ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) បានទទួលយកគំនិតផ្តួចផ្តើមរបស់លោក បន្ទាប់ពីលោកបានស្នើសុំឱ្យដំឡើងទំនាក់ទំនងទ្វេភាគីពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុ ជា-ជប៉ុន នៅពេលខាងមុខ។
ការស្នើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងជំនួបរវាងលោក និងលោក គីស៊ីដា នាថ្ងៃទី២៣ ខែមេសា នៅទីក្រុង គូម៉ាម៉ូតូ ប្រទេសជប៉ុន ក្នុងឱកាសលោកទៅចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកនៃតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ ដែលធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ២៣-២៤ ខែមេសា។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា៖ «នៅក្នុងជំនួបនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យទំនាក់ទំនងទ្វេភាគីនេះ ពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន នៅពេលខាងមុខនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រី ជប៉ុន គីស៊ីដា បានទទួលយកគំនិតផ្តួចផ្តើមរបស់សម្តេចតេជោក្នុងការដំឡើងទំនាក់ទំនងទ្វេភាគីនេះផងដែរ»។
បើតាមហ្វេសប៊ុកដដែល លោក គីស៊ីដា បញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន មានការរីកចម្រើនឡើងជាបន្តបន្ទាប់ ពិសេសវិស័យសន្តិសុខ និងលើវិស័យការពារជាតិ រួមជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្សនៃកងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិ។
ថ្មីៗនេះ កម្ពុជាបានអនុញ្ញាតឱ្យនាវាជើងទឹករបស់ជប៉ុន ចូលសុំចតនៅកម្ពុជា ដោយលោក ហ៊ុន សែន ចាត់ទុកសកម្មភាពនេះ ជាការរួមចំណែកជួយពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំង២។
លោក ហ៊ុន សែន សង្ឃឹមថា ជប៉ុននឹងបន្តជួយដល់កម្ពុជា ក្នុងកិច្ចសហការលើប្រព័ន្ធស្រោចស្រព និងទឹកស្អាតនៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្ពុជានឹងបន្តធ្វើការងារលើវិស័យការពារជាតិជាមួយប្រទេសជប៉ុនបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំង ២ ហើយកម្ពុជានឹងបន្តស្វាគមន៍នាវាជើងទឹកជប៉ុនមកទស្សនកិច្ច និងចូលចតនៅកំពង់ផែរបស់កម្ពុជា។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ថា លោក គីស៊ីដា នៅតែបន្តកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រកម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលបានជំរុញលើការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ហើយលោក គីស៊ីដា ក៏នឹងបន្តធ្វើការជាមួយកម្ពុជាលើបញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាវិបត្តិនៅអ៊ុយក្រែនផងដែរ៕