ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋឱ្យចូលរួមផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន ជាពិសេសបទល្មើសទាក់ទងនឹងគ្រឿងញៀនដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានទាន់ពេលវេលា ដើម្បីរក្សាការពារបាននូវភូមិ-ឃុំមានសុវត្ថិភាព។
លោកមានប្រសាសន៍ថា បទល្មើសគ្រឿងញៀនបានកើតឡើងស្ទើរគ្រប់ទីកន្លែងមិនថានៅក្នុងតំបន់ទីប្រជុំជនរាជធានីនោះទេ នៅតំបន់ទីជនបទដាច់ស្រយាលក៏មានករណីបទល្មើសគ្រឿងញៀនផងដែរ ហើយវា គឺជាបញ្ហាស្មុគស្មាញ និងបង្កនូវការរំខានបំផុតដល់សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍បង្ក្រាបករណីគ្រឿងញៀននៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ មន្ត្រីនគរបាល ២ នាក់បានស្លាប់ និងម្នាក់ទៀត បានរងរបួសដោយការបាញ់ប្រហារពីក្រុមឧក្រិដ្ឋជនគ្រឿងញៀន។
លោក ស ខេង បានបញ្ជាក់ថា៖ «ពួកឧក្រិដ្ឋជនទាំងនោះ ថ្វីដ្បិតមិនមែនជាក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ក៏ប៉ុន្តែជាក្រុមបង្កការរំខាន អុកឡុកបង្កើតភាពអសន្តិសុខនៅក្នុងមូលដ្ឋានពិសេសជាក្រុមអូសទាញយុវជនមួយចំនួនឱ្យវីវក់នឹងគ្រឿងញៀន»។
បើតាមប្រសាសន៍លោក ស ខេង បន្ទាប់ពីទទួលបានព័ត៌មានអំពីការប្រមូលផ្ដុំគ្នារបស់ក្រុមជួញដូរចែកចាយគ្រឿងញៀនទាំងនោះ កម្លាំងនគរបាល-ប៉ុស្តិ៍ឃុំទួលព្រេជនៃស្រុកអង្គស្នួល ដឹកនាំដោយលោក ជុច សុភា និងកម្លាំងពាក់ព័ន្ធមួយចំនួនទៀតបាននាំគ្នាចុះទៅទីតាំងនោះ ដើម្បីបង្ក្រាប។ ពេលចុះទៅដល់ទីតាំងផ្ទះមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀននោះសមត្ថកិច្ចបានឆែកឆេរដែរ ក៏ប៉ុន្តែរកមិនឃើញជនល្មើសនោះទេ។
លោកបានបន្ថែមថា៖ «ដំបូងមន្ត្រីនគរបាលយើងហាក់ដូចជាប្រយ័ត្នដែរ ព្រោះបានត្រួតពិនិត្យដែរ តែរកមិនឃើញក្រុមជនល្មើសក៏សន្និដ្ឋានថាប្រហែលជាក្រុមជនល្មើសបានរត់ចូលព្រៃអស់ហើយ។ ប៉ុន្តែក្រុមជនសង្ស័យមិនបានរត់ចូលព្រៃដូចការសន្និដ្ឋាននោះទេដោយទៅអង្គុយកៀនផ្ទះយកភួយគ្របពីលើ។ អ្នកទៅឆែកហ្នឹង [ក្រុមមន្ត្រីនគរបាលប៉ុស្តិ៍ទួលព្រេជ] មិនចាប់អារម្មណ៍ទៅទៀតទៅលើកអាភួយហ្នឹង។ ដល់តែលើកអាភួយហ្នឹង អានោះ [ជនល្មើស] វាមានកាំភ្លើងស្រេច... បាញ់ផូងៗ !ត្រូវចំដើមទ្រូងស្លាប់អស់ ២ នាក់ ហើយម្នាក់ទៀតត្រូវរបួសដៃ»។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងនូវបញ្ហានេះ នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារមួយ នៅស្រុកពាមជរ ខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២។ ក្នុងនាមរាជរដ្ឋាភិបាលលោកបានសម្ដែងការសោកស្ដាយចំពោះមន្ត្រីកងកម្លាំងដែលបានពលីនៅក្នុងបេសកកម្មបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីសុវត្ថិភាព សន្តិសុខរបស់ប្រជាជន និងសង្គមជាតិ។
ទន្ទឹមនឹងនេះ លោកបានថ្លែងថា៖ «ដើម្បីសុវត្ថិភាពភូមិ-ឃុំរបស់យើងសូមបងប្អូនកូន-ក្មួយទាំងអស់ចូលរួមរាយការណ៍ ឬផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន ដល់មន្ត្រីកងកម្លាំងរបស់យើងនៅតាមមូលដ្ឋាន ដើម្បីចុះបង្ក្រាបបានទាន់ពេលវេលា។ ចំណែកមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួន ដោយផ្ដល់សេវាឱ្យបានល្អ និង ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាជន»។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដែលភ្នំពេញប៉ុស្តិ៍ទទួលបាន នៅក្នុងព្រឹត្តិការណ៍ បង្ក្រាបបទល្មើសគ្រឿងញៀននៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួលកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ លោក ជុច សុភាមានតួនាទីជានាយនគរបាល-ប៉ុស្តិ៍រដ្ឋបាលឃុំទួលព្រេជ និងលោក រីម សុផាន់ណា ជាមន្ត្រីនគរបាលផ្នែកបង្ក្រាបគ្រឿងញៀនត្រូវបានក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាញ់ប្រហារបណ្ដាលឱ្យស្លាប់។ ចំណែកលោក វ៉ន វុទ្ធី មន្ត្រីប៉ុស្តិ៍ទួលព្រេជ របួសម្រាម-ដៃស្តាំ។
ដោយឡែកក្រុមជនប្រព្រឹត្តបទល្មើសត្រូវបានកម្លាំងសមត្ថកិច្ចបាញ់តតាំងគ្នាបណ្ដាលឱ្យស្លាប់ម្នាក់ឈ្មោះ ធឹម ឌឿន អាយុ ២៣ ឆ្នាំ ជាជនដៃដល់ និងជាមុខសញ្ញាចាស់ ដែលត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួន ខណៈជនសង្ស័យម្នាក់ទៀត ឈ្មោះ ថេង ធឿន អាយុ ១៦ ឆ្នាំ ត្រូវបានចាប់ខ្លួន។
ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួន ដូចជា កាំភ្លើងខ្លីម៉ាករ៉ូឡូ ១ ដើម ដាវចំនួន ៣ ដើម កូនកាំបិតចុងស្រួច ២ ដើម ពូថៅ ២ ដើម ម៉ូតូ ១ គ្រឿង ថ្នាំញៀន ២ កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន ១ និងសម្ភារប្រើប្រាស់សម្រាប់សេពថ្នាំញៀនមួយចំនួនទៀត៕