ភ្នំពេញៈអតីត​អគ្គ​មេប​ញ្ជាការ​អាជ្ញាធរ​បណ្តោះ​អាសន្ន​អង្គការ​សហ​ប្រជា​ជាតិ​នៅ​កម្ពុជាឬ​ហៅ​ថា​អ៊ុន​តាក់ (UN​TAC) ​លោក ​John Murray San​der​son AC និង​លោក​ស្រី​​ Lorraine​ Sander​son ជា​ភរិយាបាន​ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​រយៈ​ពេល​ ១០​ ថ្ងៃ​ចាប់​ពី​ថ្ងៃទី ​២៣​ ខែមេសា​​ដល់​ថ្ងៃទី ២​ ខែឧសភា ​ដើម្បី​អបអរ​ខួប​ទី ៣០ ឆ្នាំ​នៃ​អ៊ុន​តាក់​និង​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​អបអរ​ខួប​ទី ៧០ ​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវា​ង អូស្ត្រាលី ​និង​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌​មាន ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បញ្ជា​ក់នៅ​ថ្ងៃទី ២២​ ខែមេសា ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក​Sande​rson និង​លោក​ស្រី ​San​der​son នឹង​ចូល​គាល់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជានិង​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនី​នាថ សីហនុ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

លោក​និង​លោក​ស្រី ​Sander​son​ ក៏​នឹង​ជួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី ព្រម​ទាំង​ជួប​ជា​មួយ​ឧបនាយក​រដ្ឋ​មន្ត្រី ទេស​រដ្ឋ​មន្ត្រី​អភិបាល​ខេត្ត​មន្ត្រី​សំខាន់ៗ ​និង​តំណាង​សង្គម​ស៊ីវិល​ផង​ដែរ​។

សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​បញ្ជាក់​ថា៖ «កិច្ច​ប្រជុំ​ទាំង​នេះ​ផ្តល់​ឱកាស​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​រួម​ចំណែក​ផ្ទាល់​ខ្លួន និង​មិត្ត​ភាព​ដែល​បាន​កសាង​ទំនាក់​ទំនង​ដ៏​រឹងមាំ​រវាង​អូ​ស្ត្រាលី និង​កម្ពុជា​ក្នុង​រយៈ​ពេល​៧០ឆ្នាំ​កន្លង​មកនេះ និង​ជួយ​បង្ហាញ​ពី​របៀប​ដែល​យើង​អាច​ពង្រឹង​ទំនាក់​ទំនង​របស់​យើង​បន្ថែម​ទៀត​ទៅ​អនា​គត»​។

លោក​ Sande​rson នឹង​បើក​ការ​តាំង​ពិ​ព័រណ៍មួយ​ដែល​រៀបចំ​ដោយ​ស្ថាន​ទូត​អូស្ត្រាលី​ជា​មួយមជ្ឈ​មណ្ឌល​សិក្សា​បណ្តុះ​បណ្តាល​កសាង​សន្តិ​ភាព និង​ដោះ​ស្រាយ​ទំនាស់​ និងវិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) ដើម្បី​រំឭក​ខួប​លើក​ទី​៣០​ឆ្នាំ នៃ​អ៊ុន​តាក់ នៅ​សណ្ឋា​គារ​ Raffles​Hotel Le Royal​។

ពិព័រណ៍​អ៊ុន​តាក់​នឹង​បើក​ជូន​ដោយ​សេរី​ដល់​សា​ធារណ​ជន​ចាប់ពី​ម៉ោង ​៧ ព្រឹក​ដល់ ​ម៉ោង ៩​ យប់​ជា​រៀង​រាល់ថ្ងៃ ចាប់​ពី​ថ្ងៃទី​ ២៩ ​ខែ​មេសា​ដល់​ថ្ងៃទី ​២៨ ​ខែឧសភា​។

ស្ថាន​ទូត​អូ​ស្ត្រា​ប្រចាំ​កម្ពុជា​ចាត់​ទុក អ៊ុនតាក់​ជា​សម័យ​កាល​ប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់​ប្រទេស​កម្ពុជា និង​ជា​គំរូ​ដ៏​ល្អ​នៃ​កិច្ច​សហប្រតិ​បត្តិការ​ន​យោ​បាយ​និង​សន្តិ​សុខ​អន្តរ​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដែល​ប្រទេស​ជប៉ុន​ និង​ប្រទេស​ជា​សមា​ជិក​អា​ស៊ាន​មួយ​ចំនួន​បាន​រួម​ចំណែក​សំខាន់ៗ​ផង​ដែរ​។

អ៊ុន​តាក់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ក្នុង​ឆ្នាំ ១៩៩២​ ដើម្បី​ត្រួត​ពិនិត្យ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ​ការធ្វើ​មាតុ​ភូមិ​និវត្តន៍​ប្រកប​ដោយ​សុវត្ថិ​ភាព​របស់​ប្រជា​ជន​កម្ពុជា ​ដែល​បាន​ផ្លាស់​លំនៅ​ដោយ​សង្គ្រាម​ស៊ីវិល​ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ១៩​៩៣​។

លោក ​Sander​son បាន​បញ្ជា​កង​កម្លាំង​ពហុ​ភាគី​ដ៏​ធំ​របស់​ខ្លួន ដែល​មាន​កង​វរសេនា​តូច​ថ្មើរ​ជើង និង​អង្គ​ភាព​គាំទ្រ​ចំនួន ​១២ អ្នក​សង្កេត​ការណ៍​យោ​ធា និង​នគរ​បាល​ស៊ីវិល​សរុប​ចំនួន​ ២ ២ ០០០ នាក់​មកពី​ប្រមាណ ​៤០ ​ប្រទេស​ផ្សេងៗ​គ្នា​។

បន្ថែម​ពី​ការ​ផ្តល់​បញ្ជា​ការ​ផ្នែក​យោ​ធា​ អូស្ត្រា​លី​ក៏បាន​ផ្តល់​បុគ្គ​លិក​ជាង ​១ ២០០​ នាក់ ​ដល់​អ៊ុន​តាក់​ផង​ដែរ។

អូ​ស្ត្រា​លី​បាន​ផ្តល់​ជំនួយ​ដំបូង​ដែល​ជា​អង្គ​ភាព​ទំនាក់​ទំនង​កម្លាំង​ដែល​មាន​បុគ្គលិក​៤៨៨នាក់ ​ដោយ​ភាគច្រើន​មកពី​កង​វរសេនា​ធំ​សញ្ញា​ទី ​២ ​របស់​កង​ទ័ព​អូស្ត្រា​លី​។

កង​នាវា​ចរ​ណ៍ទី ២ រួម​មាន​កងទ័ព​ជើង​ទឹក​ភូមិន្ទ​អូស្ត្រា​លី កង​ទ័ព​អាកាស​ភូមិន្ទ​អូស្ត្រា​លី និង​កង​ទ័ព​របស់នូវែល​សេឡង់។ អ្នក​ផ្តល់​សញ្ញា​អូស្ត្រា​លី ឬ​ហៅ​ថា បុគ្គ​លិក​ទំនាក់​ទំនង​បាន​បំពេញ​ការងារ​ជាប់​ជា​មួយ ​នឹង​អង្គភាព​អ៊ុន​តាក់​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដើម្បី​រក្សា​ទំនាក់​ទំនង​ជា​មួយ​ទីបញ្ជា​ការ កង​កម្លាំង​។

សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​បាន​ដក​ស្រង់​សម្ដី​លោក ​Sander​son ថា៖ «អ្នក​ផ្តល់​សញ្ញា​ទាំង​នោះ​គឺជា កាវ​ដែល​ភ្ជាប់​បេសក​កម្ម​ជាប់​ជា​មួយ​គ្នា»​។

លោក ហ៊ុន សែន ថ្មីៗនេះ បាន​ប្រកាស​ថា បន្ទាប់ពី​លោក​វិល​ត្រឡប់​ពី​ដំណើរ​ទស្សន​កិច្ច​នៅ​ជប៉ុននា​ថ្ងៃទី​ ២៤ ខែ​មេសា លោក​នឹង​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក Sanderson ដែល​គ្រោង​នឹង​ទៅ​ទស្សន​កិច្ច​នៅ​កន្លែង​មួយ​ចំនួន​ដែល​លោក​មិន​ដែល​បាន​ចូល​ទៅ​កាន់​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០​។

លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ២៤ ខែ​មេសា ថា ប្រទេស​អូស្ត្រា​លី​កន្លង​មក​ បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណើរ​ការ​កសាង​សន្តិ​ភាព​នៅ​កម្ពុជា ហើយ​ដំណើរ​ទស្សន​កិច្ច​របស់​លោក Sander​son នេះ​គឺជា​ការ​រំឭក​ឡើង​វិញ​អំពី​ការ​រួមចំណែក​របស់​អូស្ត្រា​លី​នៅ​ក្នុង​ក្នុង​ដំណើរ​ការ​កសាង​សន្តិ​ភាព​នៅ​កម្ពុជា ក៏ដូច​ជា​ការ​ស្តារ​និង​អ​ភ​វិ​ឌ្ឍ​ប្រទេស​កម្ពុជា​ឡើង​វិញ​។

លោក​បន្ថែម​ថា៖ «ហើយ​ក៏​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អូស្ត្រា​លី​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស និង​បន្ត​ការ​អនុវត្ត​បន្ត​ស្មារតី​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​បារី​ស ហើយ​អ្វីដែល​គេ​ចង់​សង្កត់​ធ្ងន់​នៅ​ទីនេះ​គឺ​ខ្ញុំ​គិត​មើល​ទៅ​គឺ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ការ​អនុវត្ត​គោល​ការណ៍​ប្រជាធិប​តេយ្យ សិទ្ធិ​មនុស្ស នីតិរដ្ឋ​អី​ជា​ដើម អ៊ីចឹង»​៕