ភ្នំពេញៈ លោក ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោក អូម ប៊ើឡា ( Om Birla) ប្រធានរដ្ឋសភាឥណ្ឌាបានប្តេជ្ញាពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបនាថ្ងៃទី ២២ ខែមេសា រវាងលោក ហេង សំរិន និងលោក អូម ប៊ើឡា ក្នុងឱកាសលោកមកបំពេញទស្សកិច្ចនៅកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមេសា។
សេចក្តីប្រកាសព័ត៌មានរដ្ឋសភាកម្ពុជាបញ្ជាក់នាថ្ងៃទី ២២ ខែមេសា ថា៖ «[ប្រធានរដ្ឋសភាទាំងពីរ] បានប្តេជ្ញារួមគ្នា នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ។ ប្រធានរដ្ឋសភាកម្ពុជា និងឥណ្ឌា បានប្តេជ្ញាផងដែរ ក្នុងការជំរុញដល់កិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ប្រទេសទាំងពីរឲ្យបានគ្រប់ជ្រុងជ្រោយឡើង»។
លោក ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចរបស់លោក អូម ប៊ើឡាគឺជាការផ្តល់កិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ក្នុងការឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
យោងតាមសេចក្តីប្រកាសនេះ លោក អូម ប៊ើឡា ថ្លែងថាតាមរយៈការជួបសន្ទរនាជាទៀងទាត់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរបានធ្វើឲ្យទំនាក់ទំនងជាប្រវត្តិសាស្ត្រកម្ពុជានិងឥណ្ឌាកាន់តែស៊ីជម្រៅ។
លោកត្រូវបានស្រង់សម្ដីថា៖ «ប្រទេសឥណ្ឌាបានឲ្យតម្លៃជាសំខាន់ចំពោះទំនាក់ទំនងប្រទេសទាំងពីរ។ មានគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ឥណ្ឌានៅកម្ពុជា ដូចជាវិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោងទាំងអស់នោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា»។
លោក ហេង សំរិន ប្រាប់លោក អូម ប៊ើឡាថា ចាប់តាំងពីនីតិកាលទី ១ មក រដ្ឋសភាកម្ពុជាបានបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភាតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយបណ្តាសភានានា នៅក្នុងតំបន់ និងសកលលោក ដើម្បីរួមចំណែកលើកកម្ពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។
លោកបន្តថា រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជាជាមួយសភាជាង ១០០ ប្រទេសនៅលើសកលលោក ដែលក្នុងនោះក៏មានរដ្ឋសភាឥណ្ឌាផងដែរ ក្នុងបំណងជំរុញលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការជាលក្ខណៈទ្វេភាគី ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោក ហេង សំរិន បានឯកភាពទទួលសំណើការអញ្ជើញរបស់លោក អូម ប៊ើឡាទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានាពេលខាងមុខ ដោយលោក អូម ប៊ើឡាចាត់ទុកវត្តមានរបស់លោក ហេង សំរិននៅប្រទេសឥណ្ឌាមានសារសំខាន់ ដើម្បីចូលរួមក្នុងវេទិកាអាស៊ាន-ឥណ្ឌាផងដែរ និងក្នុងឱកាសប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧០ នៃចំណងការទូត និងចំពេលដែលឥណ្ឌាប្រារព្ធខួបលើកទី ៧៥ នៃទិវាឯករាជ្យជាតិ ក៏ដូចជាឱកាសម្ពោធអគាររដ្ឋសភាថ្មីផងដែរ។
លោកបានស្នើភាគីឥណ្ឌាឱ្យបន្តគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និងជួយកិច្ចសហការក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌ វប្បធម៌ និងជំរុញដល់រដ្ឋាភិបាលឥណ្ឌា អនុវត្តការស្តារបេតិកភណ្ឌប្រាសាទបាយ័ន ព្រះវិហារ ដែលឥណ្ឌាជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear)។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២៤ ខែមេសា ថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាជាទំនាក់ទំនងជាប្រពៃណី ដែលធ្លាប់មានប្រវត្តិជាយូរអង្វែងមកហើយ ជាពិសេសគឺនៅក្រោយឆ្នាំ ១៩៧៩ ឥណ្ឌាជាប្រទេសតែមួយគត់ដែលទទួលស្គាល់រដ្ឋាភិបាលនៃសាធារណៈប្រជាមានិតកម្ពុជា ដោយផ្អែកលើគោលការណ៍អធិបតេយ្យឯករាជ្យ និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
លោកថ្លែងថា៖ «ឥណ្ឌាគឺតែងផ្តល់យុត្តិធម៌នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដោយមិនគិតពីនិន្នាការនយោបាយ មិនគិតពីមនោគមវិជ្ជានយោបាយ ហើយឥណ្ឌានេះយើងឃើញថា ទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការល្អ [ជាមួយកម្ពុជា] ហើយឥណ្ឌាក៏បានជួយកម្ពុជាច្រើនដែរជាពិសេសលើវិស័យវប្បធម៌ ការជួសជុលប្រាសាទនិងការអភិវឌ្ឍធនធានមនុស្សកម្ពុជាលើវិស័យផ្សេងៗច្រើនពាក់ព័ន្ធនឹងរឿងប្រាសាទបុរាណ រឿងវប្បធម៌ រឿងអក្សរសាស្ត្រអីជាដើម»៕