កំពង់ឆ្នាំងៈ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៥ មេសា បានដាំដើមឈើចម្រុះចំនួន ២៤ ០០០ ដើមបន្ថែមទៀត ដើម្បីស្តារឡើងវិញនូវព្រៃលិចទឹក ក្នុងតំបន់ ៣ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង។
ក្រសួងបរិស្ថានបានសរសេរលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ២៥ ខែមេសាថា ការដាំដើមឈើចម្រុះចំនួន ២៤ ០០០ ដើមនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក សូ ខនឫទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមដោយតំណាងអភិបាលខេត្តកំពង់ឆ្នាំង មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។
លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ថ្លែងថា នេះជាលើកទី ២ ហើយដែលមានការរៀបចំការដាំស្តារឡើងវិញនូវព្រៃលិចទឹកក្នុងតំបន់ ៣ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបលើផ្ទៃដីប្រវែង ១១៤,១៣ គីឡូម៉ែត្រ ។
លោក សូ ខនឫទ្ធិគុណ បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ការទន្ទ្រានឈូសឆាយដីព្រៃលិចទឹក និងបានដកហូតយកមកវិញពីជនខិលខូច។ ជាក់ស្តែងនៅថ្ងៃទី ២៥ ខែមេសា ក្រសួងបរិស្ថានបានធ្វើការដាំស្តារដើមឈើចម្រុះឡើងវិញជាប្រយោជន៍ សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដើមឈើឡើងវិញ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
លោកថ្លែងថា៖« ពិធីដាំកូនឈើ និងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធនេះ បាននិងកំពុងឆ្លុះបញ្ចាំងនូវការភ្ញាក់រឭករបស់សហគមន៍យើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយចំពោះការបាត់បង់ព្រៃឈើ»។ ជាមួយគ្នានោះការចូលរួមនេះ គឺបង្ហាញពីស្មារតីម្ចាស់ការក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិ អនាគតភូមិ ឃុំ និងជាជោគវាសនានៃមាតុភូមិ ជាពិសេសទុកសម្រាប់កូនចៅជំនាន់ក្រោយ និងដើម្បីឱ្យមានភាពបៃតង និងរក្សាបាននូវប្រភពទឹកក្រោមដីថែមទៀតផង។
ក្រសួងបរិស្ថានបញ្ជាក់ថា ព្រៃលិចទឹកក្នុងតំបន់ ៣ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាបស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលត្រូវដាំស្តារឡើងវិញទាំង ២ លើក គឺលើកទី ១ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ បានចំនួន ២០ ហិកតា ស្មើនឹង ៨ ០០០ ដើម រួមមាន ឫស្សី រាំងទឹក ម្តេញ និងសណ្តាន់។ លើកទី ២ លើផ្ទៃដី ៦០ ហិកតា ចំនួន ២ ៤ ០០០ ដើម រួមមានរាំងទឹក ១៣ ៥០០ ដើម សណ្តាន់ ៤ ៥០០ ដើម ម្តេញ ៣ ៥០០ ដើម និងឫស្សីស្រុកចំនួន ២ ៥០០ ដើម។
លោក សំ ចាន់គា អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ថ្លែងនៅថ្ងៃទី ២៥ ខែមេសាថា ក្នុងនាមអង្គការសង្គមស៊ីវិល លោកគាំទ្រចំពោះការដាំដុះកូនឈើឡើងវិញក្នុងតំបន់បឹងទន្លេសាប ប៉ុន្តែយ៉ាងណាក៏ដោយការដាំកូនឈើឡើងវិញនោះគួរតែដាំឱ្យត្រូវទៅនឹងបរិយាកាសខាងក្នុងដែលជាព្រៃលិចទឹក មិនគួរយកកូនដើមឈើប្រភេទផ្សេងទៅដាំកន្លែងព្រៃលិចទឹកនោះទេ។
លោកថ្លែងថា៖ «បើយើងយកដើមឫស្សី ឬដើមអ្វីផ្សេងពីខាងក្រៅយកទៅដាំក្នុងតំបន់ព្រៃលិចទឹក វាចេះតែបានហើយ ប៉ុន្តែមិនល្អដូចប្រភេទកូនដើមឈើព្រៃលិចទឹកនោះទេ» ។
លោកបញ្ជាក់ថា ការយកចិត្តទុកដាក់របស់អាជ្ញាធរ និងរាជរដ្ឋាភិបាលក្នុងការដាំកូនឈើឡើងវិញនៅតំបន់បឹងទន្លេសាបគឺមានច្រើនហើយ ហេតុនេះគួរតែមានការបន្ថែមការយកចិត្តទុកដាក់ឱ្យបានខ្លាំងជាងមុននូវកិច្ចការពារតំបន់ព្រៃលិចទឹកទាំងនោះឱ្យបានល្អទើបប្រសើរ។ លោកថា៖ «បើសិនជាយើងការពារព្រៃរនាមព្រៃអីហ្នឹងឱ្យបានគង់វង្ស ឱ្យហ្មត់ចត់នោះមិនយូរទេនឹងដុះឡើងវិញហើយ អាហ្នឹងយើងត្រូវតែម៉ឹងម៉ាត់ជាងមុន ក្នុងការការពារហ្នឹង»។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងថ្លែងនៅថ្ងៃទី ២៥ ខែមេសាថា ក្រោយពីដាំដើមឈើឡើងវិញនៅតំបន់ ៣ អាជ្ញាធរខេត្តបានមិនបានព្រងើយកន្តើយនោះទេ គឺបាននិងកំពុងយកចិត្តទុកដាក់ក្នុងការអភិរក្សថែរក្សាធ្វើយ៉ាងណាកុំឱ្យមានការចូលទៅទន្ទ្រានជាថ្មី ដើម្បីឱ្យដើមឈើព្រៃលិចទឹកដុះមកវិញ។ លោកថ្លែងថា៖ «ជាគោលការណ៍យើងថែរក្សាការពារព្រៃលិចទឹកហ្នឹងរយៈពេលតែ ២ ឆ្នាំហើយបើមិនមានការទន្ទ្រានព្រៃលិចទឹកនោះវានឹងដុះឡើងវិញព្រោងព្រាតដោយខ្លួនឯងហើយហើយអ្វីដែលយើងដាំកន្លងមកនេះ គឺជានិមិត្តរូបសម្រាប់ការពារព្រំតំបន់ ៣ ទេ»។
ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំនៅថ្ងៃទី ២៥ មេសា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលប្រមុខរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិបន្ថែមជូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់ ២ ដោយកាត់ឆ្វៀលមកតំបន់ ១ មានចំនួន ៩ ១១៤ គ្រួសារ នៅក្នុងក្រុង-ស្រុកចំនួន ៥ ក្នុងចំណោម ៩ ក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនៅឃុំម្សាក្រង ស្រុកស្ទោង។ នេះបើតាមរដ្ឋបាលខេត្តកំពង់ធំ៕