ភ្នំពេញៈ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងអាវុធហត្ថលើផ្ទៃប្រទេសបានឆ្មក់បង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយដកហូតបានសាច់សត្វព្រៃបានជាង ១៥ គីឡូក្រាម កាលពីថ្ងៃទី ២២ ខែមេសា ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេលប្រមាណជា ១ ខែរួចមក។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃសៅរ៍ ទី ២៣ ខែមេសានេះថា សាច់សត្វព្រៃដែលឆែកឆេរឃើញ និងដកហូតមានសាច់ជ្រូកព្រៃស្រស់ជាង ៥ គីឡូក្រាម និងសាច់សត្វឈ្លូសចំនួន ១០គីឡូក្រាម។
លោកបានបញ្ជាក់ថា៖ «គាត់លក់សាច់ហ្នឹងតាមអនឡាញ។ ប្រហែលគាត់មិនដឹងថា ការលក់ហ្នឹងខុសច្បាប់ទេ។ មិនដឹងលក់យូរហើយ ឬទើបលក់ទេ។ យើងមានក្រុម IT យើងតាមដាន ហើយបានរាយការណ៍។ យើងបានស្រាវជ្រាវប្រហែល ១ខែ ទើបរកកន្លែងលក់ឃើញ»។ លោកបានបន្តថា ករណីនេះកំពុងតែស្ថិតនៅក្នុងដំណើរការនីតិវិធីច្បាប់នៅឡើយ។
លោក គាំ សីហា ក៏បានធ្វើការកត់សម្គាល់ផងដែរថា ការលក់ដូរសាច់សត្វព្រៃក្នុងរាជធានីភ្នំពេញកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការអនុវត្តច្បាប់ និងពលរដ្ឋមានការយល់ដឹងពីបញ្ហានេះកាន់តែច្រើនឡើង។ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនតូចដែលមិនទាន់បានយល់ដឹងនៅឡើង។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមួយចំនួនឈប់លក់ដូរសាច់សត្វព្រៃបែបនេះទៀត ព្រោះថាវាជាមុខរបរខុសច្បាប់ ហើយចូលរួមជួយថែរក្សាធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃឱ្យបានគង់វង្ស៕