ភ្នំពេញៈ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបាននិងកំពុងតែចាត់ការផ្លូវច្បាប់លើឈ្មួញលក់ដូរសាច់ សត្វព្រៃក្រោយពីសហការជាមួយនឹងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសឆ្មក់បង្ក្រាបទីតាំងលក់សាច់សត្វព្រៃ ១ កន្លែងស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដោយធ្វើការដកហូតសាច់សត្វព្រៃស្រស់បានជាង ១៥ គីឡូក្រាមកាលពីថ្ងៃទី ២២ ខែមេសា។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានថ្លែងកាលពីថ្ងៃសៅរ៍ ទី ២៣ ខែមេសាថា សាច់សត្វព្រៃដែលឆែកឆេររកឃើញ និងដកហូតទាំងនោះរួមមានសាច់ជ្រូកព្រៃស្រស់ជាង ៥ គីឡូក្រាម និងសាច់សត្វឈ្លូសចំនួន ១០ គីឡូក្រាម។ លោកថា ការបង្ក្រាបនេះត្រូវបានធ្វើឡើង ក្រោយពេលដែលមន្ត្រីជំនាញធ្វើការស្រាវជ្រាវអស់រយៈពេលប្រមាណជា ១ ខែរួចមក។
លោកថា៖ «គាត់លក់សាច់ហ្នឹងតាមអនឡាញ។ ប្រហែលគាត់មិនដឹងថា ការលក់ហ្នឹងខុសច្បាប់ទេ។ មិនដឹងលក់យូរហើយ ឬទើបលក់ទេ។ យើងមានក្រុម IT យើងតាមដាន ហើយបានរាយការណ៍មក។ យើងបានស្រាវជ្រាវប្រហែល ១ ខែ ទើបរកកន្លែងលក់ឃើញ»។
អត្តសញ្ញាណរបស់អ្នកលក់នោះមិនត្រូវបានបង្ហាញនោះទេ។ លោកបានបន្តថា ករណីនេះកំពុងតែស្ថិតនៅក្នុងដំណើរការនីតិវិធីច្បាប់នៅឡើយ។
លោក គាំ សីហាក៏បានធ្វើការកត់សម្គាល់ផងដែរថា ការលក់ដូរសាច់សត្វព្រៃក្នុងរាជធានីភ្នំពេញកាន់តែថយចុះពី ១ ឆ្នាំទៅ ១ ឆ្នាំ ដោយសារតែការអនុវត្តច្បាប់ និងពលរដ្ឋមានការយល់ដឹងពីបញ្ហានេះកាន់តែច្រើនឡើង។
លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ថ្លែង នៅថ្ងៃអាទិត្យ ទី ២៤ ខែមេសា ថា អ្នកប្រព្រឹត្តបទល្មើសតែងតែផ្លាស់ប្តូរការរកស៊ីលក់ដូរសាច់ ឬក៏សត្វព្រៃពីរូបភាពមួយទៅរូបភាពមួយទៀត ដែលនេះជាការបង្កឱ្យមានការព្រួយបារម្ភមួយផងដែរ៕