មណ្ឌលគិរីៈ ប្រជាសហគមន៍ជាង ១៦ ០០០ នាក់ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរីបានផ្លាស់ប្តូរមុខរបរទាំងស្រុងពីការកាប់ព្រៃឈើ និងបរបាញ់សត្វ ងាកមកដាំដំណាំ និងចិញ្ចឹមសត្វវិញតាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ រៀបចំដោយស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធ។
គម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើពិពិធកម្មកសិអេកូឡូស៊ី និងការគ្រប់គ្រង នេះមានពេល ៦ ឆ្នាំរៀបចំ ដោយមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជា (WWF) ផ្តល់ហិរញ្ញប្បទានដោយប្រទេសអាល្លឺម៉ង់ និងមានកិច្ចសហការពីស្ថាប័នជំនាញ គឺក្រសួងបរិស្ថាន ដែលគ្រប់គ្រងលើតំបន់ធម្មជាតិនៅតំបន់នោះ។
នៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយបញ្ចប់គម្រោងកាលពីថ្ងៃទី ២៦ ខែមេសា លោក សេង ទៀក នាយកប្រចាំប្រទេសនៃមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជា បានថ្លែងថា គម្រោងនេះ គឺបានជួយច្រើនទៅលើការពង្រឹងជីវភាពរបស់មូលដ្ឋាន ជាពិសេសសហគមន៍ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃចំនួន ២ គឺដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច។
លោកថា៖ «បើពិនិត្យជារួមសហគមន៍ ដែលបានទទួលផលប្រយោជន៍ជាង ១៦ ០០០ នាក់នៅក្នុងតំបន់នោះសឹងតែ ២០ ភាគរយនៅក្នុងចំនួនប្រជាជនខេត្តមណ្ឌលគិរី ហើយគិតពីក្នុងស្រុកដែលប្រជាជនរស់នៅសឹងតែ ៥០ ភាគរយ ដែលទទួលបានផល»។
គម្រោងនេះជួយច្រើនដើម្បីកាត់បន្ថយភាពក្រីក្រជាពិសេសកាត់បន្ថយទៅលើសម្ពាធការប្រើប្រាស់ធនធានធម្មជាតិ ដូចជាការបរបាញ់សត្វព្រៃ ការកាប់ទន្ទ្រានដីព្រៃ ឬព្រៃឈើជាដើម។
លោកបន្តថា៖ «ពីមុនគាត់ជាអ្នកកាប់ឈើ បរបាញ់សត្វហើយបច្ចុប្បន្ននេះ គាត់បោះបង់ចោលការងារនោះទាំងស្រុង ងាកមកដាំដំណាំ ស្ពៃក្តោប ខាត់ណា ខ្ទឹមបារាំង ដាំម្រេច ធ្វើស្រែ ការចិញ្ចឹមសត្វ និងការប្រមូលអនុផលពីធនធានធម្មជាតិ ដែលធ្វើឱ្យចំណូលកើនឡើង»។ លោកថា មូលហេតុដែលជ្រើសរើសខេត្តមណ្ឌលគិរីសម្រាប់អនុវត្តគម្រោងនេះដោយយល់ឃើញថា នៅខេត្តមណ្ឌលគិរី សម្បូរទៅដោយធនធានធម្មជាតិ ហើយបេសកកម្មរបស់ WWF ផ្តោតសំខាន់លើធនធានធម្មជាតិ ដែលជំរុញឱ្យមានការប្រើប្រាស់អ្រាស័យផលលើធនធានធម្មជាតិ។
លោកបញ្ជាក់ថា៖ «ដោយសារខេត្តនេះនៅមានព្រៃច្រើន មិនទាន់ត្រូវរងការខូចខាតធ្ងន់ធ្ងរ ហើយសម្បូរដែនជម្រកសត្វព្រៃច្រើនជាពិសេស គឺជនជាតិដើមភាគតិចរស់នៅតំបន់នោះពឹងអាស្រ័យលើធនធានធម្មជាតិតែម្តង អ៊ីចឹងការបង្កើនជីវភាពរស់នៅរបស់គាត់ ធ្វើឱ្យគាត់មានទឹកចិត្តចូលរួមជួយគ្រប់គ្រងធនធានធម្មជាតិ»។
លោកបានឱ្យដឹងថា គម្រោងនេះនឹងបិទបញ្ចប់នៅថ្ងៃទី ៣០ មេសា ឆ្នាំ ២០២២ ហើយ WWF នឹងមានគម្រោងថ្មីមួយទៀត ដែលជាជំនួយពីខាងរដ្ឋាភិបាលអាល្លឺម៉ង់ដដែល ដើម្បីជួយបន្តលើគម្រោងដែលជោគជ័យនេះ ហើយនឹងយកមេរៀននេះទៅអនុវត្តលើគម្រោងផ្សេងទៀតនៅតាមបណ្តាខេត្តនានា។
លោក សេង ទៀក ឱ្យដឹងថា តាមរយៈគម្រោងនេះបានជួយបណ្តុះបណ្តាលជាបច្ចេកទេស ចងក្រងជាសហគមន៍ផ្តល់ជាជំនួយកញ្ចប់ថវិកាប្រចាំឆ្នាំ កសាងសមត្ថភាព រៀបចំផែនការគ្រប់គ្រង និងផែនការល្បាតឱ្យមានប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា៖ «គម្រោងនេះ ជួយហិរញ្ញប្បទានខ្នាតតូចជាប្រាក់ ១០ ០០០ ទៅ ១៥ ០០០ ដុល្លារក្នុង ១ ឆ្នាំៗ ដើម្បីឱ្យគាត់អនុវត្តផែនការឱ្យគាត់ចូលរួមវិភាគទានក្នុងការការពារតំបន់ដែនជម្រកសត្វព្រៃបានផ្តល់ផលប្រយោជន៍ដល់គាត់ ជួយសម្របសម្រួលស្វែងរកទីផ្សារ។ យើងសុំតែម្យ៉ាងពីគាត់ មិនឱ្យគាត់ចូលព្រៃដើម្បីបរបាញ់សត្វ ឬកាប់ព្រៃឈើ ហើយលក្ខខណ្ឌនេះគាត់បំពេញបានទាំងអស់»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក រ័ត្ន វិរៈ បានគាំទ្រចំពោះគម្រោងនេះ និងស្វាគមន៍ចំពោះគម្រោងផ្សេងៗពាក់ព័ន្ធការអភិរក្សធនធានធម្មជាតិ ដែលជាផ្នែកមួយដល់ការបង្កើនចំណូលក្នុងសហគមន៍។ បន្ថែមពីនេះ ការអភិរក្សព្រៃឈើក៏ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរ ដែលរាជរដ្ឋាភិបាលបានកំណត់ជាប៉ូលអាទិភាពក្នុងការអភិវឌ្ឍ និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ។
លោកថា៖ «យើងកំពុងផ្តោតលើវិស័យអេកូទេសចរណ៍ កិច្ចការទាំងអស់នេះស្របតាមការកំណត់ជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងកែលម្អស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសជីវភាពបងប្អូនដែលជាប្រជាសហគមន៍រស់នៅក្នុងតំបន់ធម្មជាតិ ឃើញវឌ្ឍនភាពប្រសើរច្រើន»។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាលោក Christian Berger បានថ្លែងថា តំបន់ទេសភាពប៉ែកខាងកើតនៃប្រទេសកម្ពុជា គឺជាតំបន់ដ៏ធំមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាតំបន់មួយមានជីវចម្រុះ មានប្រភេទសត្វជិតផុតពូជជាច្រើន ដូចជាដំរី ក្រពើ បក្សី ដែលជាសត្វកម្រ ហើយមាននៅតំបន់នោះ។
លោកថា៖ «ដូចនេះការធ្វើឱ្យសង្គមរបស់យើងប្រើប្រាស់នូវធនធានធម្មជាតិឱ្យបានក្នុងលក្ខខណ្ឌបែបនេះ គឺយើងគិតថា ជាការងារសំខាន់ដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីមនុស្សជំនាន់ក្រោយរបស់យើង»។
លោក យុទ្ធ គិ អាយុ ៤០ ឆ្នាំ ជាប្រជាសហគមន៍រស់នៅឃុំសុខសាន្ត ស្រុកកោះញែក បានថ្លែងថា តាមរយៈគម្រោងនេះពិតជាបានធ្វើឱ្យជីវភាពគ្រួសាររបស់លោក និងអ្នកភូមិដទៃទៀតមានភាពប្រសើរជាងមុនពិសេសនោះទទួលបានចំណេះដឹងពីសារប្រយោជន៍នៃព្រៃឈើ។
លោកបន្តថា គម្រោងនេះជួយកាត់បន្ថយភាពក្រីក្រដល់សមាជិកក្នុងភូមិយើង ដើម្បីរកប្រាក់ចំណូល បន្ទាប់បន្សំក្នុងគ្រួសារ តាមរយៈការធ្វើស្រែ និងចិញ្ចឹមសត្វគោ ក្របី មាន់ ទា និងជ្រូក។
លោកថា៖ «ពីមុនមានអ្នកចូលព្រៃបាញ់សត្វ និងកាប់ព្រៃច្រើន តែឥឡូវយើងទទួលបានការបណ្តុះបណ្តាល និងផ្សព្វផ្សាយ យើងបានយល់ពីសារៈសំខាន់នៃព្រៃសហគមន៍ ហើយកំពុងបានទទួលផលពីព្រៃសហគមន៍ដូចជាការរកផ្សិត និងវល្លិ៍ផ្សេងៗយកទៅលក់»៕