ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងផ្សព្វផ្សាយ កម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត និងតាមរយៈទូរទស្សន៍ជាតិនៅភ្នំពេញ សម្រាប់រយៈពេល ៣៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែមេសា រហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
កម្មវិធីអប់រំម្ចាស់ឆ្នោតនេះ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតនឹងធ្វើជាវាគ្មិនឆ្លើយសំណួរមិត្តអ្នកស្តាប់រយៈពេល ១ ម៉ោងក្នុង ១ ថ្ងៃ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ គជប កាលពីថ្ងៃទី ២៥ ខែមេសា ឱ្យដឹងថា កម្មវិធីនេះគឺជាការបើកឱកាសដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត ធ្វើការស្វែងយល់ ស្រាយចម្ងល់របស់ខ្លួន និងត្រៀមខ្លួនឱ្យបានគ្រប់ៗគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។
សេចក្តីប្រកាសព័ត៌មានសរសេរថា៖ «គជប បានបង្កើតកម្មវិធីស្វែងយល់អំពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង ក្នុងស្រទាប់មហាជននៅទូទាំងប្រទេសអំពីសារៈសំខាន់នៃការបោះឆ្នោត»។
លោក សោម សូរីដា អ្នកនាំពាក្យ គជប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែមេសាថា កម្មវិធីស្វែងយល់អំពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ នេះធ្លាប់ត្រូវបានរៀបចំ និងទទួលបានជោគជ័យព្រមទាំងបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាននៅឆ្នាំ ២០១៦ ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ដែលកម្មវិធីនេះ មានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឱ្យបានយល់ដឹងនូវកិច្ចការមួយចំនួនទាក់ទងទៅនឹងការបោះឆ្នោត។
លោកថ្លែងថា៖ «យើងប្រើប្រាស់មធ្យោបាយជាវិទ្យុ និងទូរទស្សន៍តាម ២៥ រាជធានី-ខេត្ត ព្រោះជាមធ្យោបាយមួយដ៏ល្អ និងមានភាពងាយស្រួល ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ការបោះឆ្នោតខាងមុខ»។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែមេសាថា កម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ របស់ គ.ជ.ប នេះនឹងត្រូវផ្សព្វផ្សាយតាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត គឺមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ក្នុងការស្វែងយល់ពីកាតព្វកិច្ចរបស់ខ្លួន សម្រាប់ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកថ្លែងថា៖ «ខ្ញុំគិតថា ការផ្សព្វផ្សាយនេះ គឺធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែខ្ពង់ខ្ពស់ ជាពិសេស គឺពួកគាត់យល់ពីកាតព្វកិច្ច និងករណីកិច្ច ដែលខ្លួនត្រូវធ្វើក្នុងនាមប្រជាពលរដ្ឋម្នាក់ៗ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងដ៏ល្អនៅក្នុងឃុំ សង្កាត់របស់ខ្លួន»។
ជាមួយគ្នានេះដែរ នៅថ្ងៃទី ២៦ ខែមេសា គជប បានសម្រេចឯកភាពជាគោលការណ៍លើឯកសារមួយចំនួន សម្រាប់ផ្សព្វផ្សាយជាសាធារណៈ និងសម្រាប់អនុវត្តក្នុងការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យ បោះឆ្នោត (គ.ក.ប) ដើម្បីបម្រើការងារក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។ ឯកសារដែលសម្រេច រួមមាន សៀវភៅផ្នត់ (Leaflet) ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ សេចក្តីជូនដំណឹងស្តីពីការជ្រើសរើស សមាសភាពគណៈកម្មការការិយាល័យ បោះឆ្នោត (គ.ក.ប) សេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌនៃការជ្រើសរើស និងភារកិច្ចរបស់សមាសភាព គណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ស្ប៉តវីដេអូអប់រំវែងស្តីពីនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សេចក្តីជូនដំណឹងស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ សម្រាប់ផ្សព្វផ្សាយតាមម៉េក្រូចល័ត ចំនួន ៥ និងខិត្តប័ណ្ណ (Poster) ស្តីពីគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត៕