ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពីរឿងដែលលោកចង់ឱ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ ប៉ុន្តែត្រូវតម្រូវឱ្យពាក់ម៉ាស់នៅតាមទីកន្លែងដែលមានការបិទជិតៗ។
ប្រមុខរាជរដ្ឋាភិបាលបានថ្លែងដូចនេះ នាព្រឹកថ្ងៃទី ២៥ ខែមេសា ក្នុងពិធីប្រគល់ទទួលអំណោយដ៏ថ្លៃថ្លាជាវ៉ាក់សាំងកូវីដ ១៩ ប្រភេទ AstraZeneca ពីប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលីជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នាវិមានសន្តិភាព។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំបានណែនាំឱ្យឯកឧត្តម ម៉ម ប៊ុនហេង [រដ្ឋមន្ត្រីសុខាភិបាល] និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន [រដ្ឋមន្ត្រីសេដ្ឋកិច្ច] ដឹកនាំការប្រជុំជាបន្ទាន់ ហើយយប់មិញ ខ្ញុំក៏បាននិយាយជាមួយលោកជំទាវ យក់ សម្បត្តិ ដោយខ្ញុំចង់ឱ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ។ តែត្រូវពាក់ម៉ាស់នៅតាមទីតាំងដែលបិទជិតដដែល»។
លោក ហ៊ុន សែន បន្តថា៖ «ចំណុចនេះយើងបានឃើញកាលពីអំឡុងចូលឆ្នាំនេះប្រជាពលរដ្ឋរបស់យើងតិចណាស់ ដែលបានពាក់ម៉ាស់ពេលលេងកម្សាន្ត ហើយគឺជាសមុទ្រមនុស្ស [មនុស្សច្រើន] តែម្តង។ បញ្ហានេះ យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពតែមួយមុខប៉ុណ្ណោះទេ តែត្រូវមើលឱ្យឃើញផងដែរពីបញ្ហាសេដ្ឋកិច្ចសង្គម»។
ការពាក់ម៉ាស់ គឺជាការតម្រូវឱ្យប្រជាពលរដ្ឋចំណាយយ៉ាងធំ ដែលជួនកាលពួកគាត់មិនហ៊ានទិញខោអាវសម្រាប់កូនចៅរបស់គាត់ពាក់ទេ ប៉ុន្តែត្រូវទិញម៉ាស់យកមកទុក ដើម្បីការពារ និងពាក់ដែលជាកាតព្វកិច្ច។
លោក ហ៊ុន សែន លើកឡើងថា នៅទូទាំងប្រទេសកម្ពុជា ក្នុង ១ ថ្ងៃប្រជាពលរដ្ឋបានចំណាយថវិកាប្រមាណជា ១០ ម៉ឺនដុល្លារ ដែលក្នុង ១ ខែត្រូវចំណាយអស់ប្រមាណជា ៣ លានដុល្លារ។
លោកបានថ្លែងថា៖ «ខ្ញុំសុំអំពាវនាវទៅដល់អ្នកបច្ចេកទេសខាងវិស័យសុខាភិបាល កុំមើលឃើញតែ ១ ជ្រុងនៃបញ្ហាទាក់ទិននឹងបញ្ហាសុខភាព។ ប៉ុន្តែក៏ត្រូវតែមើលឃើញផងដែរពីបញ្ហាវិស័យសេដ្ឋកិច្ច និងសង្គម ក៏ដូចជាបញ្ហាចិត្តសាស្ត្រ ដោយការពាក់ម៉ាស់មិនមែនជារឿងងាយស្រួលទេ»។
លោក ហ៊ុន សែន បន្តថា ប្រទេសមួយចំនួនបានដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់រួចស្រេចទៅហើយ ឯកម្ពុជាក៏អាចធ្វើបានដែរ ប៉ុន្តែរង់ចាំនូវការផ្តល់ជាគំនិតផ្សេងៗផងដែរពីការប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ។
បើតាមលោកនាយករដ្ឋមន្ត្រី លោកចង់ឱ្យគ្រប់ភូមិសាស្ត្រទាំងអស់ទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេចពាក់ម៉ាស់ ឬមិនពាក់ម៉ាស់នៅតាមទីសាធារណៈ ទីវាល ការធ្វើដំណើរតាមផ្លូវ ឬក្រៅអគារ។ ប៉ុន្តែសម្រាប់ការចូលក្នុងកន្លែងបិទជិត អគាររដ្ឋាភិបាល កន្លែងធ្វើការ និងក្រុមហ៊ុន ដែលមានការប្រើប្រាស់ម៉ាស៊ីនត្រជាក់ គួរគប្បីឱ្យមានការពាក់ម៉ាស់ដដែល។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺការជំរុញនូវការចាក់វ៉ាក់សាំងដូសជំរុញ ជាដូសទី ៣ ឬដូសទី ៤ ក្តី។ ជាពិសេសដូសទី ៣ ដែលក្លាយជាដូសកាតព្វកិច្ច ដែលត្រូវតែធ្វើឱ្យខាងតែបាន ដើម្បីជំរុញទៅដល់ដំណាក់កាលនៃការលើកលែងការពាក់ម៉ាស់ ប៉ុន្តែការលាងដៃ ការរក្សាគម្លាតត្រូវរក្សាបន្តអនុវត្តដដែល»។
នាឱកាសនោះដែរ លោកក៏បានអង្វរករដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី ៣ ត្រូវនាំគ្នាទៅចាក់។ លោកក៏បានជំរុញឱ្យក្រុមគ្រូពេទ្យត្រូវតម្រង់ឆ្ពោះទៅរកអ្នក ដែលមិនទាន់បានចាក់ដូសទី ៣ នេះដែលមានប្រមាណជាជាង ៦ លាននាក់ទៀត។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងយល់ពីបំណងល្អរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ហេតុអ្វីបានជាជំរុញឱ្យចាក់វ៉ាក់សាំង ហើយកម្ពុជានឹងទទួលបាននូវវ៉ាក់សាំងជាង ២០ លានដូសទៀត ដែលប្រទេសជាមិត្តភក្តិនឹងបញ្ជូនមកជាបន្តបន្ទាប់ទៀត ខណៈដែលវ៉ាក់សាំងនៅក្នុងឃ្លាំងរបស់យើងនៅសល់ជាង ១១ លានដូសទៀត»។
ក្នុងពិធីនោះដែរ លោក ឡូរិនហ្សូ ហ្គាឡន់ទី (Lorenzo Galanti) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីតាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការផ្តល់នូវវ៉ាក់សាំងនេះគឺជាលទ្ធផលនៃកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីសុខាភិបាលសាធារណៈរៀងៗខ្លួន និងកិច្ចសហប្រតិបត្តិការជាមួយយន្តការការពារជនស៊ីវិលនៃសហភាពអឺរ៉ុប។
លោកបន្តថា វាក៏ជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសអ៊ីតាលីក្នុងការជួយប្រជាជនកម្ពុជាយ៉ាងច្បាស់ និងការខិតខំប្រឹងប្រែងដែលធ្វើឡើងដោយអាជ្ញាធរកម្ពុជា ក្នុងការតស៊ូប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពជាអតិបរមានៃប្រជាជនរបស់ខ្លួន រួមទាំង ជនជាតិដែលមិនមែនជាជនជាតិខ្មែរ។ ក្នុងនោះក៏មានជនជាតិអ៊ីតាលីជាច្រើននាក់ ដែលបានចាត់ទុកប្រទេសកម្ពុជាជាផ្ទះទី ២ របស់ពួកគេផងដែរ។
លោក ឡូរិនហ្សូ ហ្គាឡន់ទី ថ្លែងថា៖ «គោលនយោបាយគ្រប់គ្រង និងទប់ស្កាត់ផលប៉ះពាល់នៃជំងឺកូវីដ ១៩ របស់ប្រទេសកម្ពុជាត្រូវបានគេកោតសរសើរយ៉ាងទូលំទូលាយ ដោយគិតត្រឹមថ្ងៃនេះ [២៥ មេសា] ប្រជាជនប្រមាណ ៩៣% ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយយុទ្ធនាការអប់រំក៏ត្រូវបានដាក់ឱ្យដំណើរការនាពេលថ្មីៗផងដែរ នៅថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារសុខភាព និងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតនេះ»។
ជាមួយគ្នានោះ លោក ហ៊ុន សែន លើកឡើងដែរថា សម្រាប់ទិសដៅទៅមុខ ស្របពេលជំងឺកូវីដ ១៩ នៅតែបង្កឱ្យមាននូវភាពមិនប្រាកដប្រជា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលអំណោយវ៉ាក់សាំងកូវីដ ១៩ ដ៏ថ្លៃថ្លាពីប្រជាជន និងរដ្ឋាភិបាលអ៊ីតាលី នាពេលនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ផងដែរ៕