មណ្ឌលគិរីៈ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានណែនាំដល់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃស្រែពករកទីតាំងសមរម្យសម្រាប់បង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃដែលអាចឈានដល់ការបង្កើតសួនសត្វព្រៃសម្រាប់បម្រើដល់ភ្ញៀវទេសចរមើលកម្សាន្ត។ នេះបើតាមការឱ្យដឹងពីលោក ជាក់ ម៉េងហ៊ាង អភិបាលរង និងជាអ្នកនាំពាក្យខេត្តមណ្ឌលគិរី។
លោក ជាក់ ម៉េងហ៊ាង បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៥ ខែមេសាថា ក្នុងពេលជួបជាមួយមន្ត្រីបរិស្ថានក្នុងដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី ២៤ មេសា លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានណែនាំដល់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃស្រែពក រកមើលទីតាំងសមរម្យដើម្បីបង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃក្នុងតំបន់ និងធ្វើឱ្យក្លាយជាសួនសត្វព្រៃបម្រើដល់ភ្ញៀវទេសចរ។
អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរីបានឱ្យដឹងទៀតថា លោកអភិបាលខេត្តបានណែនាំឱ្យមន្ត្រីជំនាញបរិស្ថានជ្រើសរើសប្រភេទសត្វ ដែលអាចបន្តពូជបានសមស្របលក្ខខណ្ឌជីវសាស្ត្រ តាមលក្ខណៈបច្ចេកទេសអាចជាប្រភេទសត្វដែលកំពុងបាត់បង់ ឬជាសត្វជិតបាត់បង់ ដោយឱ្យសហការជាមួយអង្គការ WWF ដើម្បីធ្វើយ៉ាងណាឱ្យពូជសត្វព្រៃដែលបង្កាត់នោះកើតច្រើនឡើង។
លោកថ្លែងថា៖ «យើងជួយជំរុញវាឱ្យកើតច្រើន អានេះជាគោលបំណងរបស់អភិបាលខេត្តបាទ។ ក្នុងហ្នឹងគាត់បានណែនាំថាឱ្យយើងព័ទ្ធដីដែលមានធ្វើជារបងហើយយើងបង្កាត់ពូជសត្វអីផ្សេងៗអ៊ីចឹងទៅ។ ឧបមាថាដី ១០០ ហិកតា ឬ ២០០ ហិកតា អ៊ីចឹងទៅ យើងហ៊ុមរបងឱ្យសត្វវាចូលមកនៅ ដើម្បីភ្ញៀវទេសចរចូលទស្សនាជាកញ្ចប់ទេសចរណ៍»។
លោក ជាក់ ម៉េងហ៊ាង បានបន្តថា គោលបំណងបង្កើតឱ្យមានស្ថានីយបង្កាត់ពូជសត្វព្រៃក្នុងដែនជម្រកសត្វព្រៃស្រែពកនេះ ដោយសារមានផ្លូវជាតិលេខ ៧៦ ល្អស្អាត ងាយស្រួលធ្វើដំណើរ ហើយទីនោះទៀតសោតមានព្រៃរបោះ និងដើមឈើមានទិដ្ឋភាពស្រស់បំព្រងអំណោយផលដល់ការរស់នៅរបស់សត្វព្រៃ។
លោក សេង ទៀក នាយកប្រចាំប្រទេសនៃមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជាប្រាប់ ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៥ ខែមេសាថា អង្គការ WWF កំពុងរៀបចំផែនការឱ្យច្បាស់លាស់ និងពិនិត្យមើលផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន ដើម្បីបង្កើនពូជសត្វព្រៃនៅខេត្តមណ្ឌលគិរីសម្រាប់គោលដៅទេសចរណ៍ធម្មជាតិ។
លោកថ្លែងថា៖ «យើងកំពុងពិនិត្យមើលជារួមទៅលើទីតាំងដែលត្រូវបង្កើតឡើងជាតំបន់មួយដែលអាចការពារកុំឱ្យមានការបរបាញ់ ដាក់អន្ទាក់ ចាប់សត្វព្រៃជាដើម។ ដើម្បីឱ្យវាអាចបន្តពូជនៅក្នុងដែនមួយដែលមានសុវត្ថិភាពបំផុត ហើយសត្វព្រៃមួយចំនួនក៏យើងធ្វើការជាមួយខាងបច្ចេកទេសយកវាទៅដាក់នៅដែនសុវត្ថិភាពនោះដើម្បីការពារឱ្យបានគង់វង្ស»។
លោក សុខ វិជ្ជា អ្នកស្រាវជ្រាវជីវចម្រុះនៅកម្ពុជាថ្លែងនៅថ្ងៃទី ២៥ ខែមេសាថា លោកគាំទ្រដល់ការបង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃនេះ ព្រោះតាមការសង្កេតជាក់ស្តែងសត្វព្រៃកាន់តែបាត់បង់ទៅដោយកត្តាជាច្រើនដូចជាការទន្ទ្រានដីកសិកម្ម និងការអភិវឌ្ឍមួយចំនួន។
លោកថ្លែងថា៖ «ប្រសិនបើយើងមានជាកន្លែងបង្កាត់ពូជក៏ដូចជា កន្លែងលែង ចិញ្ចឹមវានៅក្នុងព្រៃធម្មជាតិ ដោយមានការថែរក្សា អភិរក្សឱ្យបានល្អ ខ្ញុំគិតថា វាអាចជាសញ្ញាមួយល្អ ដែលជួយកុំឱ្យពូជសត្វព្រៃទាំងនោះឈានទៅរកការផុតពូជ»។
លោក សុខ វិជ្ជា ប្រាប់ថា ការបង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃគឺជាការចូលរួមចំណែកថែរក្សាធនធានធម្មជាតិបានមួយផ្នែកដោយសារការហ៊ុមព័ទ្ធកំណត់ទីតាំងច្បាស់លាស់នឹងគ្មានអ្នកទន្ទ្រានផ្តេសផ្តាសឡើយ។ លោកថា ការរក្សាសត្វព្រៃឱ្យរស់នៅស្របតាមធម្មជាតិនោះ អ្នកជំនាញតែងយកចិត្តទុកដាក់ពិនិត្យពីកត្តាជីវសាស្ត្របានត្រឹមត្រូវតាមប្រភេទសត្វទើបសត្វអាចរស់នៅ និងបន្តពូជបានច្រើន និងយូរអង្វែង។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា ការដែលគាត់បង្កើតនៅតំបន់ហ្នឹងប្រហែលជាគាត់ភាគច្រើន គាត់ធ្វើទៅលើសត្វដែលមាននៅក្នុងតំបន់ហ្នឹងព្រោះយើងអត់អាចយកសត្វពីតំបន់ផ្សេងៗទៅដាក់នៅតំបន់ហ្នឹងបានទេ ដោយសារតែលក្ខណៈជីវសាស្ត្ររស់នៅរបស់វាខុសគ្នា»៕