ភ្នំពេញៈ នៅចំពោះមុខមេដឹកនាំក្នុងតំបន់នាកិច្ចប្រជុំកំពូលលើកទី ៤ ស្តីពីបញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ធ្វើឡើងពីថ្ងៃទី ២៣-២៤ មេសា នៅទីក្រុងគូម៉ាម៉ូតូប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគ្រប់គ្រងធនធានទឹកឱ្យមានចីរភាព ខណៈលោកមើលឃើញថា ធនធានទឹកពី ១ ថ្ងៃទៅ ១ ថ្ងៃកាន់តែកម្រទៅៗ។
លោកថ្លែងថា៖ «ជាការពិត ទឹកគឺជាធនធានដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព ប៉ុន្តែធនធាននេះ ពី ១ ថ្ងៃទៅ ១ ថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក»។
លោកថ្លែងថា ធនធានទឹកដែលកាន់តែកម្រទៅៗនេះ ក៏បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងភាពរាំងស្ងួត ការកើនឡើងនូវចំនួនប្រជាជន និងការបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹកផងដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «ធនធានទឹកបានក្លាយជារបៀបវារៈមួយសំខាន់ ដែលតម្រូវឱ្យយើងត្រូវខិតខំប្រឹងប្រែងរួមគ្នា គ្រប់គ្រងឱ្យបានប្រកបដោយចីរភាព សម្រាប់បច្ចុប្បន្ន និងទៅអនាគត»។
លោកអំពាវនាវឱ្យមានការបន្តជំរុញការអភិវឌ្ឍ និងសមាហរណកម្មបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក និងបន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គមសេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។
លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវផងដែរឱ្យមានការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថល ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
លើសពីនេះ លោក ហ៊ុន សែន ជំរុញដល់មេដឹកនាំក្នុងតំបន់បន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានាគាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹកសំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់តាមតម្រូវការ។
លោកបានថ្លែងថា៖ «ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាចាត់ទុកទឹកជា «មាសស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយរាជរដ្ឋាភិបាលកម្ពុជាតែងទទួលស្គាល់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ដោយធានាបាននូវសន្តិសុខទឹកនៅទូទាំងប្រទេស។
លោក ហ៊ុន សែន បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាថា កម្ពុជានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច គ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែនឱ្យកាន់តែ មានប្រសិទ្ធភាពថែមទៀតក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បី ការអភិវឌ្ឍ ប្រកបដោយចីរភាព»។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២៤ មេសា ថា ការគ្រប់គ្រងទឹក គឺមានសារៈសំខាន់ណាស់ ជាពិសេស គឺទន្លេមេគង្គ ដែលជាប្រភពផ្តល់ទឹក សម្រាប់ប្រទេសពាក់ព័ន្ធទាំងអស់។ បើកាលណាមានការកសាងទំនប់វារីអគ្គិសនីច្រើននៅផ្នែកខាងលើនៃទន្លេមេគង្គ គឺធ្វើឱ្យប្រទេសស្ថិតនៅផ្នែកខាងក្រោមនៃទន្លេមេគង្គកាន់តែខ្សត់ទឹក។
លោកបានថ្លែងថា៖ «ដូចជាឡាវហ្នឹង កសាងទំនប់វារីអគ្គិសនីយ៉ាងច្រើនដែលធ្វើឱ្យរបត់ទឹកទន្លេមេគង្គហ្នឹងវាប្រែប្រួលខ្លាំង ដែលមានការខ្វះទឹក ហើយក៏ប៉ះពាល់ទៅដល់ជីវចម្រុះជាច្រើន។ អ៊ីចឹង នេះជាបញ្ហាប្រឈមមួយដែរ ដែលរដ្ឋាភិបាលទាំងអស់នៅជាប់ទន្លេមេគង្គហ្នឹង គឺគិតពីផលប្រយោជន៍ខ្លួន អត់គិតអំពីសន្តិសុខទឹកជារួមនៅក្នុងតំបន់»។
លោកបន្តថា ការព្យាយាមលុបបឹងជាច្រើនក្នុងប្រទេសកម្ពុជា ហើយព្យាយាមអភិវឌ្ឍទៅជាសំណង់ផ្ទះល្វែង និងសំណង់ផ្សេងក៏ជាបញ្ហាប្រឈមនៃការខ្វះទឹកផងដែរ។ ការអភិវឌ្ឍត្រូវតែធ្វើឱ្យមានតុល្យភាពរវាងការរីកចម្រើនខាងសំណង់អគារនិងលំនៅឋានផ្សេងៗជាមួយនឹងសន្តិសុខទឹកនិងធនធានទឹក។
លោក យ៉ង់ គិមអេង ថ្លែងថា អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងនេះ គឺជារឿងមួយដែលសំខាន់ក្នុងការគិតគូរអំពីសន្តិសុខទឹកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប៉ុន្តែទាល់តែមានការប្តេជ្ញាចិត្ត រួមពីរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងអស់នោះក្នុងការការពារទន្លេ និងបឹងបួ សម្រាប់ការផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈប្រភពទឹកដែលមានការជាប់ពាក់ព័ន្ធគ្នា។
លោកថ្លែងថា៖ «គឺមិនអាចឱ្យរដ្ឋាភិបាលណាមួយ ឬប្រទេសណាមួយកេងចំណេញទៅលើធនធានទឹកហ្នឹង ទៅលើប្រភពទឹកហ្នឹងដាច់ដោយឡែកតែឯងនោះទេ។ បើសិនជាធ្វើដូច្នោះ គឺ វានឹងបង្កនូវផលប៉ះពាល់ ហើយនឹងធ្វើឱ្យមានការរងគ្រោះធ្ងន់សម្រាប់ប្រទេសដែលនៅខាងក្រោមខ្សែទឹក ឬក៏ប្រភពទឹកហ្នឹង ជាពិសេស គឺដូចកម្ពុជាយើងជាដើមហ្នឹង»៕