ភ្នំពេញៈ អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឱ្យដឹងថា រូបលោក និងលោក Paul Grove ជាមន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៣ ខែមេសា បានពិភាក្សាអំពីដំណើរការសវនាការករណីនៃការចោទប្រកាន់មកលើលោក ពីបទឃុបឃិតជាមួយអង្គការ ឬរដ្ឋបរទេស ដែលក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរ។
ការពិភាក្សានេះ នៅក្រោយពេលដែលសហមេធាវីរបស់លោក កឹម សុខា គឹ លោក អាង ឧត្តម ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់សវនាការនៅថ្ងៃទី ២០ ខែមេសា ថា ក្រុមសហមេធាវីរបស់លោក គ្រោងដាក់ពាក្យស្នើសុំទៅបណ្តាប្រទេសដែលត្រូវបានចោទជាប់ពាក់ព័ន្ធ សំណុំរឿង លោក កឹម សុខា នៅចុងខែនេះ ឬដើមខែក្រោយ យ៉ាងយូរ ដើម្បីឱ្យមកធ្វើជាសាក្សីបំភ្លឺក្នុងតុលាការបង្ហាញការពិត។
លោក កឹម សុខា ថ្លែងថា៖ «ក្នុងជំនួបនេះ យើងបានពិភាក្សាគ្នាលើបញ្ហាជាច្រើន ដូចជាបញ្ហាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក កន្លងមក បច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាបញ្ហាតំបន់ និងក្នុងពិភពលោកផងដែរ។ ជាពិសេសលោក Paul Grove បានសម្តែងនូវកង្វល់អំពីស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យបច្ចុប្បន្ននៅកម្ពុជា និងបានពិភាក្សាអំពីដំណើរការសវនាការករណីនៃការចោទប្រកាន់មកលើរូបខ្ញុំពីបទឃុបឃិតជាមួយអង្គការ ឬ រដ្ឋបរទេស ដែលក្នុងនោះមានសហរដ្ឋអាមេរិកផងដែរ»។
លោកបន្តថា លោក Paul Grove ដែលគេដឹងថា ជាមន្ត្រីជំនាញក្នុងគណៈកម្មាធិការត្រួតពិនិត្យ (Appropriation commitee ) នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក ដ៏មានឥទ្ធិពល ក្នុងកិច្ចការគ្រប់គ្រងធនធានថវិកា ក៏ដូចជាជំនួយរបស់សហរដ្ឋអាមេរិក អញ្ជើញមកកាន់ប្រទេសកម្ពុជាពេលនេះ ពិតជាមានសារៈសំខាន់។
បើតាមលោកកឹម សុខា លោក Paul Grove បានចាប់អារម្មណ៍ខ្លាំងអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ ព្រោះលោកធ្លាប់ធ្វើការងារ និងមានបទពិសោធលើវិស័យនេះ ជាង៣០ឆ្នាំមកហើយ ជាពិសេសគាត់ស្គាល់កម្ពុជា និងតំបន់អាស៊ីយ៉ាងច្បាស់។ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរបស់លោក ជាមួយរដ្ឋបរទេស ជាពិសេសជាមួយសហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៩៣ មក គឺដើម្បីឧត្តមប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍ ខណៈប្រទេសទាំងនោះជាមិត្តរបស់កម្ពុជា។
ជាមួយគ្នានេះ លោក កឹម សុខា កាលពីថ្ងៃទី ២២ ខែមេសា ក៏បានជួបពិភាក្សាជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា គឺមួយថ្ងៃ បន្ទាប់ពីសវនាការលើកទី ៣៧ នៃករណីក្តីរបស់លោកផងដែរ។ ក្នុងជំនួបនេះ លោក Jacques PELLET បានសួរលោក កឹម សុខា ភាគច្រើនអំពីដំណើរការសវនាការដែលមានការអូសបន្លាយ និងការចោទប្រកាន់លោក នោះពាក់ព័ន្ធជាមួយអង្គការ និងរដ្ឋបរទេសជាច្រើន ដោយឮថា មានឈ្មោះសហភាពអឺរ៉ុបផង ព្រោះប្រទេសបារាំងក៏ជាសមាជិកសហភាពអឺរ៉ុបដែរ។
លោក កឹម សុខា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ក៏ដូចជាសហភាពអឺរ៉ុបជាមិត្តល្អរបស់កម្ពុជា ដែលបានចូលរួមយ៉ាងសកម្មជួយឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងបន្តជួយដល់ប្រជាពលរដ្ឋខែ្មរលើវិស័យនានា ជាពិសេសនៅតែជួយ និងតាមឃ្លាំមើលអំពីបញ្ហាសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាបញ្ជូនអ្នកការទូតតាមដានសវនាការរឿងក្តី និងអំពីសិទ្ធិសេរីភាពរបស់លោក ក្នុងពេលនេះផងដែរ។
លោក ចាន់ ចេន សហមេធាវីរបស់លោក កឹម សុខា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមេសាថា សហមេធាវីបាននិងកំពុងពិនិត្យលើពាក្យរបស់ខ្លួន យកទៅបណ្តាប្រទេសដែលត្រូវបានចោទជាប់ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា ហើយដាក់ក្រោយពីបញ្ចប់កិច្ចការខ្លួន។ ជាមួយគ្នានេះ ជំនួបរវាងលោក កឹម សុខា ជាមួយមន្ត្រីការទូតបារាំង និងមន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក វាជាការយកចិត្តទុកដាក់របស់ប្រទេសជាមិត្តចំពោះកម្ពុជា ជុំវិញសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ពិសេសករណីលោកកឹម សុខា។
លោក គិន ភា ប្រធានវិទ្យាស្ថានអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដាននយោបាយនៅកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមេសាថា ចំពោះជំនួបរវាងលោក កឹម សុខា ជាមួយមន្ត្រីការទូតបារាំង និងមន្ត្រីជាន់ខ្ពស់ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅពេលនេះ គ្មានអ្វីប្លែកនោះទេ ព្រោះកន្លងមកនេះ លោក កឹម សុខា ក៏បានជួបជាមួយមន្ត្រីទូត និងមន្ត្រីបរទេសជាច្រើនមកហើយដែរ។
លោកថ្លែងថា៖ «ជំនួបនេះ វាគ្រាន់តែធ្វើឱ្យមានភាពស៊ីគ្នា អ្វីដែលជាការសន្យា និងការលើកឡើងរបស់តំណាងទូតបរទេស ដែលជានិច្ចកាល គេចាត់ទុកថាតម្លៃប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ គឺជារឿងសំខាន់។ ដូច្នេះ អ្វីដែលគេធ្វើហ្នឹង គឺគេរក្សានូវគោលជំហរមួយពាក់ព័ន្ធនឹងផ្ទៃក្នុងរបស់កម្ពុជា។ ទោះជាយ៉ាងណា រឿងហ្នឹង វាមិនមែនជាកម្លាំជំរុញធ្វើឱ្យតុលាការកម្ពុជាទៅមានការពាក់ព័ន្ធនឹងតំណាងរដ្ឋបរទេសទេ»។
ទោះជាយ៉ាងណា លោកថា អ្វីដែលតុលាការភ្នំពេញគួរធ្វើនៅពេលនេះ គឺពន្លឿននីតិវិធីសំណុំរឿងរបស់លោកកឹម សុខា ទៅតាមនីតិវិធី ដើម្បីបញ្ចប់ទៅតាមពេលវេលាសមស្របណាមួយ ចៀសវាងការអូសបន្លាយពេលវេលាយូរទៅ វារុញឱ្យក្លាយទៅជាអន្ទាក់នយោបាយផ្សេងទៀត៕