ភ្នំពេញៈ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) ស្នើសុំឱ្យសាងសង់ស្ពានតភ្ជាប់រវាងកម្ពុជា និងឡាវ ដើម្បីឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ២ កាន់តែជិតស្និទ្ធនឹងគ្នា ខណៈលោកគ្រោងបំពេញទស្សនកិច្ចនៅខេត្ត ២ជាប់ព្រំដែនកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្ត និងព្រំប្រទល់ជាមួយកម្ពុជា។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាថ្ងៃទី២៣ ខែមេសា នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ ដែលធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ២៣-២៤ ខែមេសា។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ថា លោក វីផាវ៉ាន់ គ្រោងទៅទស្សនកិច្ចនៅខេត្តចំប៉ាសាក់ និងចំប៉ាលើ ប្រទេសឡាវ ដែលជាប់ព្រំដែនកម្ពុជា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ជាមួយកម្ពុជា ដើម្បីបញ្ជាក់ពីគោលនយោបាយរបស់ប្រទេសទាំង ២ ក្នុងការជំរុញការលើកកម្ពស់ និងបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំង ២។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសុំឱ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំង ២ ផងដែរ ដើម្បីឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា ក៏ប៉ុន្តែទាក់ទងនឹងការសាងសង់ស្ពាននេះ ឯកឧត្តមរង់ចាំការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឡាវសិន»។
ទាក់ទងទៅនឹងគម្រោងនៃការកសាងស្ពាននេះ លោក ហ៊ុន សែន ថ្លែងថា វាជារឿងដ៏ល្អបំផុត សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំង ២ ឱ្យកាន់តែមានភាពល្អប្រសើរឡើង។
ជាមួយគ្នានេះផងដែរ លោក វីផាវ៉ាន់ ក៏បានស្នើឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ច មេបញ្ជាការកងទ័ពនៃប្រទេសទាំង២ ហើយក្នុងនោះលោកក៏បានអញ្ជើញលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ នាពេលខាងមុខនេះ។
យោងតាមហ្វេសប៊ុកដដែល លោក ហ៊ុន សែន បានឯកភាពចំពោះការអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដោយលោកលើកឡើងថា គឺជារឿងដ៏ល្អណាស់ និងពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕