ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានជំរុញឱ្យស្ថាប័នរដ្ឋ និងឯកជននៅទូទាំងប្រទេស គួរតែបង្កើតឱ្យមានទីតាំង ឬបន្ទប់សម្រាប់ស្ត្រីបំបៅកូនដោយទឹកដោះ និងទារកដ្ឋាន ដើម្បីជាការជួយសម្រួលដល់ស្ត្រីជាម្តាយអាចបន្តបំបៅដោះកូនបាន បើទោះបីជាពួកគាត់វិលមកកាន់កន្លែងធ្វើការវិញក៏ដោយ។
លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងទើបតែចាប់ផ្តើមឱ្យមានដំណើរការបន្ទប់បំបៅដោះកូន និងទារកដ្ឋាន ដែលមានដំបូង គឺនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយសារការបារម្ភពីការមិនមានអ្នកមើលថែទាំកូន បន្ទាប់ពីពួកគាត់វិលចូលធ្វើការវិញ ក្រោយពេលសម្រាលមាតុភាពរួច។
លោកស្រីបានប្រាប់ថា៖ «ការបង្កើតឱ្យមានកន្លែងបំបៅដោះកូន និងទារកដ្ឋាននៅតាមទីកន្លែងធ្វើការ យើងសង្ឃឹមថា ស្ត្រីយើងនឹងមានភាពងាយស្រួលជាងមុន និងមកបំពេញការងារបានជាប់លាប់ ហើយក៏លែងបារម្ភពីកូនផងដែរ។ មួយវិញទៀតក៏អាចនឹងកាត់បន្ថយនូវអវត្តមានរបស់បុគ្គលិកដែរ»។
បើតាមមន្ត្រីសុខាភិបាលរូបនេះ ក្រសួងកំពុងចាប់ផ្តើមអនុវត្តជាបណ្តើរៗ ហើយគ្រោងនឹងពង្រីកទៅតាមទីកន្លែងផ្សេងៗទៀតដែលអាចនឹងត្រូវការរយៈពេល ៥ ទៅ ៦ ខែ ឬ ១ ឆ្នាំទៀត។
លោកស្រី ប្រាក់ សោភ័ណនារី បញ្ជាក់ថា៖ «ជាគោលដៅរបស់យើង យើងចង់ឱ្យគ្រប់ស្ថាប័ន គ្រប់កន្លែងធ្វើការទាំងអស់ មិនថាតែរោងចក្រ ក្រុមហ៊ុន អង្គការ ឬគ្រឹះស្ថាន សហគ្រាសធំតូចទេ គឺយើងចង់ឱ្យមានបន្ទប់បំបៅដោះកូន និងទារកដ្ឋាននេះគ្រប់កន្លែងទាំងអស់ ដើម្បីងាយស្រួល និងបង្កលទ្ធភាពឱ្យស្រី្តមានកូនតូចមកបំពេញការងារទៀងទាត់ និងរីករាយ»។
ទោះយ៉ាងណា លោកស្រីមិនទាន់អាចផ្តល់បានទេថា មកដល់ពេលបច្ចុប្បន្ន មានកន្លែងបំបៅដោះកូន និងទារកដ្ឋានប៉ុន្មាននៅឡើយទេ នៅទូទាំងប្រទេស។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចប្រជុំកំពូលពិភពលោក នាទីក្រុងតូក្យូកាលពីខែធ្នូ ឆ្នាំ ២០២១ ស្តីពីអាហារូបត្ថម្ភដើម្បីកំណើន ក្នុងការកាត់បន្ថយអត្រាក្រិសក្រិនឱ្យចុះមកត្រឹមតែ ១៩% និងបង្កើនអាត្រាការបំបៅដោះកូនតែមួយគត់ ចាប់ពីកើតដល់អាយុ ៦ ខែឱ្យបាន ៨៥% នៅត្រឹមឆ្នាំ ២០៣០។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានរៀបចំយុទ្ធសាស្ត្រមួយហៅថា «យុទ្ធសាស្ត្រប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតា ទារក និងកុមារតូចនៅកម្ពុជា» ដែលមានគោលបំណងលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភសុខភាព និងសុខុមាលភាពរបស់ស្ត្រី និងកុមារកម្ពុជាតាមរយៈការអនុវត្តទម្លាប់ល្អៗក្នុងការចិញ្ចឹមទារក និងកុមារតូច ដែលមានលក្ខណៈល្អប្រសើរបំផុត។
លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងកាលពីថ្ងៃទី ២២ ខែមេសាថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងការចិញ្ចឹមទារក និងកុមារ គឺជាបញ្ហាអន្តរវិស័យតម្រូវឱ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការអន្តរាគមន៍ និងការវិនិយោគក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ ទឹកស្អាត និងអនាម័យ គ្រប់គ្រងធនធានទឹក គាំពារសង្គម យេនឌ័រ និងវិស័យពាក់ព័ន្ធនានា។
លោកថ្លែងថា៖ «រីឯការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ដើម្បីអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យ និងអន្តរវិស័យខាងលើ គឺជាកត្តាចាំបាច់ ដើម្បីដោះស្រាយភាពស្មុគស្មាញនៃឫសគល់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់»៕