តាកែវៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ព្រមាន​ដាក់ចូល​បញ្ជីខ្មៅ ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយ​ដែល​ទទួលបាន​សិទ្ធិ​សាងសង់​ផ្លូវជាតិ​លេខ​ ២ និង​លេខ​ ២២ ក្រោយ​រកឃើញថា ក្រុមហ៊ុន​នេះ សាងសង់​ផ្លូវ​មិនមាន​គុណភាព និង​មាន​ភាពយឺតយ៉ាវ​។

ការព្រមាន​នេះ​ធ្វើឡើង​ខណៈ​លោក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស និង​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព ការសាងសង់​ផ្លូវជាតិ​លេខ ២ និង​លេខ ២២ កាលពី​ថ្ងៃទី​ ២៣ ខែមេសា​។ លោក​ ស៊ុន ចាន់ថុល បាន​ថ្លែងថា ក្រោយ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​ផ្លូវ​ជាច្រើន​កន្លែង ក្រសួង​រកឃើញថា ផ្លូវ​នេះ​មិន​អនុលោម​តាម​ស្តង់ដា​បច្ចេកទេស ហើយ​លោក​ស្នើឱ្យ​មានការ​កែតម្រូវ​ឡើងវិញ​ជាបន្ទាន់​មុន​ប្រគល់ឱ្យ​ក្រសួង​សាធារណការ​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ព្រោះ​យើង​បាន​ចុះ​វ៉ៃ​គ្រឹះ​សាកល្បង​ច្រើន​កន្លែង​ណាស់ កន្លែង​ខ្លះ​ជាប់ ភាគច្រើន​ធ្លាក់​ទាំងអស់ ក្រោម​ស្តង់ដារ​បស់​ក្រសួង​សាធារណការ​។ ដូច្នេះ​ខ្ញុំ​បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ខ្ញុំ​ចាប់ផ្តើម​វ៉ៃ​ឡើងវិញ​ទាំងអស់​ចាប់ពី​ដើមទី​រហូតដល់​ចុង​ទី រាប់រយ​រាប់ពាន់​កន្លែង ដើម្បី​ធ្វើ​បទបង្ហាញ​ជូន​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស និង​ក្រុមហ៊ុន​សាងសង់ ថា​យើងខ្ញុំ​ទទួល​មិនបាន​នូវ​គុណភាព​របស់​ផ្លូវ​ដែល​អ្នក​សាងសង់​ប្រគល់​មកឱ្យ​យើងខ្ញុំ​»​។

លោក​កត់សម្គាល់ថា ក្រុមហ៊ុន​ ហានស៊ីន (Hanshin) ដែល​ទទួល​សិទ្ធិ​សាងសង់​ផ្លូវជាតិ​លេខ​ ២ និង​ផ្លូវ​លេខ ២២ ក៏​ធ្លាប់មាន​បញ្ហា​សាងសង់​ផ្លូវជាតិ​លេខ ២១ ដែរ ដូចនេះ​ក្រសួង​កំពុង​ពិចារណា​ដាក់បញ្ចូល​ក្រុមហ៊ុន​នេះ​ទៅក្នុង​បញ្ជីខ្មៅ​ផងដែរ​។ លោក​ថា​៖ «​ដើម្បី​ពិភាក្សាគ្នា​នូវ​គម្រោង​ផ្សេងៗ​ទៀត តើ​យើង​គួរ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន Hanshin ចូលរួម​ដេញថ្លៃ ឬ​មិនឱ្យ​ដេញថ្លៃ​ត្រូវតែ​សម្រេច កុំឱ្យ​យើង​ឈឺក្បាល​រហូត មិនអាច​អង្គុយ​បក់ផ្សែង​រហូត​ចំពោះ​ក្រុមហ៊ុន​នេះ​ទេ​។ យើង​នឹង​ពិភាក្សា​ជាមួយ​ភាគី​កូរ៉េ​បន្តទៀត បើសិនជា​ធ្វើ​ផ្លូវ​លេខ ២១ មាន​បញ្ហា ផ្លូវ​លេខ ២២ និង​ផ្លូវ​លេខ ២ មាន​បញ្ហា អ៊ីចឹង​សួរថា តើ​គួរ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នេះ​ដេញថ្លៃ​ទៀត ឬមួយ​យើង​ឯកភាពគ្នា​ជាមួយ​កូរ៉េ​ថា ពីថ្ងៃ​នេះ​តទៅ ហាម​ក្រុមហ៊ុន Hanshin ដេញថ្លៃ ៥ ​ឆ្នាំ ដាក់​ក្នុង​បញ្ជីខ្មៅ​»​។ លោក​រដ្ឋមន្ត្រី​បន្តទៀតថា ដើម្បី​កែសម្រួល​ផ្លូវ​នេះ​ឡើងវិញ ទាល់តែ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​មក​វ៉ៃ​គ្រឹះ​ឡើងវិញ​ទាំងអស់ ហើយ​ធ្វើ​បទបង្ហាញ​ជូន និង​រក​នីតិវិធី​ដោះស្រាយ​បញ្ហា​នេះ​។ លោក​ថា​៖ «​កន្លែង​ខ្លះ​ដែល​ត្រូវ​កាយ​ចេញ​ឡើងវិញ​គឺ​ត្រូវតែ​កាយ ដើម្បី​ធ្វើតាម​លក្ខណៈ​បច្ចេកទេស ហើយ​ដើម្បី​យក​ជា​គំរូ ដើម្បី​ព្រមាន​ទៅដល់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ឱ្យ​ធ្វើការ​សាងសង់​ផ្លូវ​ឱ្យមាន​គុណភាព​ទៅតាម​ស្តង់ដា​ដែល​យើង​បាន​ឯកភាពគ្នា កុំ​ធ្វើឱ្យ​រួចពីដៃ​»​។

លោក​បន្តថា ការសាងសង់​ផ្លូវ​នេះ ចាយលុយ​ច្រើនណាស់​គឺ ជាង ៥០ ​លាន​ដុល្លារ​អាមេរិក ជា​ថវិកា​ប្រាក់កម្ចី​មកពី​កូរ៉េ​ក្នុង​ការសាងសង់​ផ្លូវ​ឱ្យ​ល្អ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាច​ប្រើប្រាស់​បាន ១០ ឆ្នាំ ឬ​ ១៥​ ឆ្នាំ ជា​ប្រភេទ​ផ្លូវ AC បេតុង​។ លោក​ ស៊ុន ចាន់ថុល បានឱ្យដឹងថា តាម​គម្រោង​ផ្លូវ​នេះ នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅ​ខែមេសា ឆ្នាំ ២០២២ ប៉ុន្តែ​ក្រុមហ៊ុន​ស្នើ​ពន្យារពេល​រយៈពេល​ ៤​ ខែ​ទៀត​រហូតដល់​ខែសីហា ឆ្នាំនេះ​។ លោក​ថា​៖ «​ចម្លើយ​របស់​ក្រុមហ៊ុន​សាងសង់​ប្រាប់ថា ដោយសារ​បញ្ហា​កូវីដ ប៉ុន្តែ​ខ្ញុំ​ថា កុំ​យក​បញ្ហា​កូវីដ​មក​ដោះ​បន្ទុក​ក្នុង​ការធ្វើ​ផ្លូវ​ឱ្យមាន​ការយឺតយ៉ាវ ត្រូវ​មើល​ឱ្យដឹង​ឫសគល់​ថែមទៀត ហើយ​ឫសគល់​ដែល​យើងខ្ញុំ​ដឹង​គឺ​ក្រុមហ៊ុន​អត់​មាន​គ្រឿងចក្រ​តាម​ស្តង់ដា​តាម​អ្វី​ដែលមាន​ក្នុង​សៀវភៅ​បន្ទុក​»​។

ទោះយ៉ាងណា លោក​រដ្ឋមន្ត្រី​បានសម្រេច​ពន្យារពេល​ឱ្យ​ ៤ ​ខែ​ទៀត ហើយ​ចាំ​មើលថា តើ​ក្រុមហ៊ុន​ធ្វើតាម​ស្តង់ដា​ ឬ​ធ្វើ​ឱ្យតែ​រួចពីដៃ បើ​ធ្វើ​រួច​តែ​ពី​ដៃ​នៅ​ខែសីហា ក្រសួង​ក៏​មិន​ទទួល​ដែរ យក​ល្អ អង្គុយ​ពិភាក្សាគ្នា​ជាមួយ​អ្នក​បច្ចេកទេស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយ​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស កែ​ម្តង​ឱ្យ​ហើយ កុំឱ្យ​កែ​ ២- ៣​ ដង បើ​អាច​ត្រូវ​ផ្អាក​ការដ្ឋាន បើ​ត្រូវ​កាយ​ឱ្យ​ហើយ​កាយ​ទៅ​កុំ​បន្ត​ទៅមុខទៀត ព្រោះ​បើ​ធ្វើ​ផ្លូវ​បែបនេះ អ្នកជំនាញ​របស់​ក្រសួង​មក​តេស្ត​អត់​ទទួលយក​ដដែល​ទេ​។ ទន្ទឹមនឹង​ភាពយឺតយ៉ាវ​នេះ លោក​បាន​ស្នើសុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​មេត្តា​អត់ធ្មត់ ហើយ​រង់ចាំ​ទទួល​ផ្លូវ​ដែលមាន​គុណភាព​។

នាយក​អង្គការ មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​លោក គឹម បញ្ញា មានប្រសាសន៍ថា ការចុះ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ​នេះ​ជា​ចំណុច​ល្អ​ដែល​ក្រសួង​បាន​យកចិត្តទុកដាក់​លើ​ការត្រួតពិនិត្យ​សាងសង់​ផ្លូវ ដើម្បី​ធានាថា ផ្លូវ​ដែល​យើង​បាន​ខិតខំ​រក​ជំនួយ ឬ​កម្ចី យកមក​សាងសង់ គឺជា​ផ្លូវ​ដែលមាន​គុណភាព ដែល​អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​យូរអង្វែង ហើយ​ជា​ផ្លូវ​ដែល​អាច​ធានាបាន​នូវ​សុវត្ថិភាព​។

លោក​ថា​៖ «​ព្រោះ​យើង​ដឹង​ហើយ​ធ្វើ​ផ្លូវ​មួយៗ​ត្រូវ​ប្រើពេល​ច្រើន​ឆ្នាំ ហើយ​បើ​ពន្យារពេល​គម្រោង​ទៀត​ធ្វើឱ្យ​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​។ ខ្ញុំ​ឃើញថា ឥឡូវនេះ ខាង​ស្ថាប័ន​រដ្ឋាភិបាល ជាពិសេស​ខាង​ក្រសួង​សាធារណការ មាន​ការយកចិត្ត​ទុកដាក់​ត្រួតពិនិត្យ​លើ​គុណភាព​ផ្លូវ ទាំង​ការពន្លឿន​ក្នុង​ការសាងសង់​។ អ៊ីចឹង​ខ្ញុំ​គិតថា ស្ថានភាព​ផ្លូវ​កាន់តែ​ល្អប្រសើរ ជាពិសេស​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះទៅ​មើល​ផ្ទាល់​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ធានាថា ផ្លូវ​មាន​គុណភាព​»​។

គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ ​២ និង​ ២២ មាន​ប្រវែង​សរុប ៧២,១៧ គីឡូម៉ែត្រ​។ ក្នុងនោះ​កំណាត់​ផ្លូវជាតិ​លេខ​ ២ ចាប់ពី​រង្វង់​មូល​តាខ្មៅ​ដល់​អូរចំបក់ មាន​ប្រវែង ៦២,៥៦ គីឡូម៉ែត្រ និង​ផ្លូវជាតិ​លេខ​ ២២ ពី​អូរ​ចំបក់​ដល់​អង្គតាសោម មាន​ប្រវែង ៩,៦១ ​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​។ គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា ៥៦,១ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

វីដេអូ៖