ភ្នំពេញៈ ត្រឹមតែរយៈពេលជាង ១ ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី ២៥ ខែមេសា ឆ្លងចូលថ្ងៃទី ២៦ ខែមេសា មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលកុមារឈឺជាង ២ ៣០០ នាក់ ដែលនេះ ជាចំនួនដ៏ច្រើនមិនធ្លាប់មាន ក្រោយពីរយៈពេល ២ ឆ្នាំនៃការរាតត្បាតដោយជំងឺកូវីដ ១៩។
តាមរបាយការណ៍មូលនិធិគន្ធបុប្ផា បានឱ្យដឹង នាព្រឹកថ្ងៃទី ២៦ ខែមេសាថា៖ «កុមារឈឺចំនួន ២ ៣០៣ នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ កុមារមានជំងឺធ្ងន់ៗចំនួន ៣៥៨ នាក់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ»។
បើតាមរបាយការណ៍ កុមារមានជំងឺចំនួន ១ ៤៣០ នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ ឯកុមារចំនួន ៦៥ នាក់ត្រូវបានទទួលការវះកាត់។ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ឬហៅថា គន្ធបុប្ផាទី ៣ ស្ត្រីមានផ្ទៃពោះចំនួន ៣៨៧ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ៤៧ នាក់។
កាលពីខែមីនា កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យព្យាបាលកុមារឈឺ ជាង ៣៧ ០០០ នាក់ ខណៈកុមារមានជំងឺធ្ងន់ៗជាង ៥ ៤០០ នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ។
របាយការណ៍បានឱ្យដឹងថា ក្នុងខែមុននេះ កុមារមានជំងឺគ្រុនឈាមចំនួន ៤៧ នាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឯកុមារជាង ១ ៣០០ នាក់ ត្រូវបានទទួលការវះកាត់។ កុមារចំនួន ៦៦ នាក់បានទទួលការវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានី-ភ្នំពេញ និងខេត្តសៀមរាប។
របាយការណ៍បានបន្តថា នៅខែមីនាដដែលនេះ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ស្ត្រីមានផ្ទៃពោះជាង ៥ ៤០០ នាក់បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានជាង ១ ៤០០ នាក់។
ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងមន្ត្រីនៃមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសុំការបញ្ជាក់បន្ថែមបានទេ កាលពីថ្ងៃទី ២៦ ខែមេសា។
ទំព័រហ្វេសប៊ុក Dr. Beat Richner បានបញ្ជាក់នាថ្ងៃទី ២៥ ខែមេសាថា ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ នាថ្ងៃទី ២៥ ខែមេសា បានជួយព្យាបាលក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់មកពីខេត្តប៉ៃលិន ដោយសាររលាកសួតធ្ងន់ធ្ងរ និងពិបាកដកដង្ហើម ដោយជោគជ័យ ដែលត្រូវព្យាបាលដោយប្រើម៉ាស៊ីនជំនួយដង្ហើម។
ហ្វេសប៊ុកដដែល បានបញ្ជាក់ កាលពីថ្ងៃទី ២២ ខែមេសា ថាក្រុមគ្រូពេទ្យថែមទាំងបានជួយព្យាបាលដោយជោគជ័យលើក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់មកពីខេត្តសៀមរាប ដែលកើតជំងឺតេតាណូស ក្រោយពីផ្លុំស្ដោះដោយគ្រូខ្មែរទៅលើកែងដៃបាក់ ដោយសារធ្លាក់ពីលើដើមឈើ។ ក្មេងប្រុសរូបនេះមកពីភូមិបាយម៉ាត ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ កាលពីខែកុម្ភៈ និងបានសម្រាកព្យាបាលអស់រយៈពេលជាង ២ ខែ ទើបកុមារអាចវិលត្រឡប់ទៅផ្ទះវិញបានកាលពីសប្តាហ៍មុន។
ជាមួយគ្នានេះផងដែរ កុមារីអាយុ ១៤ ឆ្នាំ ដែលមកពីខេត្តព្រះសីហនុក៏បានចូលមកសម្រាកនៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ដោយសារជំងឺវិបត្តិចង្វាក់បេះដូងដើរយឺត។ ក្រុមគ្រូពេទ្យបានវះដាក់ថ្មបេះដូងឱ្យចង្វាក់បេះដូងដើរបានមកធម្មតាវិញកាលពីជាង ១ សប្តាហ៍មុននេះ បានដោយជោគជ័យ។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគសរុបជាង ៤១១ លានរៀល និងជាង ១៥ ម៉ឺនដុល្លារអាមេរិកពីសប្បុរសជនជាង ២ ម៉ឺននាក់។ នេះបើតាមការប្រកាសរបស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីពាក់កណ្តាលខែមីនា។
ក្នុងឆ្នាំ ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ១៨,៥ លានដុល្លារអាមេរិកពីប្រភពនានា ដូចជាវិភាគទានរបស់រាជរដ្ឋាភិបាលកម្រៃបានមកពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ វិភាគទានរបស់កាកបាទក្រហម និងការបរិច្ចាគរបស់សប្បុរសជនទូទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជាកាលពីខែកុម្ភៈ៕