ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា បើទោះបីជាកម្ពុជាជួបការលំបាក ដោយសារការរីករាលដាលនៃមេរោគកូវីដ ១៩ ក៏ដោយ ក៏ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅតែប្រតិបត្តិបាននូវអភិបាលកិច្ចល្អ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការចូលរួមចំណែកឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះតាមរយៈសារលិខិតក្នុងឱកាស ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៥ មេសានេះ។
របាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឱ្យដឹងថា ក្នុងឆ្នាំ ២០២១ អត្រាឈឺជំងឺគ្រុនចាញ់ សរុបមាន ៤ ២៧៩ ករណី ដែលចំនួននេះបានបន្តថយចុះ ៥៤% បើធៀបនឹងឆ្នាំ ២០២០ ដែលមាន ៩ ២៣៤ ករណី។
កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បង្ហាញថា ប្រទេសកម្ពុជាធ្លាប់មានករណីជំងឺគ្រុនចាញ់ជាង ១៧ ម៉ឺនករណីនាទសវត្សរ៍ឆ្នាំ ៨០ និងស្លាប់ជិត ១ ០០០ នាក់។ ឆ្នាំ ២០១៨ ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់លែងមានរហូតមកដល់បច្ចុប្បន្ន មានន័យថា សម្រេចបានជោគជ័យមុនគោលដៅគ្រោងទុកឆ្នាំ ២០២០។
ចំពោះជំងឺគ្រុនចាញ់ ទម្រង់សន្ធំ និងចម្រុះមាន ៣២០ ករណី ក្នុងឆ្នាំ ២០២១ បានបន្តថយចុះ ៦៥% បើប្រៀបធៀបនឹងឆ្នាំ ២០២០ មាន ៩៣៦ ករណីឈឺ។ ចំពោះករណីគ្រុនចាញ់ប្រភេទវីវ៉ាក់ក៏មានការថយចុះ ៥២% ពីចំនួន ៨ ២៩៨ នៅឆ្នាំ ២០២០ មកនៅ ៣ ៩៥៩ ករណីនៅឆ្នាំ ២០២១។
តាមរបាយការណ៍នេះលោក ហ៊ុន សែន បញ្ជាក់ថា៖ «ក្នុងន័យនេះ យើងអាចនិយាយបានថា បើទោះជាក្នុងបរិយាកាសដ៏លំបាកដោយសារកូវីដ ១៩ ក៏ដោយ ក៏ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់យើងនៅតែប្រតិបត្តិបាននូវអភិបាលកិច្ចល្អ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការចូលរួមចំណែកឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ»។
ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នឹងប្រព្រឹត្តឡើងក្រោមប្រធានបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព» ដែលទិវានេះប្រារព្ធឡើងក្នុងគោលបំណងរំឭក និងបង្ហាញឱ្យឃើញនូវក្តីរំពឹងរបស់រាជរដ្ឋាភិបាល ព្រមទាំងសាធារណជនគ្រប់រូប ដែលកំពុងខិតខំប្រឹងប្រែងរួមគ្នាឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ក្នុងភូមិសាស្ត្រប្រទេស ក៏ដូចជាមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹង ផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់សាធារណៈឱ្យកាន់តែបានទូលំទូលាយ និងមានប្រសិទ្ធភាពបន្ថែមទៀតនៅទូទាំងប្រទេស។ ពិសេសក្នុងភូមិសាស្ត្រព្រៃភ្នំ ប្រឈមការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីឈានទៅគ្មានការចម្លងជំងឺគ្រុនចាញ់ និងគ្មានករណីជំងឺគ្រុនចាញ់។
លោកបញ្ជាក់ថា៖ «ទោះបីការងារប្រយុទ្ធ នឹងជំងឺគ្រុនចាញ់កំពុងទទួលបាននូវសមិទ្ធផលយ៉ាងមានប្រសិទ្ធភាពខ្ពស់យ៉ាងណាក៏ដោយ ក៏យើងត្រូវតែខិតខំបង្កើនល្បឿនទៀតនៃការលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការដូចមានក្នុងអភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី ២ ឆ្នាំ ២០២១-២០២៥ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១១-២០២៥»។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលលើកឡើងដែរថា ស្ថានភាពជាទូទៅនៅទូទាំងប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរខ្លាំងមែនទែន ហើយនឹងឈានទៅដល់គោលដៅក្នុងពេលខាងមុខនេះ។ កម្ពុជាក៏មិនមានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ដោយសម្រេចមុនផែនការកំណត់។
លោកស្រីថ្លែងថា៖ «ក្រោមការផ្តួចផ្តើម និងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ ដោយសម្តេចតេជោ ហ៊ុន សែន គឺធ្វើឱ្យស្ថានភាពជាទូទៅនៃជំងឺគ្រុនចាញ់មានស្ថានភាពល្អប្រសើរមែនទែន ដោយយើងសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់មុនផែនការកំណត់ ពិសេសពពួកផ្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម ដែលមិនមានអ្នកស្លាប់ឡើយ»។
លោកស្រី ឱ វណ្ណឌីន សម្តែងក្តីសង្ឃឹមថា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា មន្ទីរសុខាភិបាល-រាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងអាចធ្វើឱ្យសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់បាននៅឆ្នាំ ២០២៥ ខាងមុខនេះ៕