ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានណែនាំដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធខប) ត្រូវស្នើសុំកិច្ចសហការពីគណៈអភិបាលរាជធានី ខេត្ត ដែលជាគណៈបញ្ជាការឯកភាព រាជធានីខេត្ត ដើម្បីរៀបចំកិច្ចប្រជុំចម្រុះដោយផ្ទាល់ ឬតាមអនឡាញក្នុង ១ សប្ដាហ៍ម្ដង ចាប់ពីពេលនេះរហូតដល់ចប់ការបោះឆ្នោតដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន។
តាមរយៈលិខិតណែនាំរបស់លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប. ផ្ញើទៅលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប. និង (គធខប) និងគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដែលភ្នំពេញ-ប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ២៤ ខែមេសា ឱ្យដឹងថា ការរៀបចំកិច្ចប្រជុំចម្រុះនេះក្នុងគោលបំណងធ្វើឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំសង្កាត់អាណត្តិទី ៥ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ដោយធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។
លិខិតនេះបន្តថា (គឃ.សប) ក៏អាចកោះប្រជុំតាមការចាំបាច់ ដើម្បីពិភាក្សាលើការងារសន្តិសុខ និងការចាត់វិធានការចាំបាច់ផ្សេងៗសំដៅកាត់បន្ថយឱ្យបានរាល់បញ្ហាទំនាស់ ឬការប្រឈមនានាដែលកើតមានឡើង និងត្រូវស្វែងរកដំណោះស្រាយឱ្យបានសមស្រប។
លោក ប្រាជ្ញ ច័ន្ទ សរសេរថា៖ «គធ.ខប នីមួយៗត្រូវធ្វើរបាយការណ៍ជាប្រចាំជុំវិញស្ថានការណ៍សន្តិសុខជាទូទៅដែលបានកើតឡើងនៅតាមរាជធានី ខេត្តនីមួយៗក្នុងអំឡុងពេលនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ផ្ញើជូនលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប. ឱ្យបានទៀងទាត់ ដើម្បីរាយការណ៍ជូន គ.ជ.ប. ជ្រាប។ ក្នុងករណីចាំបាច់ គធ.ខប នីមួយៗត្រូវរាយការណ៍ផ្ទាល់ជូនប្រធានលេខាធិការដ្ឋានសន្តិសុខ បោះឆ្នោតនៃ គ.ជ.ប. ដើម្បីស្នើសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ គ.ជ.ប. និងមានវិធានការដោះស្រាយបានទាន់ពេលវេលា និងស្របតាមនីតិវិធី»។
លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមេសាថា កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់នៃដំណើរការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ គឺជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធដែលត្រូវសហការចូលរួមធ្វើ និងអនុវត្តឱ្យបានដើម្បីធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន និងបញ្ចៀសបាននូវអំពើហិង្សាណាមួយកើតឡើង។
លោកបន្តថា កន្លងមកនេះ គ.ជ.ប. ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិបានចុះកិច្ចព្រមព្រៀងមួយជាមួយគ្នាក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព នៅក្នុងអំឡុងពេលនៃដំណើរការបោះឆ្នោតនីមួយៗ។ ក្រៅពីនេះភាគីទាំង ៣ ក៏បានជួបប្រជុំគ្នាជារៀងរាល់ ១ សប្តាហ៍ផងដែរ ដើម្បីដោះស្រាយនូវរាល់បញ្ហាដែលកើតឡើង។
លោកថា៖ «យើងធ្វើនេះក្នុងបំណង រក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីបម្រើឱ្យការបោះឆ្នោតមួយមាននិរន្តរភាព និងមានសុខសន្តិភាព។ ប៉ុន្តែដើម្បីឱ្យមានប្រសិទ្ធភាពបន្ថែមទៀត នៅគណៈកម្មការរៀបចំការបោះឆ្នោត រាជធានី-ខេត្ត តែងគោរពអញ្ជើញ ភាគីពាក់ព័ន្ធមានទាំងគណបក្សនយោបាយផងដែរ ដើម្បីលើកឡើងជាបញ្ហារួមគ្នាដោះស្រាយ។ ដូច្នេះកិច្ចការបោះឆ្នោត គឺមានភារកិច្ចរួមគ្នា»។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមេសាថា ដោយមានការណែនាំពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង គ.ជ.ប. រដ្ឋបាលខេត្តក៏ដូចជា គណៈបញ្ជាការឯកភាពខេត្ត បាននិងកំពុងសហការជាមួយផ្នែកពាក់ព័ន្ធធ្វើយ៉ាងណាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះប្រព្រឹត្តទៅដោយរលូនតាមកម្មវិធីរបស់ គ.ជ.ប. ។
លោកបានថ្លែងថា៖ «តាមការណែនាំ យើងអនុវត្តឱ្យបានទៅតាមគោលការណ៍របស់ (គជប) ក៏ដូចជាក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាកុំឱ្យគណបក្សផ្សេងៗមានការប៉ះទង្គិចគ្នាដោយប្រការណាមួយយើងជួយការពារគ្នា យើងរក្សាចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក តាមការណែនាំ កុំឱ្យមាននរណារំលោភលើអ្នកណាជាដើម»៕