ក្រចេះ: កូន​ផ្សោត​ញី​ ១ ​ក្បាល​ត្រូវបាន​ក្រុម​ឆ្មាំ​ទន្លេ​នៃ​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំ​ពី​ប្រទះ​ឃើញ​ងាប់​អណ្ដែត​ទឹក​តាម​ដង​ទន្លេមេគង្គ​កាលពី​រសៀល​ថ្ងៃ​​ទី​ ២៤ ខែមេសា ឆ្នាំ ​២០២២ នៅ​​ក្នុង​ភូមិសាស្ត្រ ឃុំ​សំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ​។

លោក សៅ ស៊ីនឿន សមាជិក​សហគមន៍​នេសាទ​សំបុក​ដែល​បាន​ចូលរួម​នៅក្នុង​ក្រុម​ឆ្មាំ​ទន្លេ​នៃ​តំបន់​អភិរក្ស​អន្លង់ផ្សោត​កាំពី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥ ខែមេសា​ថា​កាលពី​រសៀល​ថ្ងៃអាទិត្យ​ ខណៈ​កំពុង​ល្បាត​ឃ្លាំមើល និង​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​ចំណុច​ស្រះ​ត្រពាំង ផ្នែក​ខាងលើ​អន្លង់​កាំ​ពី​ប្រមាណ​ ១០០ ​ម៉ែត្រ​ក្នុងភូមិ​សាស្ត្រ ឃុំ​សំបុក ស្រុក​ចិត្របុរី ក្រុមការងារ​របស់លោក​ក៏បាន​ប្រទះឃើញ​កូនផ្សោត​ញី ​១​ ក្បាល​ងាប់ អណ្ដែត​ទឹក​នៅ​ចំណុច​នោះ ហើយ​ក៏បាន​ស្រង់​មក​ដាក់​លើ​ទូក​នាំយក​ទៅឱ្យ​ក្រុមមន្ត្រី​ជំនាញ​នៃ​អង្គការ WWF-Cambodia ពិនិត្យ​កោសល្យវិច័យ ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការ​ងាប់​របស់​កូន​ផ្សោត​នោះ​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​យើង​ស្រង់​សព​កូន​ផ្សោត​នោះមក យើង​ពិនិត្យ​មិនឃើញ​មាន​ស្លាកស្នាម​របួស​អ្វី​នៅលើ​ដងខ្លួន​របស់​វា​នោះទេ ហើយ​​ក៏​មិនឃើញ​មាន​កម្ទេច​សរសៃមង​ជាប់​នៅ​ផ្នែក​ណាមួយ​នៃ​ព្រុយ​ខ្នង និង​កន្ទុយ​របស់​វា​ដែរ​។ ដូច្នេះ​យើង​មិនដឹងថា តើ​វា​ងាប់​ដោយសារតែ​មូលហេតុ​អ្វី​ឡើយ​»​។

ចំណែក​លោក ម៉ុក ពន្លក នាយ​ខណ្ឌ​ជលផល​ក្រចេះ​បាន​​ប្រាប់​ឱ្យដឹងថា កូន​ផ្សោត​ញី​ ១​ ក្បាល​នោះ មាន​ទម្ងន់​ ១៣ ​គីឡូក្រាម ហើយ​វា​ទើបនឹង​កើត​បាន​ប្រមាណ​ ១ ​សប្ដាហ៍​ ឬ​ ១០ ​ថ្ងៃ​ប៉ុណ្ណោះ ។ លោក​ថា ដោយសារ​ពុំ​ឃើញ​មាន​ស្នាមរបួស ​ឬ​ស្នាម​ជាប់​មង​គួរឱ្យ​កត់សម្គាល់​នោះ​ក្រុមមន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF-Cambodia បាន​សន្និដ្ឋាន​ក្នុង​ជំហាន​ដំបូង​ថា កូន​ផ្សោត​ ១ ​ក្បាល​នេះ ទំនងជា​បាន​រង​ការបំពាន ឬ​ការរំខាន​​ណាមួយ​ពី​ផ្សោត​ឈ្មោល​ដែលជា​បា​របស់​វា​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​​ការពិត យើង​បាន​ពិនិត្យ​ហើយ មិនឃើញ​មាន​ស្លាកស្នាម​ជាប់​មង​ ឬ​រងរបួស​អ្វីដែល​គួរឱ្យ​កត់សម្គាល់​នោះឡើយ​។ យើង​សង្ស័យ​វា​ងាប់​ដោយសារ​ចរិត​បំពាន​របស់​ផ្សោត​ឈ្មោល​ ព្រោះ​ចរិត​នៃ​ធម្មជាតិ​របស់​សត្វ​ផ្សោត នៅពេលដែល​កូន​ផ្សោត​កើតមក​ម្ដងៗ​សត្វ​ផ្សោត​ឈ្មោល​តែងតែ​ច្រណែន ហើយ​​ខាំ​បោក ឬ​តាម​បង្ក​ការរំខាន​​ផ្សេងៗ​»​។

ថ្វីដ្បិត​យ៉ាង​ដូច្នេះ​ក្ដី នៅពេលនេះ សព​កូន​ផ្សោត​ញី​ ១ ​ក្បាល​នោះ​ត្រូវបាន​ក្រុមមន្ត្រី​អង្គការ WWF-Cambodia រក្សាទុក​នៅ​ទីស្នាក់ការ​របស់ខ្លួន​ក្នុង​ខេត្តក្រចេះ​ ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ​ផ្នែក​កោសល្យ​វិច្ចយ​វិទ្យាសាស្ត្រ​​មក​ធ្វើ​កោសល្យ​វិច្ចយ​រក​មូលហេតុ​នៃ​ការ​ងាប់​ពិតប្រាកដ​របស់​វា​ជា​បន្តទៀត​។

យោងតាម​ទិន្នន័យ​ដែល​ទទួលបាន​ពី​រដ្ឋបាល​ជលផល​មានកូន​ផ្សោត ​២ ​ក្បាល ត្រូវបាន​កត់ត្រា​ថា បានកើត​ថ្មី​និង​មានជីវិត​រស់នៅក្នុង​ឆ្នាំ​ ២០២២ ​នេះ​។ ​កូន​ផ្សោត​ទើប​កើត​ទី ​១ ត្រូវបាន​ប្រទះឃើញ​នៅ​ព្រឹក​ថ្ងៃទី​ ៧ ខែមីនា ខណៈ​វា​កំពុងតែ​ហែល​លេង​ក្នុង​ទឹកទន្លេ​មេគង្គ​ជាមួយ​នឹង​ហ្វូង​ផ្សោត​តូច​​ធំ​ចំនួន​ ៨​ ក្បាល នៅ​អន្លង់​កោះផ្តៅ​ក្នុងស្រុក​សំបូរ​ខេត្តក្រចេះ​។ ​ចំណែក​កូន​ផ្សោត​ទី​ ២ ត្រូវបាន​ប្រទះឃើញ​នៅ​ថ្ងៃទី​ ២២ ខែ​មេសា ខណៈ​វា​កំពុង​ហែល​ទឹក​លេង​ជាមួយ​សត្វ​ផ្សោត​ធំៗ​​ចំនួន​ ៩ ​ក្បាល​ទៀត នៅក្នុង​ដែន​ជម្រក​ធម្មជាតិ​នៃ​អន្លង់​សត្វ​ផ្សោត​កាំពី​ក្នុង​ខេត្តក្រចេះ​។

សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវ​បាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​។ ​លទ្ធផល​នៃ​ជំរឿន​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ឆ្នាំ​ ២០២០ ដោយ​រដ្ឋបាល​ជលផល និង​អង្គការ WWF បានបង្ហាញ​ថា​មាន​សត្វ​ផ្សោត​ចំនួន​ត្រឹមតែ​ ៨៩​ ក្បាល​ប៉ុណ្ណោះ​ដែល​កំពុង​រស់នៅ​ក្នុង​ទន្លេមេគង្គ​កម្ពុជា​៕

វីដេអូ៖