីក្រុង ខឹម៉ាមូតុ ប្រទេសជប៉ុន។
លោកថ្លែងថា ធនធានទឹកដែលកាន់តែកម្រទៅៗនេះក៏បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងភាពរាំងស្ងួត ការកើនឡើងនូវចំនួនប្រជាជន និងការបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបាន និងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹកផងដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «ធនធានទឹកបានក្លាយជារបៀបវារៈមួយសំខាន់ ដែលតម្រូវឱ្យយើងត្រូវខិតខំប្រឹងប្រែងរួមគ្នា គ្រប់គ្រងឱ្យបានប្រកបដោយចីរភាព សម្រាប់បច្ចុប្បន្ន និងទៅអនាគត»។
លោកអំពាវនាវឱ្យមានការបន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្មបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក និងបន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។
លោកនាយករដ្ឋមន្ត្រីក៏អំពាវនាវផងដែរឱ្យមានការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថល ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។
លើសពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញដល់មេដឹកនាំក្នុងតំបន់បន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានាគាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់តាមតម្រូវការ។
លោកថ្លែងថា៖ «ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាចាត់ទុកទឹកថាជា «មាសស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ដោយរាជរដ្ឋាភិបាលកម្ពុជាតែងទទួលស្គាល់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ដោយធានាបាននូវសន្តិសុខទឹកនៅទូទាំងប្រទេស។
លោក ហ៊ុន សែន បានបញ្ជាក់ពីការប្តេជ្ញាចិត្តកម្ពុជាថា កម្ពុជានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»៕